បណ្តាញសង្គមគឺជាឧបករណ៍មួយដែលមានសារៈប្រយោជន៍ខ្លាំងមែនទែន ដែលមិនមែនសម្រាប់តែរក្សាទំនាក់ទំនងរវាងមិត្តចាស់ រាប់អានមិត្តថ្មី បង្កើននិងពង្រីការរកស៊ីប៉ុណ្ណោះទេ តែវាក៏ជាកន្លែងមួយដែលអ្នកអាចកសាងកេរ្តិ៍ឈ្មោះ និងម៉ាកយីហោល្អឱ្យខ្លួនឯងផងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើវេទិការនេះមិនមានការប្រុងប្រយ័ត្ននោះទេ វាអាចធ្វើអ្នកក្លាយជាជនរងគ្រោះ និងខូចឈ្មោះទៅវិញ។ ហើយថ្ងៃនេះខ្ញុំលើកយកចំណុច ៨យ៉ាងដែលអ្នកមិនគួរធ្វើនៅលើបណ្តាញសង្គម។
១. បង្ហោះសារដែលគ្រាន់តែចង់អួតគេ
អ្នកគួរចៀសវាងបង្ហោះសារណាដែលមានគោលបំណងគ្រាន់តែចង់អួតពីទ្រព្យសម្បត្តិ សម្ភារៈ ភាពមានបានរបស់ខ្លួនដើម្បីចង់ឱ្យគេសរសើរ បង្ហាញថាខ្លួនអាចចាយលុយលើទំនិញថ្លៃៗប្រេនៗ ឬចង់ឱ្យគេច្រណែនខ្លួនជាដើម។ ប្រសិនបើអ្នកមានព័ត៌មានល្អណាមួយចង់ចែករំលែកទៅកាន់មិត្តភក្តិ អ្នកអាចចែករំលែកក្នុងរូបភាពមួយដែលមានភាពសាមញ្ញ។ ចូរចៀសវៀងបង្ហោះនូវអ្វីដើម្បីគ្រាន់តែចង់បានការសរសើរ និងការច្រណែនពីអ្នកជុំវិញខ្លួនឱ្យសោះ។
២. សរសេររឿងផ្ទាល់ខ្លួនជាសាធារណៈ
ទោះបីជាអ្នកបែកបាក់ស្នេហា មានជម្លោះក្នុងគ្រួសារ ជាមួយមិត្តភក្តិឬអ្នកធ្វើការជាមួយ ចូរចៀសវាងចែករំលែករឿងរ៉ាវទាំងនេះជាសាធារណៈឱ្យសោះ។ ការផ្សព្វផ្សាយរឿងទាំងនេះមិនបានផ្តល់ផលចំណេញដល់អ្នកឡើយ ហើយធ្វើឱ្យគេកាន់តែមើលអ្នកក្នុងផ្លូវអវិជ្ជមានតែប៉ុណ្ណោះ។ ចូរគិតមុនផុសថា ប្រសិនបើអ្នកបង្ហោះសារទាំងនេះ តើមានគុណវបត្តិអ្វីខ្លះដែលអាចកើតឡើង?
៣. រិះគន់ឌឺដងគេ
តាមពិតទៅ នេះជារឿងដែលមនុស្សជាច្រើនមិនបានគិតដល់ ហើយប្រព្រិត្តិនូវកំហុសដ៏ធំមួយនេះ។ ភាគច្រើនគិតថា ការធ្វើដូចនេះដើម្បីបញ្ជាក់អ្នកគ្រប់គ្នាថាខ្លួនត្រឹមត្រូវ និងជាជនរងគ្រោះដោយបង្ហោះសារបែបឌឺដង ឬទម្លាក់កំហុសឱ្យអ្នកដទៃ។ ទោះបីជាអ្នកជាជនរងគ្រោះក៏ដោយ តែប្រសិនបើអ្នកបង្ហោះសារបែបឌឺដង និងរិះគន់គេជាសាធារណៈដូចនេះ វាគ្រាន់តែធ្វើឱ្យអ្នកគ្រប់គ្នាមានសញ្ញា “?” មួយនៅក្នុងខួរក្បាលរបស់អ្នកដទៃចំពោះអ្នក ហើយគ្រប់គ្នានិងមានការសង្ស័យថាអ្នកពិតជាជនរងគ្រោះមែន ឬគ្រាន់តែចង់លាងខ្លួនឱ្យស្អាតតែប៉ុណ្ណោះ? ហើយប្រសិនបើអ្នកប្រព្រិត្តិរឿងនេះកាន់តែញឹកញយ ម៉ាកយីហោរបស់អ្នកនឹងកាន់តែធ្លាក់ទៅវិញ ដោយគ្រប់គ្នាចាប់ផ្តើមមានជំនឿថា អ្នកគ្រាន់តែជាមនុស្សម្នាក់ដែលយកខ្លួនឯងជាធំ ហើយចូលចិត្តគិតថា មានតែខ្លួនទេទើបគិតអ្វីក៏ត្រូវ។ ហើយប្រសិនបើអ្នកជាអ្នកដឹកនាំទៀត កូនក្រុមដែលមានសមត្ថភាពរបស់អ្នកនឹងចាប់ផ្តើមធ្លាក់ទំនុកចិត្ត និងលែងជឿជាក់អ្នក។ ខ្ញុំជួបអ្នករកស៊ី និងអ្នកធ្វើការដែលមានភាពចាស់ទុំមិនតិចទេ ហើយភាគច្រើនគឺពួកគាត់មិនចូលចិត្តធ្វើការជាមួយ ឬទុកចិត្តអ្នកដែលចូលចិត្តចែករំលែកការរិះគន់ និងឌឺដងអ្នកដទៃលើទីសាធារណៈដើម្បីលើកមុខមាត់ខ្លួនឯងឡើយ។ ហើយបើអ្នកនៅមានការសង្ស័យ អ្នកអាចសួរនាំរឿងនេះទៅអ្នកដែលអ្នកគិតថាចាស់ទុំ និងមានភាពជាអ្នកដឹកនាំ ថាតើគាត់មានគំនិតយ៉ាងណាចំពោះរឿងនេះ។
៤. បង្ហោះរូបភាពផឹកស៊ីរញ៉េរញ៉ៃ
ការជប់លៀងសប្បាយគឺជារឿងដែលមិនអាចចៀសរួចក្នុងជីវិត តែអ្វីដែលអ្នកត្រូវគិត គឺត្រូវប្រុងប្រយ័ត្នការបង្ហោះរូបថតណាដែលទាញអ្នក ឬមិត្តភក្តិអ្នកទម្លាក់ទឹក ដូចជារូបភាពបែបប្រមឹក ជក់បារី ឬរូបច្រង៉េងច្រង៉ាង។ ទោះបីជាអ្នកជាមនុស្សល្អយ៉ាងណាក៏ដោយ មានសមត្ថភាពយ៉ាងណាក៏ដោយ ហើយគ្រាន់តែមានបរិយាកាសសប្បាយរីករាយម្តងម្តាល តែប្រសិនបើរូបទាំងនេះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមនោះ មនុស្សគ្រប់គ្នានឹងគិតផ្ទុយពីនេះ ហើយភាគច្រើននឹងមានគំនិតអវិជ្ជមានចំពោះអ្នក។
៥. បង្ហោះរូបភាពដែលអាក្រាត ឬស៊ិចស៊ីជ្រុល
ខ្ញុំគិតថា គ្រប់គ្នាប្រាកដជាដឹងរួចមកហើយអំពីរឿងបង្ហោះរូបភាពស៊ិចស៊ីជ្រុល ថាវាមិនល្អនោះទេ។ ប៉ុន្តែអ្វីដែលខ្ញុំចង់រំឮកបន្ថែម គឺសូម្បីតែនៅក្នុងក្រុមChatមិត្តភក្តិដែលអ្នកទុកចិត្តបំផុតក៏មិនត្រូវបង្ហោះចូលផងដែរប្រសិនបើអ្នកមិនចង់ឱ្យគេឃើញជាសាធារណៈនោះ។ ព្រោះពេលខ្លះ ការលេងសើចមួយចំនួនអាចធ្វើឱ្យអ្នកទទួលរងហានិភ័យដែលអ្នកមិនអាចស្មានដល់។
៦.រអ៊ូរទាំរឿងការងារ ឬរឿងដៃគូររកស៊ី
ទោះបីជាអ្នកថ្ងៃនោះគឺជាថ្ងៃដ៏អាក្រក់នៅក្នុងការិយាល័យធ្វើការយ៉ាងណាក៏ដោយ វាមិនមែនជារឿងល្អទេដែលអ្នករអ៊ូរទាំអំពីកន្លែងធ្វើការរបស់អ្នក ឬក៏អំពីដៃគូរការងាររបស់អ្នកនៅលើបណ្តាញសង្គម ឬអនឡាញ។ ប្រសិនបើអ្នកបង្ហោះសារបែបទាំងនេះ ច្បាស់ណាស់គ្រប់គ្នាមើលមកកាន់អ្នកអាចគិតផ្សេងពីអ្វីដែលអ្នករអ៊ូនោះ ហើយប្រសិនបើថ្នាក់លើរបស់អ្នកឃើញ ឬក៏ក្រុមហ៊ុនដទៃផ្សេងទៀតឃើញ ឬអ្នករកស៊ីផ្សេងទៀតឃើញ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលមិនគួរឱ្យទុកចិត្ត។
៧. បង្ហោះពីផែនការយុទ្ធសាស្ត្រសម្ងាត់របស់ក្រុមហ៊ុនជាសាធារណៈ
ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានគម្រោងណាមួយដែលមិនទាន់ចង់ឱ្យលេចទៅសាធារណៈ ហើយអ្នកបង្ហោះដើម្បីឱ្យគ្រប់គ្នាមានអារម្មណ៍ថាអ្នកអស្ចារ្យកំពុងតែធ្វើការលើការងារដ៏សំខាន់មួយនោះ លទ្ធផលអាចនឹងផ្ទុយស្រឡះ។ ថ្នាក់លើរបស់អ្នកនឹងលែងជឿជាក់អ្នក ដៃគូររបស់អ្នកនឹងបាត់ទំនុកចិត្ត ហើយថ្ងៃក្រោយអ្នកអាចនឹងមិនទទួលបានឱកាសលើគម្រោងដែលសំខាន់ៗទៀតឡើយ។
៨. និយាយដើម ឬវាយប្រហារគេ
ខណៈពេលដែលអ្នកគិតថាបណ្តាញសង្គមគឺជាកន្លែងដ៏មានសុវត្ថិភាពមួយសម្រាប់និយាយដើម ឬក៏វាយប្រហារដល់អ្នកធ្វើការជាមួយ អតីតសហជីវិន ឬមិត្តភក្តិភក្តិដែលគិតថាបានក្បត់អ្នក វាគឺជាគំនិតដែលអាក្រក់បំផុតដែលអ្នកបង្ហោះសារទាំងនោះ។ ធ្វើការឌឺដង ទោះបីជាលក្ខណៈប្រយោលមិនចំឈ្មោះក៏ដោយ វាអាចធ្វើឱ្យអ្នកផ្សេងទៀតយល់ច្រឡំលើអ្នក ហើយវាជាមូលហេតុគ្រប់គ្រាន់សម្រាប់មិត្តភក្តិ ឬអ្នកដែលស្គាល់អ្នក លែងទុកចិត្តអ្នក។