នៅក្នុងជីវិតរបស់មនុស្សគ្រប់រូបដែលមានភាពវឹកវរ វាងាយនឹងជាប់ក្នុងភាពចលាចល ហើយបុគ្គលមួយចំនួនបានមើលរំលងនូវរឿងមូលដ្ឋានដែលជាការផ្តល់តម្លៃមកកាន់ខ្លួនគេម្នាក់ៗ។ ខាងក្រោមនេះជារឿងសំខាន់ៗចំនួន 4 ដែលអ្នកមិនគួរភ្លេចក្នុងការរក្សាលំនឹងជីវិត និងមានន័យ៖
1. តម្លៃខ្លួនឯង៖ មិនថាមានរឿងអ្វីកើតឡើងទេ កុំភ្លេចគុណតម្លៃដែលខ្លួនមាន។ នៅក្នុងពិភពលោកដែលជំរុញគំនិតនៃភាពហុឺហារ ឬការរត់ដេញតាមស្តង់ដារសង្គមឥតឈប់ឈរតាមរយៈសមិទ្ធផល និងទ្រព្យសម្បត្ដិ វាងាយនឹងធ្វើឱ្យអ្នកបាត់បង់ការមើលឃើញថាខ្លួនអ្នកពិតជានរណា។ សូមចងចាំថាតម្លៃរបស់អ្នកមិនអាស្រ័យលើស្តង់ដារសង្គមខាងក្រៅដែលកំណត់នោះទេ ប៉ុន្តែបានមកពីខាងក្នុងតាមរយៈចិត្តគំនិតរបស់ខ្លួនអ្នកផ្ទាល់។
2. សុខភាព៖ សុខភាពគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតដែលលុយមិនអាចទិញបាន ជីវិតអ្នកនឹងងាយស្រួលនៅពេលដែលអ្នកមានសុខភាពល្អ។ ប៉ុន្តែបើអ្នកគ្មានសុខភាពផ្លូវកាយ និងផ្លូវចិត្តទេ អ្វីផ្សេងទៀតមិនសំខាន់នោះទេ ព្រោះថាបើអ្នកមានសុខភាពទើបអាចសម្រេចកិច្ចការងារផ្សេងៗបានទៅតាមសេចក្តីប្រាថ្នារបស់អ្នក។ ដូចនេះ អ្នកត្រូវផ្តល់អាទិភាពដល់ការថែទាំខ្លួនឯង មិនថាតាមរយៈការហាត់ប្រាណ ការញ៉ាំអាហារដែលមានជីវជាតិ សម្រាកឱ្យបានគ្រប់គ្រាន់ និយាយជារួមគឺធ្វើយ៉ាងណាឱ្យរាងកាយ និងផ្លូវចិត្តរបស់អ្នកមានសុខភាពល្អ។
3. ទំនាក់ទំនង៖ កុំភ្លេចអំពីសារៈសំខាន់នៃទំនាក់ទំនងដ៏មានអត្ថន័យឱ្យសោះ មិនថាវាជាគ្រួសារ មិត្តភ័ក្តិ ឬដៃគូនោះទេ ការមានទំនាក់ទំនងទាំងនេះវាពិតជាបានបន្ថែមតម្លៃដែលមិនអាចកាត់ថ្លៃបានដល់ជីវិតរបស់អ្នក។ ដូចនេះ អ្នកត្រូវវិនិយោគទៅលើមនុស្សដែលនាំមកនូវភាពវិជ្ជមាន និងការគាំទ្រក្នុងជីវិតរបស់អ្នក ដែលធ្វើឱ្យអ្នកកាន់តែរីកចម្រើន។
4. ការដឹងគុណ និងសេចក្តីសប្បុរស៖ នៅក្នុងជីវិតដ៏មមាញឹករបស់មនុស្សយើង បុគ្គលមួយចំនួនអាចនឹងងាយស្រួលក្នុងការមើលរំលងនូវរឿងតូចតាច។ ដូចនេះហើយអ្នកត្រូវរំលឹងខ្លួនឯងត្រូវរៀនរីករាយចំពោះអ្វីអ្នកបានឆ្លងកាត់ ដែលវាផ្តល់នូវបទពិសោធន៍ជីវិត និងមេរៀនឱ្យអ្នកកាន់តែយល់ដឹងបន្ថែមពីរសជាតិជីវិតរបស់មនុស្សម្នាក់ៗ។ អ្វីដែលសំខាន់ទៀតនោះគឺ កុំភ្លេចដឹងគុណចំពោះអ្វីដែលអ្នកមាន កាលណាអ្នករីករាយចំពោះអ្វីដែលអ្នកមាន វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកស្កប់ស្កល់ និងគ្រប់គ្រាន់។ ស្រដៀងគ្នានេះដែរ គឺអ្នកត្រូវមានសេចក្តីសប្បុរសទាំងចំពោះខ្លួនឯង និងអ្នកដទៃតាមរយៈការចែកចាយសេចក្តីអំណរ និងជួយអ្នកដទៃនៅពេលគេជួបនូវគ្រាអាស្នន។ល។
តាមរយៈការប្រកាន់ខ្ជាប់នូវសេចក្តីពិតទាំងបួននេះ អ្នកនឹងកសាងជីវិតដែលចាក់ឫសដោយសេចក្តីស្រឡាញ់ សុខភាព មានជីវិតមួយដែលអ្នករីករាយ ពេញចិត្ត និងស្កប់ស្កល់ចំពោះអ្វីដែលអ្នកមាន។