ការរក្សាអតិថិជនចាស់ គឺចំណាយតិចជាងការរកអតិថិជនថ្មី។ ដូចនេះដើម្បីធ្វើឱ្យអតិថិជនត្រឡប់មកគាំទ្រអាជីវកម្មអ្នកម្តងហើយម្តងទៀត អ្នកត្រូវបង្កើតបទពិសោធន៍ដ៏ល្អឥតខ្ចោះ និងកសាងទំនាក់ទំនងដ៏រឹងមាំជាមួយពួកគេ។
ខាងក្រោមនេះជា ៥ វិធីធ្វើឲ្យអតិថិជនត្រឡប់មកគាំទ្រអាជីវកម្មអ្នកម្តងហើយម្តងទៀត៖
១. ផ្តល់ផលិតផល/សេវាកម្មដែលមានគុណភាពខ្ពស់ជាប់លាប់
គុណភាពគឺជាអាថ៌កំបាំងដ៏សំខាន់បំផុត។ ទោះបីជាអ្នកធ្វើទីផ្សារបានល្អប៉ុណ្ណាក៏ដោយ បើផលិតផល ឬសេវាកម្មរបស់អ្នកមិនមានគុណភាពទេ អតិថិជននឹងមិនត្រឡប់មកវិញឡើយ។ ដូចនេះ ត្រូវធានាថាអ្វីដែលអ្នកផ្តល់ជូនមានគុណភាពខ្ពស់ជាប់លាប់គ្រប់ពេល។
២. ផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ
សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ គឺជាអ្វីដែលធ្វើឱ្យអាជីវកម្មរបស់អ្នកលេចធ្លោ។ ត្រូវឆ្លើយតបលឿន រួសរាយរាក់ទាក់ និងដោះស្រាយបញ្ហាប្រកបដោយការទទួលខុសត្រូវ។ នៅពេលអតិថិជនមានអារម្មណ៍ថាត្រូវបានគេឱ្យតម្លៃ និងយកចិត្តទុកដាក់ ពួកគេនឹងមានភាពស្មោះត្រង់។
៣. បង្កើតកម្មវិធីសម្រាប់អតិថិជនដែលតែងតែមកគាំទ្រអ្នក
បង្កើតកម្មវិធីមួយដើម្បីលើកទឹកចិត្តអតិថិជនចាស់ៗ។ ឧទាហរណ៍៖ ផ្តល់ការបញ្ចុះតម្លៃពិសេស ដល់អតិថិជនដែលទិញញឹកញាប់។ ផ្តល់ប័ណ្ណបញ្ចុះតម្លៃ នៅថ្ងៃខួបកំណើតរបស់ពួកគេ ឬបង្កើតកាតសមាជិក ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍បន្ថែម។
៤. រក្សាទំនាក់ទំនងល្អ និងការប្រាស្រ័យទាក់ទងទៀងទាត់
- ផ្ញើអ៊ីមែល ឬសារ: ផ្ញើសារអរគុណ ឬព័ត៌មានមានប្រយោជន៍ទៅឱ្យអតិថិជនរបស់អ្នក។
- ប្រើប្រាស់បណ្ដាញសង្គម: បង្ហោះខ្លឹមសារគួរឱ្យចាប់អារម្មណ៍ ឬបង្កើតការសន្ទនាជាមួយពួកគេនៅលើបណ្ដាញសង្គម។
៥. ស្តាប់មតិកែលម្អ (Feedback) និងកែលម្អជានិច្ច
អតិថិជនចាស់ៗគឺជាប្រភពព័ត៌មានដ៏មានតម្លៃបំផុត។ ត្រូវ បើកចិត្តទទួលយកមតិយោបល់ ឬការត្អូញត្អែររបស់ពួកគេ ហើយយកវាមកកែលម្អផលិតផល ឬសេវាកម្មរបស់អ្នក។ ការធ្វើបែបនេះបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះពួកគេ ហើយនេះនឹងធ្វើឱ្យពួកគេកាន់តែជឿជាក់លើអាជីវកម្មរបស់អ្នក។
សរុបមក ការធ្វើឱ្យអតិថិជនត្រឡប់មកគាំទ្រម្តងហើយម្តងទៀត គឺជាការវិនិយោគដ៏ឆ្លាតវៃលើអនាគតអាជីវកម្មរបស់អ្នក។ ហើយការអនុវត្តវិធីទាំងនេះនឹងអាចជួយអ្នកកសាងមូលដ្ឋានអតិថិជនដ៏រឹងមាំ និងនិរន្តរភាពយូរអង្វែងនៃអាជីវកម្មរបស់អ្នក។