ជីវិតដែលនឹងធឹងមិនមែនមានន័យថាជីវិតដែលគ្មានការប្រែប្រួលនោះទេ ប៉ុន្តែជាជីវិតដែលអ្នកមានមូលដ្ឋានគ្រឹះរឹងមាំដើម្បីទប់ទល់នឹងរាល់ការប្រែប្រួលទាំងអស់។ ការរៀបចំផែនការនេះ គឺគ្របដណ្តប់លើទាំងហិរញ្ញវត្ថុ ផ្លូវចិត្ត និងទំនាក់ទំនង។
ខាងក្រោមនេះជាផែនការសំខាន់ៗដែលអ្នកគួរត្រៀម៖
១. ផែនការហិរញ្ញវត្ថុដែលធានានូវសន្តិសុខ
ស្ថិរភាពហិរញ្ញវត្ថុគឺជាខ្នងបង្អែកនៃជីវិតដែលនឹងធឹង។ អ្នកត្រូវកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដែលអាចទប់ទល់នឹងវិបត្តិ។ ដូចនេះអ្នកត្រូវមានប្រាក់សន្សំបម្រុងទុកសម្រាប់ចំណាយប្រចាំថ្ងៃ យ៉ាងតិច ៦ ខែ។ មូលនិធិនេះនឹងការពារអ្នកពីការជំពាក់បំណុលនៅពេលមានបញ្ហាបន្ទាន់។ ថែមពីនេះអ្នកត្រូវមានផែនការច្បាស់លាស់ដើម្បីបង់ផ្តាច់បំណុលដែលមានការប្រាក់ខ្ពស់។ ពីព្រោះកាលណាអ្នកមានបំណុលកាន់តែតិច ធ្វើឲ្យអ្នកមានសេរីភាពផ្នែកផ្លូវចិត្តកាន់តែច្រើន។ មិនតែប៉ុណ្ណោះត្រូវបង្កើតប្រភពចំណូលច្រើនមុខ កុំពឹងផ្អែកតែលើប្រាក់ខែមួយមុខ។ ការមានចំណូលបន្ថែម ឬចំណូលអកម្មនឹងការពារអ្នកនៅពេលដែលប្រភពចំណូលចម្បងរបស់អ្នកជួបបញ្ហា។
២. ផែនការអភិវឌ្ឍជំនាញឥតឈប់ឈរ
ស្ថិរភាពក្នុងអាជីពគឺកើតចេញពីសមត្ថភាពក្នុងការសម្របខ្លួន។ ការវិនិយោគលើខ្លួនឯង គឺជាការធានារ៉ាប់រងដ៏ល្អបំផុតប្រឆាំងនឹងការបាត់បង់ការងារ។ អ្នកត្រូវកំណត់គោលដៅរៀនជំនាញថ្មីៗដែលត្រូវនឹងតម្រូវការទីផ្សារ និងត្រូវកសាងជំនាញទន់ដូចជា ជំនាញទំនាក់ទំនង ការដោះស្រាយបញ្ហា និងភាពបត់បែន គឺជាជំនាញដែលទីផ្សារត្រូវការជានិច្ច ហើយមិនចេះហួសសម័យ។
៣. ផែនការថែទាំសុខភាព និងផ្លូវចិត្ត
ជីវិតដែលនឹងធឹង ក៏ទាមទារឱ្យមានផ្លូវចិត្តមួយដែលល្អ និងសុខភាពកាយរឹងមាំ។ ដូចនេះអ្នកគួរបង្កើតទម្លាប់សុខភាពដូចជា ត្រូវមានវិន័យលើការគេង (គេងឲ្យបាន ៧-៨ ម៉ោង) ការហាត់ប្រាណទៀងទាត់ និងរបបអាហារល្អ។ ថែមពីនេះត្រូវចេះគ្រប់គ្រងអារម្មណ៍ដូចជា ការអនុវត្តការដកដង្ហើមវែងៗ ឬការសមាធិខ្លីៗជាប្រចាំ ដើម្បីកាត់បន្ថយភាពតានតឹង។
៤. ផែនការកសាងទំនាក់ទំនងដ៏រឹងមាំ
ទំនាក់ទំនងដែលមានសុខភាពល្អ គឺជាប្រព័ន្ធគាំទ្រដ៏សំខាន់បំផុតនៅពេលអ្នកមានវិបត្តិនៅក្នុងជីវិត។ ដូចនេះអ្នកគួរវិនិយោគលើគ្រួសារនិងមិត្តភក្តិ ដោយចំណាយពេលវេលាប្រកបដោយគុណភាពជាមួយមនុស្សជាទីស្រឡាញ់។ លើសពីនេះ កសាងបណ្តាញអាជីពដូចជា មានអ្នកណែនាំ (Mentor) និងមិត្តរួមអាជីវកម្មដែលអាចផ្តល់យោបល់នៅពេលអ្នកត្រូវការការសម្រេចចិត្តសំខាន់ៗ។
សរុបមក ជីវិតដែលនឹងធឹងមិនមែនជាគោលដៅដែលត្រូវទៅដល់នោះទេ ប៉ុន្តែជា ប្រព័ន្ធនៃការត្រៀមខ្លួន។ ការអនុវត្តផែនការទាំងនេះជាប់លាប់នឹងផ្តល់ឲ្យអ្នកនូវការគ្រប់គ្រង ភាពរឹងមាំ និងសន្តិភាពក្នុងចិត្តដើម្បីទប់ទល់នឹងរាល់ការផ្លាស់ប្តូរទាំងអស់ក្នុងជីវិត។