Home ធុរកិច្ច អាជីវកម្មកំពុងពេញនិយម 7-Eleven ចូលខ្មែរ នឹងធ្វើឱ្យហាងលក់ចាប់ហួយគ្រួសារ​ជួបហានិភ័យ?

7-Eleven ចូលខ្មែរ នឹងធ្វើឱ្យហាងលក់ចាប់ហួយគ្រួសារ​ជួបហានិភ័យ?

ថ្មីៗនេះ យើងឃើញ​មាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ពីវត្តមាន​របស់ហាង​បែបម៉ាត​ដ៏ល្បីមួយក្នុងពិភពលោក ​គឺ7-Eleven ចូលក្នុង​ទីផ្សារប្រទេស​កម្ពុជានៅក្នុងឆ្នាំ​នេះ។ ការបោះជំហាននេះ ក៏បានធ្វើឱ្យ​សារព័ត៌មាន​ក្នុងស្រុកខ្លះបាននិយាយ​ថា វានឹងធ្វើឱ្យហាងចាប់ហួយក្នុងស្រុកជួបហានិភ័យ។ តើវាជា​សញ្ញា​គួរឱ្យព្រួយបារម្មណ៍ខ្លាំងដែរឬក៏យ៉ាងណា ប្រសិន​បើម៉ាត 7-Elevenចូលមកនោះ?

តាមពិត បច្ចុប្បន្ន​នេះ មាន​ម៉ាតមិនតិចទេដែលកំពុងមានវត្តមាននៅក្នុង​ប្រទេសជាកម្ពុជា ជាពិសេស​គឺ​ក្នុងរាជធានីភ្នំពេញ។ ហើយ​ម៉ាតដែលមាន​ម៉ូដែលអាជីវកម្ម​ប្រហែល7-Elevenនោះក៏កំពុងតែមានវត្តមាន​នៅក្នុង​ប្រទេស​យើង​ផងដែរ ដូចជា​ Circle K, Prince, និងម៉ាត​តាមបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ។

ទោះបីជា​មាន​វត្តមាន​ហាង​ទាំងនោះក៏ពិតមែន តែហាងចាប់ហួយលក្ខណៈគ្រួសារ ជារួមហាក់ដូចជា​មិនទទួល​រងឥទ្ធិពល​ខ្លាំងក្លានោះទេនារយៈពេលកន្លងមកដោយសារ​តែ៖

១. ការផ្គត់ផ្គង់ផលិត​ផល​មិនដូចគ្នាទាំងស្រុង

ទោះបីជា​ហាង​ម៉ាត​សម័យថ្មីទាំងនោះមានចំនួន​ច្រើនក៏ដោយ តែបើក្រឡេកមើលទៅផលិតផលដែលដាក់លក់ ហាក់ដូច​ជា​មិនសូវជា​ជាន់គ្នានោះទេ​ ដែល​ហាង​ទំនើបបែបនេះភាគច្រើនគឺ​គេ​ចូលទៅទិញ​អាហារសម្រន់ ឬភេសជ្ជៈញ៉ាំពេលធ្វើដំណើរ ដែលខុសពីហាងចាប់ហួយ​ ដែលអតិថិជនភាគច្រើន​ចូលទិញទំនិញ​សម្រាប់​ប្រើប្រាស់​ក្នុងគ្រួសារច្រើនជាង។

២. ការបម្រើសេវាកម្ម

ហាងម៉ាតបែបទំនើបមានបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលពីការលក់ក្នុងម៉ាត និងទទួលភ្ញៀវមែនតែ​ប្រសិន​បើប្រៀបធៀបនឹងចាប់ហួយ​តាមផ្ទះវិញ គឺចាប់ហួយតាមផ្ទះមានស្និទស្នាល និងជិតដិតគ្នាជាងដោយសារតែអតិថិជន​និយាយ​ផ្ទាល់ទៅកាន់ម្ចាស់ហាង ហើយមានការថែមថយទាំងតម្លៃ និងរបស់របរមួយចំនួន​នៅពេលពួកគេជាម៉ូយ​ប្រចាំ។

៣. តម្លៃ

ថ្វីត្បិត​តែ​ជាទូទៅ ហាងម៉ាតមានយុទ្ធសាស្ត្រទីផ្សារ​ច្រើន និងមានការបញ្ចុះតម្លៃ​តាមប្រភេទមុខទំនិញដើម្បី​ឱ្យមើលទៅឃើញធូរថ្លៃ តែបើប្រៀបធៀបនឹងតម្លៃ​ទំនិញតាមផ្ទះចាប់ហួយគឺមានតម្លៃខ្ពស់ជាងដែលជា​កត្តាមួយរាំង​ស្ទះ​ក្នុងការធ្វើឱ្យ​ហាងបែបម៉ាតនេះយកឈ្នះទាំងស្រុង​បានខ្លាំងណាស់។ កត្តានេះគឺដោយសារតែ​ហាងម៉ាតទំនើបត្រូវជួលទីតាំងដែលល្អ ដែលមានតម្លៃខ្ពស់ ត្រូវមានបុគ្គលិកបម្រើការច្រើន និងចំណាយទៅលើប្រព័ន្ធគ្រប់គ្រង ដែលធ្វើឱ្យ​ហាងចាប់ហួយគ្រួសារភាគច្រើនយកឈ្នះបានដោយសារតែបើកនៅផ្ទះខ្លួនឯងមិនអស់ថ្លៃឈ្នួល និងមិនត្រូវការជួលបុគ្គលិកលក់ច្រើននោះទេ។

៤. ឥរិយាបថអតិថិជន

ម៉ាតជាកន្លែងដែលអតិថិជនត្រូវរើសទំនិញដាក់ខ្លួនឯង យួរខ្លួនឯង ដែលខុសពីហាងចាប់ហួយ​លក្ខណៈគ្រួសារ គឺអតិថិជន​គឺ​គ្រាន់តែប្រាប់ ម្ចាស់ហាងនឹងយកទំនិញ​ដាក់នៅលើតុគិតលុយ ហើយថែម​ទាំងជួយលើក​កាក់​ម៉ូតូ ឬឡានទៀតផង ដែលនេះ នៅតែជា​ការចង់បាន​របស់អតិថិជន​ក្នុងស្រុកជាច្រើន។

សរុបមក ទោះ7-Elevenចូលមកក្នុងស្រុកក៏ដោយ ក្នុងរយៈពេលមធ្យម វានឹងមិនអាចជំនួសឱ្យ​ចាប់ហួយតាមផ្ទះនោះទេ តែហាងទំនើបទាំងនោះ អាចជាការជម្រុញទឹកចិត្តមួយ​ឱ្យ​អាជីវកម្ម​លក្ខណៈគ្រួសារក្នុង​ស្រុក​ចាប់ផ្តើម​បត់ខ្លួន និងធ្វើទំនើបកម្ម​ហាងរបស់ខ្លួន។ កុំថាឡើយនៅស្រុកខ្មែរ នៅស្រុកថៃ ប្រទេសតួកគី ​ប្រទេសចិន និងតៃវ៉ាន់ជាដើមដែលសុទ្ធតែ​មានការអភិវឌ្ឍន៍​ខ្លាំងគួរសម ក៏ហាង​ម៉ាតទំនើបមិន​ទាន់​អាច​សម្លាប់​អាជីវកម្មគ្រួសារ​លក្ខណៈលក់ចាប់ហួយនេះដែរ។