ថ្មីៗនេះ យើងឃើញមានសារព័ត៌មានផ្សព្វផ្សាយពីវត្តមានរបស់ហាងបែបម៉ាតដ៏ល្បីមួយក្នុងពិភពលោក គឺ7-Eleven ចូលក្នុងទីផ្សារប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។ ការបោះជំហាននេះ ក៏បានធ្វើឱ្យសារព័ត៌មានក្នុងស្រុកខ្លះបាននិយាយថា វានឹងធ្វើឱ្យហាងចាប់ហួយក្នុងស្រុកជួបហានិភ័យ។ តើវាជាសញ្ញាគួរឱ្យព្រួយបារម្មណ៍ខ្លាំងដែរឬក៏យ៉ាងណា ប្រសិនបើម៉ាត 7-Elevenចូលមកនោះ?
តាមពិត បច្ចុប្បន្ននេះ មានម៉ាតមិនតិចទេដែលកំពុងមានវត្តមាននៅក្នុងប្រទេសជាកម្ពុជា ជាពិសេសគឺក្នុងរាជធានីភ្នំពេញ។ ហើយម៉ាតដែលមានម៉ូដែលអាជីវកម្មប្រហែល7-Elevenនោះក៏កំពុងតែមានវត្តមាននៅក្នុងប្រទេសយើងផងដែរ ដូចជា Circle K, Prince, និងម៉ាតតាមបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ។
ទោះបីជាមានវត្តមានហាងទាំងនោះក៏ពិតមែន តែហាងចាប់ហួយលក្ខណៈគ្រួសារ ជារួមហាក់ដូចជាមិនទទួលរងឥទ្ធិពលខ្លាំងក្លានោះទេនារយៈពេលកន្លងមកដោយសារតែ៖
១. ការផ្គត់ផ្គង់ផលិតផលមិនដូចគ្នាទាំងស្រុង
ទោះបីជាហាងម៉ាតសម័យថ្មីទាំងនោះមានចំនួនច្រើនក៏ដោយ តែបើក្រឡេកមើលទៅផលិតផលដែលដាក់លក់ ហាក់ដូចជាមិនសូវជាជាន់គ្នានោះទេ ដែលហាងទំនើបបែបនេះភាគច្រើនគឺគេចូលទៅទិញអាហារសម្រន់ ឬភេសជ្ជៈញ៉ាំពេលធ្វើដំណើរ ដែលខុសពីហាងចាប់ហួយ ដែលអតិថិជនភាគច្រើនចូលទិញទំនិញសម្រាប់ប្រើប្រាស់ក្នុងគ្រួសារច្រើនជាង។
២. ការបម្រើសេវាកម្ម
ហាងម៉ាតបែបទំនើបមានបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលពីការលក់ក្នុងម៉ាត និងទទួលភ្ញៀវមែនតែប្រសិនបើប្រៀបធៀបនឹងចាប់ហួយតាមផ្ទះវិញ គឺចាប់ហួយតាមផ្ទះមានស្និទស្នាល និងជិតដិតគ្នាជាងដោយសារតែអតិថិជននិយាយផ្ទាល់ទៅកាន់ម្ចាស់ហាង ហើយមានការថែមថយទាំងតម្លៃ និងរបស់របរមួយចំនួននៅពេលពួកគេជាម៉ូយប្រចាំ។
៣. តម្លៃ
ថ្វីត្បិតតែជាទូទៅ ហាងម៉ាតមានយុទ្ធសាស្ត្រទីផ្សារច្រើន និងមានការបញ្ចុះតម្លៃតាមប្រភេទមុខទំនិញដើម្បីឱ្យមើលទៅឃើញធូរថ្លៃ តែបើប្រៀបធៀបនឹងតម្លៃទំនិញតាមផ្ទះចាប់ហួយគឺមានតម្លៃខ្ពស់ជាងដែលជាកត្តាមួយរាំងស្ទះក្នុងការធ្វើឱ្យហាងបែបម៉ាតនេះយកឈ្នះទាំងស្រុងបានខ្លាំងណាស់។ កត្តានេះគឺដោយសារតែហាងម៉ាតទំនើបត្រូវជួលទីតាំងដែលល្អ ដែលមានតម្លៃខ្ពស់ ត្រូវមានបុគ្គលិកបម្រើការច្រើន និងចំណាយទៅលើប្រព័ន្ធគ្រប់គ្រង ដែលធ្វើឱ្យហាងចាប់ហួយគ្រួសារភាគច្រើនយកឈ្នះបានដោយសារតែបើកនៅផ្ទះខ្លួនឯងមិនអស់ថ្លៃឈ្នួល និងមិនត្រូវការជួលបុគ្គលិកលក់ច្រើននោះទេ។
៤. ឥរិយាបថអតិថិជន
ម៉ាតជាកន្លែងដែលអតិថិជនត្រូវរើសទំនិញដាក់ខ្លួនឯង យួរខ្លួនឯង ដែលខុសពីហាងចាប់ហួយលក្ខណៈគ្រួសារ គឺអតិថិជនគឺគ្រាន់តែប្រាប់ ម្ចាស់ហាងនឹងយកទំនិញដាក់នៅលើតុគិតលុយ ហើយថែមទាំងជួយលើកកាក់ម៉ូតូ ឬឡានទៀតផង ដែលនេះ នៅតែជាការចង់បានរបស់អតិថិជនក្នុងស្រុកជាច្រើន។
សរុបមក ទោះ7-Elevenចូលមកក្នុងស្រុកក៏ដោយ ក្នុងរយៈពេលមធ្យម វានឹងមិនអាចជំនួសឱ្យចាប់ហួយតាមផ្ទះនោះទេ តែហាងទំនើបទាំងនោះ អាចជាការជម្រុញទឹកចិត្តមួយឱ្យអាជីវកម្មលក្ខណៈគ្រួសារក្នុងស្រុកចាប់ផ្តើមបត់ខ្លួន និងធ្វើទំនើបកម្មហាងរបស់ខ្លួន។ កុំថាឡើយនៅស្រុកខ្មែរ នៅស្រុកថៃ ប្រទេសតួកគី ប្រទេសចិន និងតៃវ៉ាន់ជាដើមដែលសុទ្ធតែមានការអភិវឌ្ឍន៍ខ្លាំងគួរសម ក៏ហាងម៉ាតទំនើបមិនទាន់អាចសម្លាប់អាជីវកម្មគ្រួសារលក្ខណៈលក់ចាប់ហួយនេះដែរ។