ការកសាងទំនាក់ទំនងដ៏រឹងមាំ គឺមិនមែនទាមទារពេលវេលាយូរនោះទេ តែទាមទារភាពឆ្លាតវៃក្នុងការប្រើប្រាស់ភាពវៃឆ្លាតផ្នែកអារម្មណ៍។ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃបានលឿន អ្នកត្រូវធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបានគេយល់និងឲ្យតម្លៃ។ ខាងក្រោមនេះជា ៤ វិធីសាស្រ្តដែលជួយអ្នកកសាងទំនាក់ទំនងបានយ៉ាងឆាប់រហ័ស៖
១. ស្ដាប់ដោយយកចិត្តទុកដាក់ និងបង្ហាញការយល់ចិត្ត
មនុស្សគ្រប់គ្នាចង់មានអារម្មណ៍ថាត្រូវបានគេស្តាប់ពិតប្រាកដ។ នេះគឺជាអាវុធសម្ងាត់ដ៏ខ្លាំងក្លាបំផុតក្នុងការកសាងទំនាក់ទំនង។ ត្រូវអនុវត្ត ការស្តាប់ដោយយកចិត្តទុកដាក់ (Active Listening)។ សួរ “ហេតុអ្វី?” ឬ “តើអ្នកមានអារម្មណ៍យ៉ាងណា?” ហើយនិយាយរំលឹកឡើងវិញនូវចំណុចសំខាន់ៗដែលពួកគេបាននិយាយ ដើម្បីបញ្ជាក់ថាអ្នកបានយល់ច្បាស់។
២. រកចំណុចរួម
មនុស្សមានទំនោរជឿជាក់លើអ្នកដែលពួកគេយល់ថាមានលក្ខណៈស្រដៀងនឹងខ្លួនឯង។ ការរកឃើញចំណុចរួមណាមួយអាចបំបែករបាំងរវាងអ្នកបានភ្លាមៗ។ ដូចនេះអ្នកគួរព្យាយាមស្វែងរកចំណាប់អារម្មណ៍រួម (ដូចជាចំណូលចិត្ត ទីកន្លែងកំណើត ឬបញ្ហាប្រឈមក្នុងអាជីព)។ ការរកឃើញចំណុចរួម គឺជាការបើកទ្វារទំនាក់ទំនង។
៣. ប្រើភាសាកាយវិការបើកចំហរ
ភាសាកាយវិការរបស់អ្នកកំណត់ពីរបៀបដែលអ្នកដទៃយល់ឃើញអ្នកក្នុងរយៈពេលប៉ុន្មានវិនាទីដំបូង។ កាយវិការវិជ្ជមាន ផ្តល់សញ្ញាថាអ្នកជាមនុស្សដែលគួរទុកចិត្ត។ អំឡុងពេលសន្ទនាអ្នកគួររក្សា ទំនាក់ទំនងភ្នែក ដែលសមរម្យ ស្នាមញញឹម និងជៀសវាងការឱបដៃ (ដែលបង្ហាញពីការមិនមានទំនុកចិត្ត)។
៤. ផ្តល់តម្លៃដោយភាពស្មោះត្រង់
ទំនាក់ទំនងដ៏រឹងមាំគឺចាប់ផ្តើមពីការផ្តល់ឲ្យ មិនមែនការទទួលនោះទេ។ ការផ្តល់តម្លៃ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើតចំណងទំនាក់ទំនង។ ដូចនេះអ្នកគួរផ្តល់ជំនួយ ផ្តល់នូវគន្លឹះមានប្រយោជន៍ ឬណែនាំឲ្យពួកគេស្គាល់នរណាម្នាក់ដែលអាចជួយពួកគេបាន។ ការធ្វើបែបនេះធ្វើឲ្យអ្នកត្រូវបានគេមើលឃើញថាជាមនុស្សដែលមានតម្លៃ។
សរុបមក ការកសាងទំនាក់ទំនងបានលឿន គឺស្ថិតនៅលើភាពស្មោះត្រង់ និង ការយល់ចិត្ត។ ការអនុវត្តវិធីទាំង ៤ នេះជាប់លាប់ នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលងាយស្រួលទាក់ទងក្នុងគ្រប់កាលៈទេសៈទាំងអស់។