មិនថាអាជីវកម្ម ឬការងារគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវាជារបរចញ្ចឹមជីវិតសម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ប៉ុន្តែទោះបីជាវាសំខាន់យ៉ាងណាក៏ដោយអ្នកត្រូវបែងចែកពេលវេលាផ្ទាល់ខ្លួន និងការបំពេញការងារឱ្យមានតុល្យភាព។ កាលណាជីវិត និងការងារមានតុល្យភាពវានឹងធ្វើឱ្យអ្នកធ្វើវាប្រកបដោយគុណភាព និងមិនងាយបោះបង់នោះទេ ប៉ុន្តែបើអ្នកមិនបានចាត់ចែកឱ្យមានតុល្យភាពនោះទេ វានឹងធ្វើឱ្យអ្នកងាយហត់នឿយ និងចង់បោះបង់។
ដូចនេះ ដើម្បីអាចបែងចែកផ្នែកទាំងពីរនេះមានតុល្យភាព ចូរអ្នកអនុវត្តនូវជំហានខាងក្រោមនេះ៖
1. កំណត់ព្រំដែន៖ កំណត់ម៉ោងការងារ និងពេលសម្រាកឱ្យបានច្បាស់លាស់ នៅពេលអ្នកស្ថិតក្នុងម៉ោងដែលត្រូវបំពេញកិច្ចការ នោះអ្នកផ្តោតលើវាតែមួយបានហើយ បន្ទាប់មកដល់ពេលវេលាត្រូវសម្រាកអ្នកត្រូវសម្រាកដើម្បីជៀសវាងការរំខានលាយឡំការងារនឹងរឿងផ្សេងៗឥតឈប់ឈរ។
2. កំណត់អាទិភាពកិច្ចការ៖ មើលថាតើមាននៅសល់កិច្ចការងារណាខ្លះដែលអ្នកត្រូវធ្វើ និងរកមើលថាតើការងារមួយណាដែលចាំបាច់ត្រូវសម្រេចវាមុន។ នៅពេលដែលអ្នករកឃើញថាកិច្ចការងារណាសំខាន់ដែលត្រូវតែសម្រេចវាឱ្យហើយ វាធ្វើឱ្យអ្នកអាចគ្រប់គ្រងពេលវេលាបាន ដោយផ្តោតលើកិច្ចការដែលមានអាទិភាពខ្ពស់ និងធានាថាអ្នកកំពុងធ្វើការប្រកបដោយប្រសិទ្ធភាព។
3. សម្រាក៖ កំណត់ពេលសម្រាកអំឡុងពេលថ្ងៃរបស់អ្នក។ ការសម្រាករយៈពេលខ្លីអាចជួយបង្កើនផលិតភាពរបស់អ្នក និងកាត់បន្ថយភាពតានតឹង។
4. បង្កើតពេលវេលាសម្រាប់ខ្លួនឯង៖ ពេលទំនេរពីការងារដូចជាចុងសប្តាហ៍ អ្នកត្រូវយកពេលវេលាទាំងនោះមកធ្វើអ្វីដែលអ្នកចូលចិត្តដូចជា ហាត់ប្រាណ ឬសម្រាកលំហែកាយ។ល។ ការវិនិយោគលើសុខុមាលភាពរបស់អ្នកនឹងជួយអ្នកឱ្យមានការផ្តោតអារម្មណ៍ និងមានថាមពលសម្រាប់ជីវិត។