Home ទូទៅ រឿងសំខាន់ ៣ យ៉ាងដែលអ្នកគួរត្រៀមដើម្បីរៀបចំជីវិតសម្រាប់ឆ្នាំថ្មី

រឿងសំខាន់ ៣ យ៉ាងដែលអ្នកគួរត្រៀមដើម្បីរៀបចំជីវិតសម្រាប់ឆ្នាំថ្មី

ឆ្នាំថ្មីប្រៀបដូចជាសៀវភៅសរសេរទំព័រថ្មីមួយ។ ដើម្បីកុំឱ្យឆ្នាំថ្មីរបស់អ្នកមានសភាពដដែលៗដូចឆ្នាំចាស់ អ្នកមិនអាចគ្រាន់តែ “សង្ឃឹម” ថាវានឹងល្អនោះទេ តែអ្នកត្រូវ “ត្រៀមលក្ខណៈ”។ នេះជារឿងធំៗ ៣ យ៉ាងដែលអ្នកត្រូវរៀបចំទុកជាមុន មុននឹងឆ្នាំថ្មីចូលមកដល់៖

១. សរុបមេរៀនឆ្នាំចាស់ និងគូស «ផែនទី» សម្រាប់ឆ្នាំថ្មី
កុំចូលឆ្នាំថ្មីដោយគ្មានទិសដៅ។ មនុស្សភាគច្រើនបរាជ័យតាំងពីខែមករា ព្រោះពួកគេដាក់គោលដៅធំពេក តែគ្មានផែនការច្បាស់លាស់។ ដូចនេះអ្វីដែលត្រូវធ្វើ គឺអ្នកត្រូវចំណាយពេលអង្គុយស្ងៀមម្នាក់ឯង ហើយសួរខ្លួនឯងថា “តើឆ្នាំនេះមានរឿងអ្វីខ្លះដែលខ្ញុំធ្វើបានល្អ? ហើយរឿងអ្វីខ្លះដែលខ្ញុំបរាជ័យ? ហេតុអ្វី?”។ ថែមពីនេះដាក់ផែនការ កំណត់គោលដៅធំចំនួន ៣ សម្រាប់ឆ្នាំក្រោយ (ឧទាហរណ៍៖ រឿងលុយ រឿងការងារ រឿងសុខភាព)។ល។

២. ត្រៀម «ប្រព័ន្ធការពារហិរញ្ញវត្ថុ»
សេដ្ឋកិច្ចមិនទៀងទាត់ទេ ដូច្នេះសុខភាពហិរញ្ញវត្ថុរបស់អ្នកត្រូវតែរឹងមាំ។ កុំរង់ចាំទាល់តែដាច់លុយទើបរកវិធីដោះស្រាយ។ ដូចនេះអ្នកគួរមាន មូលនិធិសង្គ្រោះបន្ទាន់ ព្យាយាមសន្សំឱ្យបានយ៉ាងតិច ៣ ទៅ ៦ ខែនៃចំណាយប្រចាំខែរបស់អ្នក រៀបចំផែនការសងបំណុល និងរៀនបែងចែកលុយដោយ អនុវត្តរូបមន្ត ៥០% ចំណាយចាំបាច់, ៣០% ចំណាយតាមចិត្ត, ២០% សន្សំ/វិនិយោគ។

៣. «អាប់ដេត» ខ្លួនឯង (Upgrade Yourself)
ឆ្នាំថ្មី តម្រូវការទីផ្សារក៏ថ្មី បច្ចេកវិទ្យាក៏ថ្មី។ បើអ្នកនៅប្រើជំនាញដដែលៗដែលអ្នកចេះតាំងពី ៥ ឆ្នាំមុន អ្នកអាចនឹងត្រូវគេដណ្ដើមការងារ ឬបាត់បង់ឱកាស។ ដូចនេះអ្នកគួរតែថែសុខភាពរាងកាយឱ្យបានល្អ រៀនជំនាញថ្មីឧទាហរណ៍៖ ការប្រើប្រាស់ AI, ភាសាទី ៣, ឬជំនាញលក់ និងបង្កើនទំនាក់ទំនងល្អៗឱ្យបានច្រើន។

ការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី មិនមែនចាំបាច់រង់ចាំដល់ថ្ងៃទី ១ ខែមករា នោះទេ។ ពេលវេលាដែលល្អបំផុតដើម្បីចាប់ផ្តើម គឺ «ថ្ងៃនេះ»។ សូមកុំគ្រាន់តែចង់បាន “ឆ្នាំថ្មី” តែត្រូវធ្វើខ្លួនឱ្យក្លាយជា “មនុស្សថ្មី” ដែលមានវិន័យជាងមុន ឆ្លាតជាងមុន និងរឹងមាំជាងមុន។