តាមទស្សនវិជ្ជា Machiavelli អ្នកមានអំណាចមិនត្រូវការមិត្តទេ តែត្រូវការ «ទ្រព្យ» ឬមនុស្សដែលអាចផ្តល់ផលប្រយោជន៍ដល់គេ។ បើអ្នកចង់ឈានជើងចូលទៅក្នុងរង្វង់របស់អ្នកមានអំណាច អ្នកមិនអាចគ្រាន់តែធ្វើជាមនុស្សល្អត្រឹមត្រូវនោះទេ ប៉ុន្តែអ្នកត្រូវចេះប្រើប្រាស់យុទ្ធសាស្ត្រចិត្តសាស្រ្តដ៏មុតស្រួច។ ខាងក្រោមនេះគឺជាច្បាប់ទាំង ១៣ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកមានអំណាច
១. កុំធ្វើឱ្យអ្នកមានអំណាចមានអារម្មណ៍អន់ជាង៖ កុំបញ្ចេញសមត្ថភាពខ្លាំងពេកនាំឱ្យ បុគ្គលទាំងនោះគិតថាអ្នកជាការគំរាមកំហែងដល់ឥទ្ធិពល។ ដូចនេះ អ្នកត្រូវលើកតម្កើងពួកគេជានិច្ច ទោះជាគំនិតនោះជារបស់អ្នកក៏ដោយ។
២. លាក់បាំងគោលបំណងពិត៖ កុំបង្ហាញបំណងភ្លាមៗនាំឱ្យមើលទៅអត់តម្លៃ។ ដូចនេះ អ្នកគួររក្សាភាពអាថ៌កំបាំង និងពិបាកស្មាន ដើម្បីបង្កើនភាពទាក់ទាញ និងអំណាចក្នុងការចរចា។
៣. និយាយពីផលប្រយោជន៍ជាធំ៖ កុំសុំក្តីមេត្តាដោយរៀបរាប់ទុក្ខលំបាក។ ជំនួសមកវិញ ដោយបង្ហាញថានៅពេលដែលគេជួយអ្នក នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះត្រឡប់ទៅឱ្យពួកគេវិញ។
៤. យុទ្ធសាស្ត្របាត់ខ្លួន៖ កុំបង្ហាញខ្លួន ឬឆ្លើយតបគ្រប់ពេល ព្រោះវានាំឱ្យអ្នកមើលទៅគ្មានតម្លៃ។ ដូច្នេះត្រូវចេះបាត់ខ្លួនខ្លះ ដើម្បីឱ្យពួកគេកាន់តែត្រូវការ និងឱ្យតម្លៃអ្នក។
៥. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង៖ ធ្វើត្រាប់តាមអាកប្បកិរិយា និងការនិយាយរបស់ពួកគេ ដើម្បីបង្កើតភាពស្និទ្ធស្នាល និងទំនុកចិត្តក្នុងកម្រិត subconscious ដែលធ្វើឱ្យគេមានអារម្មណ៍ថាអ្នកជាមនុស្សដូចគេ និងគួរឱ្យទុកចិត្ត។
៦. ក្លាយជាអ្នកគ្រប់គ្រងព័ត៌មាន៖ ស្វែងរក និងផ្តល់ព័ត៌មានសម្ងាត់ ឬការពិតដែលពួកគេមិនដឹង ដើម្បីក្លាយជាមនុស្សសំខាន់ដែលពួកគេខ្វះមិនបាន។
៧. ប្រើប្រាស់សត្រូវរួម៖ បង្កើតសម្ព័ន្ធភាពរឹងមាំដោយបង្ហាញថា អ្នក និងពួកគេមាន “សត្រូវរួម” ឬមិនចូលចិត្តរឿងដូចគ្នា។
៨. ដើរតួតាមការស្រមើស្រមៃ៖ គាំទ្រ និងលើកតម្កើងរូបភាពដែលពួកគេចង់ក្លាយជា (ឧ. មនុស្សមានឥទ្ធិពល ឬអ្នកមានអំណាច) ដើម្បីបំពេញអត្មានិយមរបស់ពួកគេ នោះគេនឹងការពារអ្នក។
៩. រក្សាភាពស្ងប់ស្ងាត់៖ កុំបន្ថែមសម្ពាធ តែត្រូវជាអ្នកផ្តល់ភាពស្ងប់ស្ងាត់។ ធ្វើឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពដោយធានាថា អ្នកបានចាត់ចែងបញ្ហាគ្រប់យ៉ាងហើយ។
១០. ចេះបត់បែនដូចទឹក៖ កុំប្រកាន់ចរិតរឹងត្អឹង។ ត្រូវចេះសម្របខ្លួនតាមកាលៈទេសៈ និងបរិយាកាស ដើម្បីចូលចុះជាមួយពួកគេបានយ៉ាងងាយ។
១១. បង្កើតភាពអាស្រ័យ៖ គ្រប់គ្រងកិច្ចការសំខាន់ៗដែលធ្វើឱ្យពួកគេត្រូវពឹងផ្អែកលើអ្នកទាំងស្រុង។ កុំបង្រៀនអ្វីដែលអ្នកចេះទៅគេ ដើម្បីការពារតំណែងរបស់អ្នក។
១២. គ្រប់គ្រងជម្រើស៖ កុំសួរថាត្រូវធ្វើអ្វី តែត្រូវផ្តល់ជម្រើសដែលអ្នកបានរៀបចំទុក (ដែលសុទ្ធតែផ្តល់ផលចំណេញដល់អ្នក) ដើម្បីដឹកនាំការសម្រេចចិត្តរបស់ពួកគេ។
១៣. ឯករាជ្យភាពដាច់ខាត៖ កុំបង្ហាញថាអ្នកត្រូវការពួកគេខ្លាំងពេក។ ការមានជំហររឹងមាំ និងហ៊ានដើរចេញ នឹងធ្វើឱ្យពួកគេគោរព និងចង់បានអ្នកមកវិញ។
សរុបមក ការអនុវត្តច្បាប់ទាំង ១៣ នេះមិនមែនមានន័យថាអ្នកជាមនុស្សអាក្រក់នោះទេ ប៉ុន្តែវាជាការយល់ដឹងពីធម្មជាតិរបស់មនុស្ស និងការលេងហ្គេមនៃអំណាច។ ពិភពលោកមិនមែនតែងតែយុត្តិធម៌នោះទេ ដូច្នេះការរង់ចាំឱ្យគេផ្តល់ឱកាសដោយគ្រាន់តែធ្វើជាមនុស្សល្អគឺមិនគ្រប់គ្រាន់ឡើយ។