ព្រឹកមិញ នៅ ពេលដែលខ្ញុំកំពុងតែអានសៀវភៅនៅហាងកាហ្វេមួយ មានក្មេងម្នាក់អាយុ១៨ឆ្នាំបានមកអង្គុយជិតខ្ញុំហើយសួរខ្ញុំថា “សៀវភៅនេះវាពិតជាល្អអានណាស់មែនទេបង?” បន្ទាប់មកពួកយើងទាំងពីរនាក់ក៏ចាប់ផ្តើមសន្ទនាជាមួយគ្នា។
ក្មេងនោះបានប្រាប់ខ្ញុំថា គេបានរៀបចំខ្លួនរួចជាស្រេចដើម្បីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយគេនឹងចាប់ផ្តើមជីវិតរបស់គេក្នុងសាកលវិទ្យាល័យនៅបនៅពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែគេបានប្រាប់ខ្ញុំថា “ខ្ញុំដូចជាមិនច្បាស់ថា តើខ្ញុំចង់ធ្វើអ្វីឱ្យពិតប្រាកដក្នុងជីវិតរបស់ខ្ញុំសោះ” ហើយគេក៏បន្តទៀតថា “ជីវិតខ្ញុំនៅពេលនេះដូចជាពពកកំពុងតែរសាត់អណ្តែតអញ្ចឹង”។
បន្ទាប់មកគេបានសំលឹងមកខ្ញុំជាមួយកែវភ្នែកទាំងគូរដ៏ភ្លឺថ្លា ហើយចាប់ផ្តើមសួរសំណួរមួយហើយមួយទៀតមកកាន់ខ្ញុំដូចជា៖
តើបងធ្វើកិច្ចការអ្វីដើម្បីចិញ្ចឹមជីវិត?
តើបងបានធ្វើការសម្រេចចិត្តនៅពេលណាដែរ ថាបងគិតចង់ធ្វើអ្វីនោះ?
ហេតុអ្វីក៏ជ្រើសរើសយ៉ាងដូច្នេះ ហើយមិនជ្រើសអ្វីផ្សេង?
តើបងមានដែលគិតថា បងចង់កែប្រែអ្វីដែលបងបានធ្វើពីអតីតកាលដែរឬទេ? -ល-។
ខ្ញុំខំប្រឹងឆ្លើយនូវរាល់សំណួរដែលគេបានសួរតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។ ខ្ញុំក៏បានផ្តល់នូវដំបូន្មានដ៏សម្យរមពីអ្វី ដែលខ្ញុំបានដឹង និងជួបប្រទះ។ ក្រោយការសន្ទនារយៈពេល៣០នាទី គេក៏បានអរគុណខ្ញុំ ហើយពួកយើងក៏បានបែកគ្នាត្រឹមនោះ។
នៅតាមផ្លូវត្រឡប់មកផ្ទះវិញ សំណួររបស់គេបានធ្វើឱ្យខ្ញុំនឹករលឹកដល់រឿងកាលពី ១០ឆ្នាំមុន។ខ្ញុំក៏ចាប់ផ្តើមគិតអំពីរាល់សំណួរដែលក្មេងនោះសួរមកខ្ញុំ។ បន្ទាប់មក ខ្ញុំក៏ស្រមើស្រមៃនូវរាល់អ្វីៗគ្រប់យ៉ាងដែលខ្ញុំសង្ឃឹមថានឹងមានអ្នកប្រាប់ខ្ញុំនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ។
ខ្ញុំក៏ចាប់ផ្តើមគិតបន្តទៀតហើយ គិតក្នុងចិត្តថា បើសិនជាខ្ញុំអាចត្រឡប់ទៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំនោះ ខ្ញុំនឹងផ្តល់ដំបូន្មានដល់ខ្លួនខ្ញុំអំពីបញ្ហាជីវិត។
បន្ទាប់ពីបានញ៉ាំកាហ្វេប៉ុន្មានពែង និងការសញ្ចឹងគិតរយៈពេលប៉ុន្មានម៉ោងមក ខ្ញុំបានគិតឃើញរឿង១៨យ៉ាងដែលខ្ញុំសង្ឃឹមថាមានគេបានប្រាប់ខ្ញុំនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ៖
១-ជំរុញខ្លួនឯងឱ្យប្រព្រឹត្តកំហុសឱ្យបានច្រើន៖
កំហុសបានបង្រៀនយើងនូវមេរៀនដ៏សំខាន់។ កំហុសដែលធំបំផុតដែលយើងបានប្រព្រឹត្តនោះគឺ ការមិនធ្វើអ្វីសោះ ដោយសារតែយើងមានភាពភ័យខ្លាចមានកំហុស។ ដូចនេះអ្នកមិនត្រូវស្ទាក់ស្ទើរឡើយ។ នៅ ក្នុងជីវិតរស់នៅ វាពិបាកនឹងទទួលបានឱកាសណាស់ ប៉ុន្តែផ្ទុយទៅវិញយើងត្រូវស្វះស្វែងរកឱកាសដោយខ្លួនឯង។ វាមិនប្រាកដថាអ្នកនឹងបានទួទួលជោគជ័យ១០០ភាគរយទេ ប៉ុន្តែអ្នកនឹងច្បាស់ក្នុងចិត្តថាអ្នកនឹងទទួលភាពបរាជ័យ១០០ភាគរយបើអ្នកមិនធ្វើអ្វីសោះនោះ។ ស្ទើរតែគ្រប់ពេលវេលាដែលអ្នកត្រូវធ្វើការស្វែងរកវា ហើយទោះបីជាមានអ្វីកើតឡើងក៏ដោយ លទ្ធផលចុងក្រោយគឺអ្នកបានជោគជ័យ ឬអ្នកបានទទួលបទពិសោធន៏មួយដែលជាមេរៀនមួយដែលអ្នកអាចរៀនពីវា។ ចូរចាំថា បើសិនជាអ្នកមិនសាកមើល អ្នកនឹងមិនដឹងថាលទ្ធផលចុងក្រោយទៅជាយ៉ាងណានោះទេ ហើយអ្នកនឹងឈរនៅត្រង់ចំណុចដដែលជារៀងរហូត។
[ad id=”5311″]
២-ស្វែងរកការងារដែលលំបាកតែអ្នកពេញចិត្ត៖
ប្រសិនបើខ្ញុំអាចផ្តល់ដំបូន្មានដល់ខ្លួនខ្ញុំនៅពេលដែលមានអាយុ១៨ឆ្នាំអំពី អាជីពការងារនោះ ខ្ញុំនឹងប្រាប់ខ្លួនឯងថា ខ្ញុំមិនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកទៅលើគំនិត គោលដៅ និងការណែនាំរបស់អ្នកដទៃនោះទេ។ ខ្ញុំនឹងប្រាប់ខ្លួនខ្ញុំមិនឱ្យជ្រើសរើសមុខជំនាញដោយសារតែការពេញនិយម ឬដោយយោងតាមស្ថិតិថាមុខជំនាញនោះអាចរកចំណូលបានច្រើនឡើយ ប៉ុន្តែខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា ខ្ញុំត្រូវជ្រើសរើសជំនាញណាដែលខ្ញុំពេញចិត្តទោះបីជាវាពិបាក៏ដោយ។ ដ៏រាបណាអ្នកស្គាល់ពីខ្លួនឯងច្បាស់ ហើយធ្វើនូវអ្វីដែលអ្នកពេញចិត្តនោះអ្នកនឹងអាចរកឃើញនូវភាពជោគជ័យ។ ប្រសិនបើអ្នកកំពុងតែធ្វើនូវអ្វីដែលអ្នកពេញចិត្តគ្រប់វិនាទីនោះ ទោះបីជាវាពិបាកក៏ដោយ អ្នកនឹងគិតថាវាមិនពិបាកនោះដោយសារតែក្តីស្រឡាញ់របស់អ្នកចំពោះការងារនោះ។
ប្រសិនបើអ្នកកំពុងតែធ្វើនូវអ្វីដែលអ្នកពេញចិត្តគ្រប់វិនាទីនោះ ទោះបីជាវាពិបាកក៏ដោយ អ្នកនឹងគិតថាវាមិនពិបាកនោះដោយសារតែក្តីស្រឡាញ់របស់អ្នកចំពោះការងារនោះ។
៣-ចំណាយពេលវេលា កំលាំងថាមពល និងប្រាក់កាសទៅលើខ្លួនអ្នកជារៀងរាល់ថ្ងៃ៖
នៅពេលដែលអ្នកធ្វើការវិនិយោគទៅលើខ្លួនឯងផ្ទាល់ អ្នកនឹងមិនទទួលការបរាជ័យ ហើយបន្ទាប់មក អ្នកនឹងអាចកែប្រែខ្សែជីវិតរបស់អ្នកបាន។ អ្នកនឹងទទួលលទ្ធផលសងមកវិញនូវអ្វីដែលអ្នកបានចំណាយ។ កំលាំងថាមពល ប្រាក់កាស និងការអំណត់ព្យាយាមដែលអ្នកបានចំណាយកាន់តែច្រើន នោះអ្នកក៏នឹងទទួលបានលទ្ធផលកាន់តែច្រើនតាមនោះផងដែរ។
៤- ស្វែងរកនូវគំនិតថ្មីៗ និងឱកាស៖
សារជាតិមនុស្សគឺតែងតែមានភាពភ័យខ្លាចទៅនឹងភាពបរាជ័យ និងភាពខ្មាសអៀនដែលជាចរិតធម្មជាតិ។ នៅពេលខ្លះកត្តាទាំងនេះនឹងរារាំងអ្នកមិនឱ្យអ្នកសាកល្បងនូវអ្វីដែលថ្មី។ ប៉ុន្តែអ្នកគួរតែយកឈ្នះឱ្យបាននូវភាពភ័យខ្លាចនេះដើម្បីជីវិតរ៉ុងរឿង និងបទពិសោធន៍ដ៏ល្អ។ បទពិសោធន៍ដែលអ្នកមានកាន់តែច្រើន នោះអ្នកនឹងទទួលបាននូវរឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ក៏កាន់តែច្រើនផងដែរ។ ដូច្នេះអ្នកត្រូវស្វែងរកបទពិសោធន៍ថ្មីៗក្នុងជីវិតឱ្យបានកាន់តែច្រើនកាន់តែល្អ ហើយអ្នកមិនត្រូវភ្លេចចែករំលែកបទពិសោធន៍ទាំងនោះទៅមនុស្សដែលអ្នកស្រឡាញ់នោះទេ។
៥-ចេះដប់មិនស្មើរប្រសប់មួយ៖
នៅក្នុងកីឡាការាតេដូ ខ្សែក្រវ៉ាត់ខ្មៅពិតជាអស្ចារ្យជាងខ្សែក្រវាត់ពណ៌ត្នោត។ ប៉ុន្តែ តើខ្សែក្រវ៉ាត់ពណ៌ត្នោតមើលទៅអស្ចារ្យជាងខ្សែក្រវ៉ាត់ពណ៍ក្រហមដែរឬទេ? សម្រាប់មនុស្សភាគច្រើនគិតថាវាមិនអស្ចារ្យនោះទេ។ ចូរចាំថាសង្គមរស់នៅគឺឱ្យតម្លៃខ្ពស់ទៅលើបុគ្គលណាដែលមានជំនាញ និងប៉ិនប្រសប់។ ដូច្នេះ អ្នកគួរតែចាប់យកនូវជំនាញអ្វីមួយឱ្យប្រាកដប្រជាហើយអភិវឌ្ឍជំនាញនោះឱ្យបានស្ទាត់ ជាជាងការចាប់យកជំនាញច្រើនដែលមិនអាចប្រើការបាន។ ការចាប់នូវអ្វីឱ្យពិតប្រាកដ ឬផ្តោតទៅលើអ្វីមួយឱ្យបានជាក់លាក់ អ្នកនឹងអាចក្លាយជាអ្នកជំនាញដ៏ប៉ិនប្រសប់មួយ ដែលធ្វើឱ្យអ្នកមានភាពជោគជ័យលឿនជាងការដែលចាប់ច្រើនមុខ ហើយមិនចេះអ្វីឱ្យប្រាកដមួយ។
6- មនុស្សមិនមែនជាទេវតាដែលអាចអានចិត្តរបស់អ្នកបានទេ អ្នកគួរប្រាប់ពួកគេនូវអ្វីដែលអ្នកកំពុងតែគិត៖
មនុស្សទាំងអស់នឹងមិនដឹងពីអារម្មណ៍របស់អ្នកបានទេ ដ៏រាបអ្នកមិនប្រាប់ពួកគេនោះ។ ចៅហ្វាយនាយរបស់អ្នក? គាត់ប្រាកជាមិនដឹងថា អ្នកចង់ឱ្យគាត់តម្លើងឋានៈនោះទេ បើសិនជាអ្នកមិនទាន់បានប្រាប់គាត់។ អ្នកមិនហ៊ានទៅនិយាយជាមួយនារីដ៏ស្អាតម្នាក់នោះដោយសារតែអ្នកមានភាពខ្មាស់អៀន? នារីម្នាក់នោះនឹងមិនចំណាយពេលវេលាជាមួយអ្នកបើសិនជាអ្នកមិនបានចំណាយពេលវេលាជាមួយគេទេនោះ។ នៅក្នុងជីវិតរស់នៅ អ្នកត្រូវតែមានការទំនាក់ទំនងជាមួយអ្នកដទៃហើយជារឿយៗ អ្នកត្រូវតែចាប់ផ្តើមនិយាយទៅគេជាមុន។
៧- ធ្វើការសម្រេចចិត្តឱ្យបានរហ័ស និងចាប់ផ្តើមសកម្មភាពភា្លមៗ៖
អ្នកមានជម្រើសពីរ គឺទី១អ្នកនឹងប្រញាប់ឆក់យកឱកាសដែលមានភ្លាមៗ រីឯទី២ អ្នកដ៏ទៃនឹងទទួលបាន ឱកាសនេះមុនអ្នក។ អ្នកនឹងមិនអាចផ្លាស់ប្តូរអ្វីមួយ ឬធ្វើឱ្យអ្វីមានការរីកចម្រើនដោយគ្រាន់តែអង្គុយនៅនឹងមួយកន្លែងហើយសញ្ចឹងគិត។ ចូរចាំថា ការចេះធ្វើនូវអ្វីមួយ និងកំពុងតែធ្វើនូវអ្វីមួយគឺវាមានភាពខុសស្រឡះ។ ចំណេះក្លាយទៅជាគ្មានប្រយោជន៍ប្រសិនបើគ្មានសកម្មភាពមកជាមួយ។
ចំណេះក្លាយទៅជាគ្មានប្រយោជន៍ប្រសិនបើគ្មានសកម្មភាពមកជាមួយ។
៨-ត្រូវទទួលយកការផ្លាស់ប្តូរ៖
ទោះបីជាមានស្ថានការណ៍ល្អឬអាក្រក់នៅពេលនេះក៏ដោយ ប៉ុន្តែ ស្ថានការណ៍នេះ នឹងអាចផ្លាស់ប្តូរនៅពេលអនាគត។ ដូច្នេះអ្នកត្រូវប្រឈមមុខនឹងការពិត នឹងការផ្លស់ប្តូរ ហើយត្រូវគិតថាការផ្លាស់ប្តូរនេះវាប្រាកដជាមានមូលហេតុ។
៩-មិនត្រូវខ្វល់ខ្វាយខ្លាំងពេលចំពោះអ្វីដែលអ្នកដទៃគិតចំពោះអ្នក
នៅពេលដែលខ្ញុំអាយុ១៨ឆ្នាំ ខ្ញុំបានធ្វើឱ្យគំនិតមិត្តភ័ក្តរបស់ខ្ញុំមានឥទ្ធិពលមកលើការសម្រេចចិត្តដើម្បីអានាគតជីវិតរបស់ខ្ញុំ។ ពួកគេបានធ្វើឱ្យខ្ញុំបោះបង់ចោលនូវក្តីស្រមៃ និងគោលបំណងដែលខ្ញុំតែងតែជឿជាក់ថាវានឹងអាចទៅរួច។ ១០ឆ្នាំក្រោយមកទើបខ្ញុំបានដឹងថា ខ្ញុំពិតជាឆោតមែនទែន ព្រោះថាពួកគេទាំងនោះមិនមែននៅជាមួយខ្ញុំរហូតនោះទេ។ ដូច្នេះ អ្នកមិនត្រូវឱ្យនរណាម្នាក់ក្លាយជាអ្នកសម្រេចចិត្តជំនួសអ្នកនោះទេ។ ការគិតរបស់អ្នកដទៃ និងសម្តីរបស់គេទាំងនោះគឺ វាមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អ្នកត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហើយត្រូវមានម្ចាស់ការលើខ្លួនឯង។
ការគិតរបស់អ្នកដទៃ និងសម្តីរបស់គេទាំងនោះគឺ វាមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អ្នកត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហើយត្រូវមានម្ចាស់ការលើខ្លួនឯង។
១០-ត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ៖
ការស់នៅជាមួយនឹងជីវិតដែលពោរពេញទៅដោយភាពស្មោះត្រង់នឹងធ្វើឱ្យអ្នកមានសន្តិភាពនិងភាពស្ងប់ស្ងាត់ក្នុងចិត្ត ហើយរបស់ទាំងអស់នេះគឺជាវត្ថុដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ។
១១- ធ្វើការទំនាក់ជាមួយអ្នកដទៃឱ្យបានច្រើនទាំងនៅក្នុងសាកលវិទ្យាល័យ និងកន្លែងធ្វើការ៖
អ្នកត្រូវមានទំនាក់ទំនងល្អជាមួយ ចៅហ្វាយនាយ មិត្តភ័ក្តរៀនថ្នាក់ជាមួយគ្នា សាស្រ្តាចារ្យ សមាជិកក្លឹប មិត្តរួមការងារ និងអ្នកដទៃផ្សេងៗទៀត គឺ ថាអ្នកទាំងអស់ដែលអ្នកបានជួបនឹងបានស្គាល់។ ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវធ្វើដូចនេះ? ខ្ញុំបានធ្វើការ៣កន្លែងមកហើយបន្ទាប់ពីខ្ញុំបានរៀនចប់ មហាវិទ្យាល័យ។ ហើយក្នុងចំណោមកន្លែងធ្វើការ៣នេះ ខ្ញុំធ្វើការសម្ភាសន៍ការងារតែមួយលើកប៉ុណ្ណោះជាមួយនឹងកន្លែងធ្វើការដំបូងរបស់ខ្ញុំ។ រីឯកន្លែងធ្វើការ២ផ្សេងទៀត គឺគេបានផ្តល់ការងារមកឱ្យខ្ញុំមុននឹងការសម្ភាសន៍នឹងទៅទៀត នេះគឺដោយសារតែមានការណែនាំពីអ្នកប្រធានផ្នែកជ្រើសរើសបុគ្គលិកម្នាក់ដែលខ្ញុំបានស្គាល់គាត់និងមានទំនាក់ទំនងជាមួយគាត់ជាច្រើនឆ្នាំ។ នៅពេលដែលក្រុមហ៊ុនមួយធ្វើការស្វែងរកបុគ្គលិកដើម្បីបំពេញនូវមុខតំណែងអ្វីមួយ មុនដំបូងគេនឹងធ្វើការជ្រើសរើសមនុស្សណាដែលគេស្គាល់និងទុកចិត្ត។ ប្រសិនបើអ្នកមានទំនាក់ល្អជាមួយអ្នករាល់គ្នាដែលអ្នកបានស្គាល់ មិនថាគេនោះ ជានរណានោះទេ ជីវិតការងាររបស់អ្នកនឹងពោរពេញទៅដោយឱកាស។
[ad id=”5311″]
១២-អង្គុយនៅកន្លែងស្ងាត់ម្នាក់ឯងយ៉ាងតិចឱ្យបាន១០នាទីជារៀងរាល់ថ្ងៃ៖
អ្នកគួរប្រើរយៈពេលនេះដើម្បីគិត រៀបចំគម្រោង និងធ្វើការស្រមៃ។ គំនិតច្នៃប្រឌិតរបស់អ្នកនឹងអាចលេចឡើងនៅកន្លែងណាដែលមានភាពស្ងប់ស្ងាត់។ អ្នកនឹងបានលឺនូវអ្វីដែលចិត្តរបស់អ្នកកំពុងតែគិត ហើយពេលនោះហើយជាពេលដែលអ្នកអាចរៀបចំគម្រោងជីវិតរបស់អ្នកបានយ៉ាងប្រសើរ។
១៣- រៀនសួរសំណួរឱ្យបានច្រើន៖
ការចេះសួរនូវសួរសំណួរគឺជាប្រការដ៏ល្អមួយ។ នៅពេលខ្លះ ដំណើរនៃការស្វែងរកចម្លើយគឺវាមានសារៈសំខាន់ជាងចម្លើយនោះទៅទៀត។ ចម្លើយអាចបានមកពីអ្នកដទៃ ពីពិភពនៃចំណេះដឹង និងប្រវត្តិសាស្រ្ត ឬក៏បានមកពីអព្ភន្តរញ្ញាណ និងគតិបណ្ឌិតដ៏ថ្លៃថ្លាដែលមាននៅក្នុងខ្លួនរបស់អ្នក។ ចម្លើយទាំងឡាយនឹងមិនលេចចេញមកដោយឯកឯង ប្រសិនបើអ្នកមិនអាចសួរសំណួរឱ្យបានត្រឹមត្រូវចំណុចទេនោះ។
១៤- ពេញចិត្ត និងត្រូវចេះប្រើប្រាស់នូវអ្វីដែលខ្លួនមាន៖
ជាទូទៅមនុស្សយើងគ្រប់រូបតែងតែមានការងឿងឆ្ងល់នៅពេលដែលបានប្រទះឃើញមនុស្សពិការម្នាក់កំពុងតែមានភាពសប្បាយរីករាយទាំងផ្លូវកាយនឹងផ្លួវចិត្ត។ អ្នកនឹងឆ្ងល់ ហេតុអ្វីបានជាមនុស្សពិការនោះអាចនឹងសប្បាយទៅកើតខណៈពេលដែលគេមិនមានអវយវៈ គ្រប់លក្ខណៈផងនោះ? ចម្លើយគឺងាយស្រួល គេចេះប្រើប្រាស់នូវធនធានទាំងប៉ុន្មានដែលគេមាន។ ដូច្នេះ អ្នកត្រូវពេញចិត្តនូវអ្វីដែលខ្លួនមានសព្វថ្ងៃ ហើយត្រូវចេះប្រើវាឱ្យមានប្រយោជន៍និងប្រសិទ្ធភាព។
អ្នកត្រូវពេញចិត្តនូវអ្វីដែលខ្លួនមានសព្វថ្ងៃ ហើយត្រូវចេះប្រើវាឱ្យមានប្រយោជន៍និងប្រសិទ្ធភាព។
១៥- ត្រូវចេះបន្ទាបខ្លួន និងគ្រប់គ្រងខ្លួនឯង
អ្នកត្រូវចេះ រស់នៅឱ្យបានល្អ ហើយមិនត្រូវខ្ជះខ្ជាយអ្វីៗផ្តេសផ្តាសឡើយ។ អ្នកមិនគួរចំណាយអ្វីៗដែលខ្លួនមាន ដើម្បីគ្រាន់តែអួតប្រាប់អ្នកដទៃ ហើយមិនគួរគិតថាសេចក្តីសុខគឺអាចវាស់បានតាមរយៈរបស់របរ ទ្រព្យសម្បត្តិ និងការចំណាយនោះទេ។ ត្រូវចេះគ្រប់គ្រងប្រាក់កាសឱ្យបានល្អ ហើយ មិនត្រូវ ឱ្យប្រាក់គ្រប់គ្រងអ្នកបានវិញនោះទេ។
១៦- ត្រូវចេះគោរពអ្នកដទៃ និងធ្វើឱ្យគេគិតតែផ្លួវល្អចំពោះអ្នក៖
អ្នកត្រូវចេះគោរពមនុស្សដែលនៅជុំវិញខ្លួនអ្នកមិនថាអ្នកនោះចាស់ ឬក្មេង មានឋានៈខ្ពស់ជាង ឬទាបជាងអ្នកឡើយ ។ គ្មានខណ្ឌសីមាណាដែលបានបែងចែកមនុស្សជាក្រុមថា ក្រុមនេះអ្នកគួរតែគោរព រីឯក្រុមមួយទៀតអ្នកមិនត្រូវគោរពនោះទេ និយាយរូមអ្នកត្រូវគោរពមនុស្សដែលជុំវិញអ្នកទាំងអស់ឱ្យបានស្មើរៗគ្នា។ ការចេះជួយជ្រោមជ្រែង យកអាសា និងនែនាំនរណាម្នាក់ឱ្យឆ្ពោះទៅ រកផ្លូវល្អ នឹងធ្វើឱ្យអ្នកដ៏ទៃគោរពកោតខ្លាចអ្នក ហើយវាគឺ ជាកាដូរដ៏ល្អមួយនៅក្នុងឆាកជីវិត។ ត្រូវចងចាំថា មុននឹងចង់ឱ្យអ្នកដទៃធ្វើល្អចំពោះអ្នក អ្នកគួរតែធ្វើល្អចំពោះគេជាមុនសិន។
ត្រូវចងចាំថា មុននឹងចង់ឱ្យអ្នកដទៃធ្វើល្អចំពោះអ្នក អ្នកគួរតែធ្វើល្អចំពោះគេជាមុនសិន។
១៧-ធ្វើអ្វីៗដោយមានការប្រុងប្រយ័ត្ននិងធ្វើឱ្យបានល្អ៖
វាជាការខាតបង់កម្លាំងឥតអំពើ និងគ្មានន័យអ្វីឡើយ ប្រសិនបើអ្នកធ្វើអ្វីមួយមិនត្រឹមត្រូវទេនោះ។ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើអ្វីមួយឱ្យបានល្អប្រសើរ មិនថានៅកន្លែងការងារឬនៅទីណានោះទេ។ ការធ្វើដូចនេះគឺដើម្បីកសាងកតិ្តយស និងកេរ្តិ៍ឈ្មោះរបស់អ្នកដែលវាគឺជាស្ពាននាំទៅរកភាពជោគជ័យ និងភាពរុងរឿង។
១៨- ត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត៖
អ្នកត្រូវជ្រើសរើសផ្លូវដើរណាមួយដែលអ្នកពេញចិត្ត ដោយផ្អែកលើជំនឿជាក់លើខ្លួនឯង។ អ្នកខ្លះគេកើតមកដើម្បីក្លាយទៅជាតន្ត្រីករ ដើម្បីបំពេរអារម្មណ៍មនុស្សទូទៅជាមួយនឹងបទភ្លេងដ៏លន្លង់លន្លោច។ អ្នកខ្លះទៀតកើតមកដើម្បីក្លាយជាកវីតែងកំណាព្យ ដែលមានជំនាញក្នុងការតែងកំណាព្យកាព្យធ្លោងដើម្បីរៀបរាប់អំពីអ្វីមួយយ៉ាងពិរោះជក់ចិត្ត។ អ្នកខ្លះកើតមកដើម្បីធ្វើជាសហគ្រិន ដែលមានជំនាញបង្កើតនូវឱកាស និងភាពរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម។ រួចចុះអ្នកវិញ? ទោះបីជាអ្នកចង់ធ្វើអ្វីក៏ដោយក្នុងឆាកជីវិតរបស់អ្នក អ្នកគួរគប្បីជ្រើសរើសធ្វើអ្វីដែលអ្នកពេញចិត្ត និងចូលចិត្តធ្វើ។ អ្នកមិនគួរខ្ជះខ្ជាយពេលវេលាដើម្បីកើតមកគ្រាន់តែបំពេញក្តៃស្រម៉ៃ និងបំនងរបស់អ្នកដ៏ទៃប៉ុណ្ណោះនោះទេ។
សរុបសេចក្តីមក អ្នកត្រូវតែញញឹមរាល់ពេលដែលអាច ត្រូវចេះសូមទោសនៅពេលដែលអ្នកគួរធ្វើ។ ឆាកជីវិតមនុស្សខ្លីមែន ប៉ុន្តែវាអស្ចារ្យណាស់។ អ្នកត្រូវតែចេះប្រើពេលវេលានេះឱ្យបានល្អ។