spot_img
spot_img
Homeធុរកិច្ច៦ប្រភេទនៃនិយោជិក

៦ប្រភេទនៃនិយោជិក

-

អាជីវកម្ម​នីមួយៗមាន​បុគ្គលិក​ច្រើនបែបខុសៗគ្នា។ ជួនកាល​បុគ្គលិក​ខ្លួនឯងផ្ទាល់ក៏​មិន​ច្បាស់ដែរ​ថា​ខ្លួន​ឯងស្ថិតនៅក្នុង​ប្រភេទមួយណា។ ចំពោះអាជីវកម្ម​ថ្មី​ឬអ្នក​មាន​បំណងចង់រក​ការងារ​ធ្វើ​​​ពិត​ជា​ត្រូវ​ការ​ការ​ពិចារណា​ទៅលើ​ការរើស​ប្រភេទបុគ្គលិក​​មក​បំពេញ​ការងារ​ឲ្យ​ត្រូវ​នឹង​អាជីវកម្ម​របស់ខ្លួន​ឬ​ដាក់ពាក្យ​ធ្វើការ​ឲ្យ​ស្របតាម​អ្វី​ដែលគេ​ចង់បាន។ ខាងក្រោម​នេះ​​គំនិត​នឹង​លើក​យក​​ប្រភេទ​នៃ​និយោជិក​មួយ​ចំនួន​ដែល​យើង​សង្កេតឃើញ​មាន​នៅក្នុង​បរិបទ​សង្គម​សព្វថ្ងៃ៖

#ទី១ បុគ្គលិក​ពេញ​ម៉ោង​

ពួកគេ​ជា​ប្រភេទ​បុគ្គលិក​អចិន្រៃ្តយ៍​​ដែល​តែងតែ​មក​ធ្វើការ​ជាប្រចាំ​។​ ពួកគេ​ធ្វើការ​៤០ម៉ោងឬ៤៨ម៉ោង​​​ក្នុង​មួយ​សប្តាហ៍​​អាស្រ័យ​ទៅលើ​គោលការណ៍​របស់ក្រុមហ៊ុន​គេផ្ទាល់។ ចំពោះការ​បំពេញ​ការងារ​គឺ​ពួកគេ​ធ្វើ​ទៅតាម​កិច្ច​ព្រមព្រៀង​រវាងគេ​និង​និយោជក​របស់គេដោយ​គេ​មាន​សិទ្ធិនិ ​ទំនួល​ខុសត្រូវ​​​ និង​អត្ថប្រយោជន៍​ពេញ​លេញ​ក្នុងនាម​ជាបុគ្គលិក​​ម្នាក់​។​ ម្យ៉ាង​ទៀត​វាក៏អាច​ទៅតាម​ផល​ប្រយោជន៍ ឧទាហរណ៍​បុគ្គលិក​ផ្នែកលក់ជាដើម។​

#ទី២ បុគ្គលិក​​ក្រៅ​ម៉ោង

ពួកគេក៏ជា​បុគ្គលិក​អចិន្ត្រៃយ៍​ផងដែរ​​។ ពួកគេ​ធ្វើការ​តិចជា​៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដោយគេ​អាចធ្វើ​ទៅតាម​វេន​ដែល​ក្រុមហ៊ុន​តម្រូវឲ្យ​​ឬ​តាម​​កាលៈ​ទេសៈ​​ដែល​គេ​​អាច​ធ្វើបាន។ ប៉ុន្តែ​វេន​ដែលគេ​ធ្វើការ​គឺ​ទៀងទាត់​តាម​សប្តាហ៍​នីមួយៗ​។ ប្រាក់បៀវត្ស​រ៍​ដែលគេ​ទទួលបាន​គឺប្រហែល​ជា​ពាក់កណ្តាល​នៃ​បុគ្គលិក​ពេញ​ម៉ោង​ឬអាចតិច​ឬ​ច្រើន​ជា​ង​នេះ​អាស្រ័យ​លើ​ម៉ោង​ដែល​គេ​ធ្វើការ​។ ដោយឡែក​ទំនួល​ខុសត្រូវ​ ​សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​នាម​ជា​បុគ្គលិក​គឺគេ​មាន​ប្រហាក់ប្រហែល​នឹង​បុគ្គលិក​ពេញ​សិទ្ធិ​ដែរ។

#ទី៣ បុគ្គលិក​​​ពី​ប្រភព​​ខាងក្រៅ​

ពួកគេ​​​ជា​បុគ្គលិក​ដែល​ក្រុមហ៊ុន​យកមក​ពីប្រភព​​ខាងក្រៅ​ឬ​ស្ថាប័ន​ផ្សេង​(Outsource)​ប៉ុន្តែ​មិន​មាន​ឈ្មោះ​ជា​បុគ្គលិក​របស់ក្រុមហ៊ុនទេ។ ​ក្រុមហ៊ុន​ធំៗ​​មួយ​ចំនួន​នៅ​ប្រទេស​យើង​បាន​ប្រើ​វិធី​នេះ​ចំពោះ​ដំណែង​មិន​ចាំបាច់​ខ្លះៗព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​​ដូចជា​អ្នក​បើកឡាន អ្នក​អនាម័យ​ ​សន្តិសុខ ឬCall centre​ជាដើម​ដោយ​ក្រុមហ៊ុន​ត្រូវ​បង់លុយ​ទៅឲ្យ​ស្ថាប័ន​ដែលគេ​យក​បុគ្គលិក​មក​នោះ។

#ទី៤ បុគ្គលិកបណ្តោះអាសន្ន​

ពួកគេ​អាចជា​បុគ្គលិក​ដែល​គេ​ជួលតាម​រដូវ​ឬ​តាម​​ស្ថានភាព​​របស់ក្រុមហ៊ុន។ នៅពេល​ដែល​មាន​តម្រូវការ​កើនឡើង​ដូចជា​ពេល​បុណ្យទាន រដូវ​ច្រូតកាត់ រដូវ​ប្រមូល​ផលបន្លែឬផ្លែឈើ និង​ឧស្សាហកម្ម​សាច់​ជាដើម​ក្រុមហ៊ុន​នឹង​ជួល​ពួកគេ​ដើម្បី​ធ្វើការ​និង​បញ្ចប់​ការងារ​ទៅវិញ​តាម​កិច្ចសន្យា​។ រីឯប្រាក់បៀវត្សរ៍​គឺ​ក្រុមហ៊ុនជា​អ្នក​ផ្តល់ទៅឲ្យ​ផ្ទាល់។ ជួនកាល​​ក្រុមហ៊ុន​នឹង​ជួលពួកគេ​ឡើងវិញ​នៅពេល​ដែល​រដូវ​កាល​​នោះ​ចាប់ផ្តើម​។ ម្យ៉ាងទៀត​ពួកគេ​ក៏​អាច​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​ផងដែរ​ដែល​ក្រុមហ៊ុន​រើស​យក​មក​ធ្វើការ​នៅពេល​ដែល​មាន​ព្រឹត្តិការណ៍​ណាមួយ​និង​ត្រូវការ​ចំនួន​មនុស្សច្រើន។​

#ទី៥ បុគ្គលិកជំនួយ​

ពួកគេ​ក៏អាច​ស្ថិត​ក្នុង​ប្រភេទ​នៃ​បុគ្គលិក​ពី​ប្រភព​ខាងក្រៅដែរ(Outsource)​។ ក្រុមហ៊ុន​នឹង​ជួលគេ​ជាក្រុម​ក្នុង​ករណី​​ដែល​ក្រុម​ហ៊ុន​ត្រូវការ​គេ​មួយ​រយៈដើម្បី​ឲ្យ​គេ​បំពេញ​ការងារ​លើ​គម្រោង​​ណាមួយ​ផ្តាច់មុខ​​តែម្តង​ដោយ​ទូទាត់​ថ្លៃ​ចំណាយ​និង​ពេលវេលា​រួចជាស្រេចនៅ​ក្នុង​កាលបរិច្ឆេទជាក់លាក់​ណាមួយ​​​។​ ពួកគេ​អាចជា​អ្នក​ម៉ៅការ​(Contractor)ឬ​​អ្នក​ម៉ៅការរង​(Sub-contractor)។​ ​

#ទី៦ បុគ្គលិកហាត់ការងារ​ឬចុះកម្ម​សិក្សា​

ប្រភេទ​ចុងក្រោយ​នេះ​គឺ​ជាបុគ្គលិក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​​ដើម្បី​ឲ្យ​ពួកគេ​អាចរៀន​សូត្រ​ពី​ការងារ​មុន​ពេល​ដែលគេ​​ចូលទៅបំពេញ​ការងារ​ពិតប្រាកដ។ គេអាចចូល​ធ្វើការ​​ដំបូង​រយៈពេល​៣ខែឬអាចតិច​ឬច្រើន​ជាងនេះ​អាស្រ័យ​លើ​គោលការណ៍​របស់ក្រុមហ៊ុន​។ ពួកគេ​អាច​ទទួលបាន​ប្រាក់​កម្រៃ​បន្តិចបន្តួច​ឬគ្មាន​សោះ​នៅកំឡុងពេល​ហ្វឹកហាត់ការងារ​។ ក្រោយ​ពេល​បញ្ចប់​ការចុះកម្ម​សិក្សា​ ក្រុមហ៊ុន​នឹង​​វាយ​តម្លៃ​ទៅលើ​ការ​បំពេញ​ការងារ​របស់គេ​ដើម្បី​ដឹងថា​គួរ​រើសពួកគេ​មក​ធ្វើជា​បុគ្គលិកពេញ​សិទ្ធិ​ឬអត់។

យ៉ាងណា​មិញ​អាជីវកម្ម​តែ​មួយ​ពិតមែន​តែអាចមាន​បុគ្គលិក​ច្រើន​ប្រភេទ​ខុសៗគ្នា​ទៅតាម​ស្ថានភាព​នៃ​ក្រុមហ៊ុន​នីមួយៗ។

ឯកសារយោង៖ 

Robert L. Mathis, John H. Jackson, Sean R. Valentine (2004). Human Resource Management (Chapter 4). USA, Cengage Learning.

Types of employees. (n.d.). Retrieved August 4, 2017, from www.fairwork.gov.au

Types of employee. (n.d.). Retrieved August 4, 2017, from www.employment.govt.nz

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ