spot_img
spot_img
Homeធុរកិច្ចហេតុអ្វី “ទីតាំង” មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

ហេតុអ្វី “ទីតាំង” មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

-

ការចាប់ផ្ដើមអាជីវកម្មអ្វីក៏ដោយ ប្រសិនបើអាជីវកម្មនោះវាទាមទារឱ្យមានទីតាំង នោះអ្វីដែលអ្នកត្រូវគិតដល់មុនគេ គឺការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវដែលមានអំណោយផលល្អ ដើម្បីអាចដំណើរការអាជីវកម្មរបស់អ្នក។ ដូច្នេះយើងអាចនិយាយបានថា ទីតាំង សំដៅលើទីកន្លែងមួយដែលអ្នកអាចផ្ដល់នូវផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់ក្រុមអតិថិជនគោលដៅរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងដែរថា ទីតាំងមានពីរដែលអ្នកត្រូវគិតពិចារណា គឺទីតាំងគ្មានអំណោយផល និងទីតាំងមានអំណោយផលសម្រាប់ប្រភេទអាជីវកម្មរបស់អ្នក។ ទោះបីជាយ៉ាងណា ក៏មានអាជីវកម្មមួយចំនួនក៏អាចដំណើរការដោយគ្មានទីតាំងក៏បានដែរ ដូចជាអាជីវកម្មលក់ផលិតផលឬសេវាកម្មតាមអនឡាញជាដើម ប៉ុន្តែបើចង់ធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន និងពង្រីកបានធំ លុះត្រាតែបំប្លែងអាជីវកម្មរបស់ខ្លួនឱ្យមានទីតាំងមួយដ៏ត្រឹមត្រូវ។

ហេតុដូចនេះ ទីតាំងមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញបន្ថែមទៀតអំពីសារៈសំខាន់មួយចំនួនដល់អ្នក។

1. បង្កើនភាពងាយស្រួលដល់អតិថិជន

បច្ចុប្បន្ននេះ ប្រសិនបើអ្នកមានទីតាំងផ្ទាល់ខ្លួនក៏ជារឿងល្អផងដែរ ដើម្បីងាយស្រួលដល់អតិថិជនមកកាន់ក្រុមហ៊ុនរបស់អ្នកផ្ទាល់ក្នុងការស្វែងរកផលិតផលដែលពួកគេត្រូវការបានច្រើន និងទុកចិត្តលើផលិតផលរបស់អ្នក ដោយសារពួកគេបានឃើញផ្ទាល់។ បន្ថែមពីនេះ ពួកគេក៏កាន់តែងាយស្រួលមកកាន់ក្រុមហ៊ុនរបស់អ្នកញឹកញាប់ផងដែរ ប្រសិនបើទីតាំងអ្នកបានជ្រើសរើសបានត្រឹមត្រូវដោយមិនឆ្ងាយពីអតិថិជនខ្លាំងពេក ងាយស្រួលរក មានផាសុកភាព និងងាយស្រួលចតជាដើម។ កត្តានេះហើយ អ្នកនឹងកាន់តែមានអតិថិជនកើនឡើងមិនខាន។

2. បង្កើនការលក់បានច្រើន

ទីតាំងក៏ជាផ្នែកមួយដ៏សំខាន់ ពីព្រោះវាមានឥទ្ធិពលក្នុងការផ្ដល់សេវាកម្ម ក៏ដូចជាការលក់ខ្លាំងផងដែរ ដូចជាទីតាំងល្អ អតិថិជនចូលមកច្រើន ប៉ុន្តែបើទីតាំងមិនល្អ ដោយពិបាករក ជាពិសេសឆ្ងាយពេក  ឬគ្មានអំណោយផល នោះក៏អតិថិជនមិនឧស្សាហ៍ចូលមកញឹកញាប់ផងដែរ។ ហេតុដូចនេះហើយ ប្រសិនបើជ្រើសរើសទីតាំងក៏ត្រូវជ្រើសរើសទីតាំងដែលមានអំណោយផលសម្រាប់ប្រភេទអាជីវកម្មរបស់អ្នកផងដែរ ចៀសវាងជ្រើសរើសទីតាំងតាមតែនឹកឃើញ គ្មានការសិក្សាឈ្វេងយល់ ដោយគ្មានអតិថិជនគោលដៅស្ថិតនៅទីនោះច្រើនជាដើម។ បន្ថែមពីនេះ វាក៏ជាផ្នែកដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តលើអាជីវកម្មរបស់អ្នកផងដែរ តាមរយៈការមានទីតាំងត្រឹមត្រូវ ដោយអតិថិជនអាចបញ្ជាទិញតាមអនឡាញដោយមានទំនុកចិត្តផងដែរ។

3. ឱកាសពង្រីកអាជីវកម្ម

នៅពេលអាជីវកម្មរបស់អ្នកមានទីតាំងត្រឹមត្រូវ ព្រមទាំងអាចដំណើរអាជីវកម្មនៅទីនោះទទួលបានលទ្ធផលល្អហើយ នោះអ្នកក៏អាចពង្រីកអាជីវកម្មរបស់អ្នកកាន់តែធំផងដែរ។ ការចាប់ផ្ដើមអាជីវកម្ម គឺផ្ដើមពីការមានទីតាំងតូច ហើយបន្ទាប់មកពង្រីកអាជីវកម្មឱ្យមានទីតាំងធំ តាមរយៈបទពិសោធន៍នៃការជ្រើសរើសទីតាំងដំបូង និងការដំណើរការអាជីវកម្ម ដូចជាការរៀបចំក្រុមហ៊ុន គ្រប់គ្រងបុគ្គលិក គ្រប់គ្រងចង្វាក់នៃការផ្គត់ផ្គង់ និងប្រតិបត្តិការនានានៅក្នុងអាជីវកម្ម។

4. ជះឥទ្ធិពលលើការកំណត់តម្លៃ

ទីតាំង អាចធ្វើឱ្យតម្លៃផលិតផលសេវាកម្មរបស់អ្នកខុសប្លែក និងមានគុណតម្លៃជាងអាជីវកម្មដែលគ្មានទីតាំងត្រឹមត្រូវ។ ឧទាហរណ៍ អ្នកលក់សម្លៀកបំពាក់នៅក្នុងផ្សារធម្មតា រវាងអ្នកលក់សម្លៀកបំពាក់ដូចគ្នាប៉ុន្តែមានហាងផ្ទាល់ខ្លួនត្រឹមត្រូវ ដូច្នេះអ្នកលក់នៅក្នុងផ្សារ អតិថិជនអាចតថ្លៃបានច្រើន ព្រមទាំងលក់ក្នុងតម្លៃបានទាបជាងអ្នកក្នុងហាង ដោយអាវក្នុងផ្សារដាក់លក់ 7$ អតិថិជនអាចសុំបញ្ចុះតម្លៃសល់ត្រឹម5$ ប៉ុន្តែបើដាក់លក់ក្នុងហាងវិញ ហើយដាក់តម្លៃ 7$ ដូចគ្នា ដោយអតិថិជនចូលទិញដោយគ្មានការតថ្លៃឡើយ ដោយម្ចាស់ហាងជាអ្នកកំណត់តម្លៃដោយខ្លួនឯង។ ដូច្នេះទីតាំងពិតជាសំខាន់ណាស់ ដែលម្ចាស់អាជីវកម្មគួរគិតពិចារណាក្នុងការជ្រើសរើស និងរៀបចំអាជីវកម្មរបស់ខ្លួនឱ្យមានទីតាំងមួយច្បាស់លាស់ និងត្រឹមត្រូវ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ