ពាក្យរបស់បុគ្គលម្នាក់ៗអាចបង្ហាញពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់គេ ជាពិសេសសម្រាប់អ្នកដែលមិនសប្បាយចិត្ត ជារឿយៗគេបានប្រើឃ្លាមួយចំនួនដោយបង្ហាញពីអារម្មណ៍ ដែលគេកំពុងតែឆ្លងកាត់។ ជាឧទាហរណ៍ បុគ្គលម្នាក់បាននិយាយដូចជា “ខ្ញុំមិនអាចសម្រេចអ្វីមួយបានទេ” ឬ “គ្មានអ្វីដែលដំណើរការទៅតាមផែនការរបស់ខ្ញុំឡើយ”។ ឃ្លាទាំងនេះឆ្លុះបញ្ចាំងពីផ្នត់គំនិតអវិជ្ជមាន ឬស្ថានភាពនៃអារម្មណ៍របស់ពួកគេ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកឃ្លាទូទៅចំនួនប្រាំបីដែលមនុស្សមិនសប្បាយចិត្ត ឬមានទុក្ខកង្វល់ខ្លាំង លើកយកមកប្រើដោយមិនដឹងខ្លួន៖
1. ខ្ញុំមិនអីទេ៖ ឃ្លានេះមើលទៅដូចជាធម្មតា និងប្រើប្រាស់ទូទៅ ប៉ុន្តែវាអាចជាសញ្ញាថានរណាម្នាក់កំពុងលាក់អារម្មណ៍ពិតរបស់ពួកគេ ដែលពួកគេកំពុងតែលាក់បាំងអារម្មណ៍នៃភាពទុក្ខសោក និងស៊ូទ្រាំចំពោះអ្វីដែលគេបានឆ្លងកាត់។
2. គ្មានអ្វីអាចដំណើរការទៅតាមអ្វីដែលខ្ញុំចង់បានឡើយ៖ គេមានអារម្មណ៍ថាអ្វីៗតែងតែមិនដំណើរការតាមការកំណត់របស់ពួកគេសោះឡើយ។ វាឆ្លុះបញ្ចាំងពីអារម្មណ៍នៃការខកចិត្ត និងភាពអស់សង្ឃឹម ជាសញ្ញានៃការគិតអវិជ្ជមាន ដែលពួកគេអាចមានអារម្មណ៍ថាជាប់គាំងនៅមួយកន្លែង។
3. វាមិនសក្តិសមនឹងការព្យាយាមឡើយ៖ ការប្រើឃ្លានេះបានបង្ហាញពីអារម្មណ៍នៃការគិតរបស់គេ ដោយយល់ថាការខិតខំប្រឹងប្រែងរបស់ពួកគេគ្មានន័យឬមិនអាចជោគជ័យឡើយ។ វាឆ្លុះបញ្ចាំងពីអារម្មណ៍នៃការបោះបង់ ឬអស់ជំនឿដែលថាការព្យាយាមនឹងមិននាំទៅរកលទ្ធផលវិជ្ជមាននោះទេ ជារឿយៗដោយសារការខកចិត្តពីមុនដែលគេធ្លាប់ឆ្លងកាត់។
4. ខ្ញុំមិនខ្វល់ទេ៖ វាអាចបង្ហាញពីការមិនចាប់អារម្មណ៍ និងអស់ទំនុកចិត្តទៅលើអ្វីដែលគេធ្វើ។ ពេលខ្លះការនិយាយបែបនេះគឹ ជាការបន្លប់ចិត្តរបស់ខ្លួនឯងកុំឱ្យកាន់តែខកចិត្ត ឬស្មុគស្មាញបន្ថែមទៀតតែប៉ុណ្ណោះ។
5. ខ្ញុំនឹងសប្បាយចិត្តនៅពេលដែល…៖ មនុស្សមិនសប្បាយចិត្តតែងនិយាយថា “ខ្ញុំនឹងសប្បាយចិត្តនៅពេល … ” ពួកគេតែងតែភ្ជាប់សុភមង្គលរបស់ពួកគេទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត។ ឃ្លានេះឆ្លុះបញ្ចាំងពីជំនឿដែលថាសុភមង្គលរបស់ពួកគេអាស្រ័យទៅលើអ្វីមួយខាងក្រៅ ដូចជាការទទួលបានភាពជោគជ័យ ទំនាក់ទំនង ឬសមិទ្ធផលជាក់លាក់ណាមួយ។
6. គ្មានអ្នកខ្វល់ពីខ្ញុំទេ៖ នៅពេលនរណាម្នាក់និយាយថា “គ្មាននរណាម្នាក់ខ្វល់ពីខ្ញុំទេ” វាមិនមែនគ្រាន់តែជាឃ្លាធម្មតាមួយនោះទេ តែវាជាការស្រែករកជំនួយ ទោះបីជាគេប្រើដោយមិនបានដឹងខ្លួនថាមានន័យជាការរកជំនួយក៏ដោយ។ ប៉ុន្តែអ្នកដែលនិយាយពាក្យមួយឃ្លានេះ គឺគេចង់ឱ្យមាននរណាម្នាក់មកយកចិត្តទុកដាក់ និងខ្វល់ខ្វាយ មកលើខ្លួនគេខ្លះ។
7. មនុស្សភាគច្រើនតែងធ្វើឱ្យខ្ញុំខកចិត្ត៖ វាឆ្លុះបញ្ចាំងពីអារម្មណ៍ ការក្បត់ ឬឈឺចាប់ ដែលអ្នកដទៃបានសន្យាក្នុងការធ្វើរឿងអ្វីមួយ តែគេបែរជាមិនបានផ្តល់ឱ្យទៅតាមអ្វីដែលបានសន្យា នេះមានន័យថាគេត្រូវបានអ្នកដទៃធ្វើឱ្យខកចិត្តម្តងហើយម្តងទៀត ដោយសារតែគេមានការរំពឺងទុកទៅលើអ្នកទាំងនោះខ្លាំងពេក ដែលធ្វើឱ្យគេអស់ជំនឿទៅលើអ្នកមនុស្សថ្មីៗផ្សេងទៀត។