spot_img
spot_img
Homeបច្ចេកវិទ្យាតើកិច្ចការក្នុងជីវភាព​ប្រចាំថ្ងៃអ្វីខ្លះ​ដែលត្រូវការ​គណិត?

តើកិច្ចការក្នុងជីវភាព​ប្រចាំថ្ងៃអ្វីខ្លះ​ដែលត្រូវការ​គណិត?

-

មានសិស្ស​មិន​តិច​ទេ​ដែល​គិត​ថា មុខវិជ្ជា​គណិត​វិទ្យាគឺជា​មុខ​វិជ្ជា​ដែល​ពិបាក និងគួរ​ឲ្យ​​ធុញទ្រាន់។ មិន​តែ​ប៉ុណ្ណោះ មាន​សិស្ស​ខ្លះ​តែង​យល់​ថា ពួកគេ​នឹង​គ្មាន​ឱកាស នឹង ប្រើប្រាស់​មុខវិជ្ជា​ដ៏ពិបាកនេះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​គេ​ឡើយ។ អ្វីដែលគួរឲ្យ​សោកស្តាយ​នោះ កម្មវិធីសិក្សា​មិនបាន​ធ្វើការពិភាក្សា និង​បង្រៀន​សិស្សថា គណិត​វិទ្យាមាន​ទំនាក់ទំនងនឹង​ជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃនោះឡើយ។ នេះគឺជា​កត្តា​មួយ​ក្នុង​ចំណោមកត្តាជាច្រើន​ ដែលធ្វើ​ឲ្យ​សិស្ស​ធុញទ្រាន់ និងមិនចូលចិត្ត​រៀន​គណិត​វិទ្យា ដោយសារ​តែ​ពួកគេ​មិន​ទាន់​យល់ច្បាស់​ពីសារៈសំខាន់​នៃមុខវិជ្ជានេះ ក្នុងជីវភាពប្រចាំថ្ងៃ។ តើគណិត មាន​ភាពចាំបាច់ក្នុង​ជីវភាពប្រចាំ​ថ្ងៃយ៉ាង​ម៉េចទៅ? បើចង់​ដឹងនោះ សូម​មកតាមដាន​ជាមួយ”គំនិត”ទាំងអស់​គ្នា!

ការ​គ្រប់គ្រង​ប្រាក់កាស

អ្នកទាំងអស់គ្នាប្រាកដជា​ធ្លាប់ធ្វើការ​ទិញដូរ​ ឬធ្វើការ​វិនិយោគទៅលើអ្វីមួយ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ។ កិច្ចការ​ទាំង​នេះ គឺត្រូវ​ការ​​គណិត​វិទ្យា​ជា​ចាំបាច់។ ទោះបីជាអ្នកធ្វើការទិញដូររបស់តូចតាចក៏ដោយ ក៏អ្នកត្រូវ​តែប្រើប្រាស់​គណិតវិទ្យាដើម្បីធ្វើជាជំនួយ​ដែរ ដូចជាការធ្វើប្រមាណវិធីបូកដកជាដើម។ បើពុំនោះទេ អ្នកប្រាកដជាមិនដឹង​ថា​តើ​អ្នក​ត្រូវ​ប្រគល់​លុយ​ឲ្យគេ​ប៉ុន្មាន ឬក៏ត្រូវ​ទទួលលុយអាប់​វិញ​ប៉ុន្មាន​នោះទេ។

កិច្ច​ការ​ដែលទាក់​ទង​ទៅនឹង​លុយកាក់​កាន់តែស្មុគស្មាញ នឹង​តម្រូវ​ឲ្យ​អ្ន​ក​ចេះ​គណិត​វិទ្យា​កាន់​តែជ្រៅ។ ប្រសិនបើអ្នកចង់ធ្វើការវិនិយោគ អ្នកប្រាកដជាត្រូវការគណិត​ដើម្បីធ្វើការគណនាដើម្បីឲ្យបាន​ដឹង​ថា តើអ្នកអាចនឹងទទួល​ផលចំណេញ​ប៉ុន្មាន​ពីការវិនិយោគនោះ។ ប្រសិនបើអ្នក​មិនសូវពូកែ​ផ្នែកគណិតដើម្បីធ្វើការ​គណនា​ចំណូលចំណាយនោះទេ អ្នក​នឹង​ប្រឈម​មុខ​នឹងបញ្ហាក្នុង​ការ​ប្រើប្រាស់​ប្រាក់កាស​ឲ្យបាន​ល្អ និង​ឲ្យ​ចំគោលដៅ។

ការគ្រប់គ្រងពេលវេលា

គណិតវិទ្យាគឺមានសារៈសំខាន់ណាស់​ក្នុង​ការ​រៀបចំគម្រោង​ប្រចាំថ្ងៃ។ នៅពេលដែលអ្នកភ្ញាក់ពីដំណេកនាពេលព្រឹកព្រលឹម និង​ធ្វើការ​រៀបចំខ្លួនប្រាណ​សម្រាប់​ទៅសាលារៀន​ឬទៅធ្វើការនោះ អ្នក​នឹង​ប្រើប្រាស់គណិតក្នុង​ការ​គណនា​ថា​តើ​អ្នកអាចឈរតែងខ្លួន​នៅមុខ​កញ្ចក់បានប៉ុន្មាន​នាទី ឬក៏អាច​​អង្គុយ​ញ៉ាំអាហារ​បានរយៈពេល​ប៉ុន្មាន? នៅពេលដែលអ្នកត្រឡប់​មកដល់​ផ្ទះវិញ អ្នកនឹងត្រូវ​ប្រើគណិត​ដើម្បីធ្វើការគណនា​ថាតើអ្នកមាន​ពេលទំនេរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ញ៉ាំអាហារហើយ ហើយមាន​រយៈពេល​ប៉ុន្មាន​ដើម្បីធ្វើអ្វីផ្សេងៗ​ទៀត?​ ដោយសារ​តែ​សកម្មភាពនេះ​គឺប្រព្រឹត្តទៅ​ក្នុងជីវភាព​ប្រចាំថ្ងៃ​របស់អ្នកស្ទើរតែរាល់ថ្ងៃ អ្នក​អាចនឹងភ្លេចថា​អ្នក​កំពុង​តែ​ប្រើប្រាស់គណិតវិទ្យា​គ្រប់​ពេលវេលា​ទាំងអស់។

ការចំអិនម្ហូប

អ្នក​មិនអាច​ចូលទៅក្នុង​ចង្ក្រាន​ធ្វើម្ហូប​ដោយ​មិនមាន​ចំណេះដឹង​ខ្លះៗ​ផ្នែក​គណិត​វិទ្យា​នោះទេ។ អ្នក​ត្រូវតែប្រើប្រាស់​គណិត​ក្នុង​ការ​ប៉ាន់​ស្មាន​ថា​តើគួរ​ដាក់​គ្រឿង​ប៉ុន្មាន តើត្រូវប្រើ​ឆ្នាំង​ទំហំ​ណា​ដើម្បី​អោយ​ល្មម​នឹង​មុខម្ហូប និងទំហំ​សមាជិក​គ្រួសារ​របស់អ្នក។ នៅពេលខ្លះ កិច្ចការចំអិនម្ហូប​តម្រូវឲ្យ​ប្រើប្រាស់​គណិត​ដែលមាន​ភាព​ស្មុគស្មាញថែមទៀត​ផង។

ការ​សាងសង់​ និង​ជួសជុលផ្ទះ

នៅរាល់ពេលដែលអ្នកធ្វើការ​សង់ផ្ទះ ឬ​ក៏ជួសជុល​នោះ អ្នកចៀសមិន​ផុត​ពីការ​ប្រើប្រាស់​គណិត​វិទ្យា​នោះទេ។ ឧទាហរណ៍ ប្រសិន​បើអ្នកចង់​ទិញ​គ្រែ តុ ទូ​ និង​វត្ថុ​ផ្សេងៗទៀត​ដើម្បីដាក់​ក្នុង​បន្ទប់​គេង​នោះ អ្នក​នឹង​ប្រើប្រាស់គណិត​ក្នុងការ​គណនា​ទំហំ​របស់​វត្ថុ​នីមួយៗ​ដើម្បី​ឲ្យ​ស័ក្តសម​និង​ទំហំបន្ទប់របស់អ្នក។ ប្រសិនបើអ្នក​មិនចេះ​មូលដ្ឋានគ្រឹះគណិតវិទ្យា​ទេនោះ អ្នក​នឹងបរាជ័យ​ក្នុង​ការ​សាងសង់ផ្ទះ និង​ការ​ជួសជុល​ផ្ទះ ឬក៏​នឹងត្រូវចំណាយច្រើនលើស​ពីតម្រូការ។

ខាង​លើនេះគ្រាន់តែជា​ឧទាហរណ៍ខ្លះៗ​ប៉ុណ្ណោះ នៅ​មាន​កិច្ចការជាច្រើនទៀត​ដែលទាមទារ​ឲ្យ​អ្នកចេះគណិត​វិទ្យា​ដើម្បី​ធ្វើកិច្ច​ការនោះ​បាន។ ហេតុ​ដូចនេះ​ហើយ គណិត​វិទ្យា​ពិតជា​សំខាន់​ណាស់​ក្នុង​ជីវិតប្រចាំថ្ងៃរបស់យើង។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ