spot_img
spot_img
Homeទូទៅ៥ កំហុសឆ្គងដែលធ្វើឱ្យអ្នកស្ដាប់ធុញទ្រាន់ អំឡុងពេលសន្ទនា

៥ កំហុសឆ្គងដែលធ្វើឱ្យអ្នកស្ដាប់ធុញទ្រាន់ អំឡុងពេលសន្ទនា

-

ហេតុអ្វីបានជាមនុស្សខ្លះនិយាយទៅមានគេស្ដាប់ ចំណែកឯខ្លះទៀតនិយាយទៅគេធុញ? អាថ៌កំបាំងមិនមែននៅត្រង់ពាក្យសម្ដីឡើយ ប៉ុន្តែគឺនៅត្រង់ “កំហុស” ៥ យ៉ាងដែលអ្នកកំពុងធ្វើដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាកំហុស ៥ យ៉ាងដែលមនុស្ស ៩៩% តែងតែធ្វើ និងរបៀបកែតម្រូវដើម្បីក្លាយជាអ្នកនិយាយដ៏ទាក់ទាញ៖

១. មើលរំលងអ្នកស្តាប់ៈ គឺការដែលអ្នកនិយាយវែងអន្លាយ បែកមែកធាងមិនចំគោលដៅ ឬខ្វះព័ត៌មានលម្អិតសំខាន់ៗដែលធ្វើឱ្យអ្នកស្តាប់វង្វេង។ ដើម្បីដោះស្រាយ មុននិយាយត្រូវសួរខ្លួនឯងថា៖ “តើព័ត៌មានអ្វីខ្លះដែលចាំបាច់បំផុត?” និង “តើអ្វីជាចំណុចសំខាន់មួយគត់ដែលខ្ញុំចង់ឱ្យគេទទួលបាន?”។

២. អួតតែពីភាពជោគជ័យៈ ការនិយាយតែពីលទ្ធផលល្អ ឬភាពអស្ចារ្យរបស់ខ្លួនឯង ដោយមិនបង្ហាញពីការលំបាក ឬការតស៊ូនៅពីក្រោយ។ ការធ្វើបែបនេះធ្វើឱ្យគេមិនអាចផ្សារភ្ជាប់អារម្មណ៍ជាមួយអ្នកបាន។ ចងចាំថា៖ “មនុស្សមិនភ្ជាប់ទំនាក់ទំនងជាមួយភាពជោគជ័យរបស់អ្នកទេ គេភ្ជាប់ទំនាក់ទំនងជាមួយការតស៊ូរបស់អ្នក”។

៣. ចែករំលែក “មេរៀន” កុំចែករំលែក “ការឈឺចាប់”៖ កុំនិយាយពីបញ្ហាដែលអ្នកកំពុងតែឈឺចាប់ ព្រោះវាធ្វើឱ្យអ្នកស្ដាប់មានសម្ពាធត្រូវមកលួងលោមអ្នក។ ផ្ទុយទៅវិញ ចូរនិយាយពីបទពិសោធន៍ដែលអ្នកបានជម្នះរួចហើយ ដើម្បីផ្ដល់ជាមេរៀន និងកម្លាំងចិត្តដល់អ្នកដទៃ។

៤. ធ្វើឱ្យរឿងទាំងមូលនិយាយតែពីខ្លួនឯង៖ កំហុសធំបំផុតគឺការនិទានរឿងដែលអ្នកស្ដាប់រកចំណុចពាក់ព័ន្ធនឹងពួកគេមិនឃើញ។ រឿងដែលទាក់ទាញត្រូវមានតុល្យភាពរវាង៖ បទពិសោធន៍របស់អ្នក (ដើម្បីឱ្យគេស្គាល់អ្នក), ចំណុចរួមរបស់ពួកគេ (ចំណុចដែលពួកគេអាចទាក់ទងបាន) និង តម្លៃមេរៀន (ដើម្បីឱ្យគេយកទៅប្រើបាន)។ ចូរធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថា ពួកគេគឺជាតួអង្គម្នាក់នៅក្នុងរឿងរបស់អ្នកដែរ។

៥. ប្រដៅ ជំនួសឱ្យការចែករំលែក៖ កុំធ្វើខ្លួនដូចជា អ្នកចេះដឹងគ្រប់រឿងដែលចាំតែប្រដៅគេឱ្យធ្វើនេះធ្វើនោះ។ ផ្ទុយទៅវិញ អ្នកគួរប្រើរឿងរ៉ាវរបស់អ្នកដើម្បីជះឥទ្ធិពល ឬផ្តល់ជាគំនិតជំនួសវិញ ព្រោះគ្មាននរណាម្នាក់ចូលចិត្តស្តាប់ការទេសនានោះទេ។

ជារួម មនុស្សស្ដាប់អ្នក មិនមែនដើម្បីចង់ដឹងថាអ្នកអស្ចារ្យប៉ុណ្ណាទេ តែដើម្បីចង់ដឹងថា ពាក្យសម្ដីរបស់អ្នកជួយឱ្យជីវិតពួកគេប្រសើរឡើងដោយរបៀបណាប៉ុណ្ណោះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ