ការគិតអវិជ្ជមានជារឿងធម្មតាដែលមនុស្សគ្រប់រូបជួបប្រទះ ប៉ុន្តែវាអាចក្លាយជាទម្លាប់មួយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់អ្នកដោយមិនដឹងខ្លួន។ គំនិតអវិជ្ជមានទាំងនេះរារាំងអ្នកពីការរីកចម្រើន ធ្វើឱ្យអ្នកអស់ទំនុកចិត្ត និងអាចបណ្តាលឱ្យមានភាពតានតឹង។
ខាងក្រោមនេះជាគំនិតអវិជ្ជមានមួយចំនួនដែលមនុស្សភាគច្រើនគិតដោយមិនដឹងខ្លួន៖
១. “ខ្ញុំធ្វើមិនកើតទេ” ឬ “ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់”
មុននឹងសូម្បីតែចាប់ផ្ដើមធ្វើអ្វីមួយថ្មី មនុស្សជាច្រើនតែងតែប្រាប់ខ្លួនឯងថាពួកគេគ្មានសមត្ថភាព ឬមិនអាចធ្វើវាបានឡើយ។ នេះគឺជា “ផ្នត់គំនិតកំណត់” ដែលរារាំងអ្នកពីការរៀនសូត្រ និងការអភិវឌ្ឍន៍ខ្លួន។ ការគិតបែបនេះធ្វើឱ្យអ្នកមិនហ៊ានសាកល្បង ហើយបាត់បង់ឱកាសជាច្រើន។
២. “ខ្ញុំគួរតែធ្វើរឿងនេះបានល្អជាងនេះ”
នេះជាគំនិតនៃការបន្ទោសខ្លួនឯង ដែលកើតឡើងនៅពេលអ្នកធ្វើខុស។ ជំនួសឱ្យការរៀនពីកំហុស អ្នកបែរជាផ្តោតលើភាពមិនល្អឥតខ្ចោះ។ ពីព្រោះថា ការគិតបែបនេះអាចបណ្តាលឱ្យអ្នកមានអារម្មណ៍អវិជ្ជមាន និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។
៣. “រឿងអាក្រក់កើតឡើងចំពោះតែខ្ញុំ”
នៅពេលជួបបញ្ហា មនុស្សខ្លះតែងតែគិតថាពួកគេជាជនរងគ្រោះ ហើយរឿងអាក្រក់កើតឡើងចំពោះតែពួកគេម្នាក់គត់។ គំនិតនេះធ្វើឱ្យអ្នកមានអារម្មណ៍គ្មានអំណាចក្នុងការផ្លាស់ប្តូរស្ថានការណ៍ ហើយបន្តបន្ទោសកាលៈទេសៈ ឬអ្នកដទៃ។
៤. “ខ្ញុំនឹងរង់ចាំរហូតដល់មានអារម្មណ៍ចង់ធ្វើ”
មនុស្សភាគច្រើនពន្យារពេលធ្វើកិច្ចការសំខាន់ៗដោយសារតែពួកគេរង់ចាំកម្លាំងចិត្ត ឬអារម្មណ៍ល្អ។ ប៉ុន្តែការពិត ការរង់ចាំបែបនេះអាចធ្វើឱ្យការងារមិនត្រូវបានធ្វើ ហើយបណ្ដាលឱ្យមានការសោកស្តាយនៅពេលក្រោយ។
៥. “ពួកគេមិនចូលចិត្តខ្ញុំទេ”
នៅពេលដែលនរណាម្នាក់មិនតបតភ្លាមៗចំពោះសារ ឬការសន្ទនារបស់អ្នក អ្នកងាយនឹងសន្មតថាពួកគេមិនចូលចិត្តអ្នក។ ការគិតបែបនេះធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ និងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក។
៦. “ខ្ញុំមិនមានពេលវេលាទេ”
នេះជាលេសមួយដែលមនុស្សជាច្រើនប្រើដើម្បីគេចវេសពីការធ្វើរឿងសំខាន់ៗដែលពួកគេដឹងថាគួរតែធ្វើ (ដូចជាហាត់ប្រាណ រៀនជំនាញថ្មី)។ ការពិតគឺថា យើងគ្រប់គ្នាសុទ្ធតែមានពេល ២៤ ម៉ោងដូចគ្នា ដូច្នេះការគិតបែបនេះគឺជាការកុហកខ្លួនឯង។
ជារួម ការយល់ដឹងពីគំនិតអវិជ្ជមានទាំងនេះ គឺជាជំហានដំបូងដើម្បីផ្លាស់ប្ដូរខ្លួនឯង។ នៅពេលអ្នកចាប់ផ្ដើមដឹងថាគំនិតទាំងនេះកំពុងកើតឡើង សូមព្យាយាមបង្វែរវាទៅជាគំនិតវិជ្ជមានវិញ នោះជីវិតរបស់អ្នកនឹងកាន់តែប្រសើរឡើង។