spot_img
spot_img
Homeធុរកិច្ចកំហុសដ៏ធំនៃយុទ្ធសាស្រ្តរបស់ Yahoo ដែលអ្នកអាចរៀនសូត្រ!

កំហុសដ៏ធំនៃយុទ្ធសាស្រ្តរបស់ Yahoo ដែលអ្នកអាចរៀនសូត្រ!

-

Yahoo ត្រូវបានបង្កើតឡើងដោយ Jerry Yang និង David Filo នៅខែមករា ឆ្នាំ 1994។ ដំបូងឡើយអ្នកទាំងពីរបានបង្កើតគេហទំព័រមួយដែលមានឈ្មោះថា “Jerry and David’s Guide to the World Wide Web” ដែលវាគ្រាន់តែជាបញ្ជីនៃគេហទំព័រផ្សេងទៀត ដោយត្រូវបានរៀបចំតាមឋានានុក្រមជាសន្ទស្សន៍ទំព័រដែលអាចស្វែងរកបាន។ នៅខែមេសា ឆ្នាំ1994 គេហទំព័រនោះក៏ត្រូវបានប្តូរឈ្មោះទៅជា “Yahoo!” វិញ ដែលពាក្យ “YAHOO” គឺជាពាក្យកាត់សម្រាប់ “Ot Another Hierarchically Oracle Oracle” ។ អំឡុងពេលនោះ Yahoo ទទួលបានការគាំទ្រយ៉ាងខ្លាំង និងរីកចម្រើនយ៉ាងឆាប់រហ័សពេញមួយទសវត្សទី 90។

Yahoo បានចេញជាសាធារណៈនៅខែមេសា ឆ្នាំ1996 និងមានតម្លៃភាគហ៊ុនកើនឡើង 600 ភាគរយក្នុងរយៈពេល 2ឆ្នាំ។ នៅឆ្នាំ 1998 Yahoo គឺជាចំណុចចាប់ផ្តើមដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់គេហទំព័រដែលទទួលបានការមើល 95 លានទំព័រក្នុងមួយថ្ងៃ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានចាប់ផ្តើមរកប្រាក់ពីផ្ទាំងផ្សាយពាណិជ្ជកម្មដែលជាប្រភេទដំបូងរបស់ខ្លួន ហើយចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ផងដែរថា Yahoo គឺជាកន្លែងផ្តល់សេវាគេហទំព័រ ដោយក្នុងនោះផ្តល់សេវាកម្ម ដូចជាម៉ាស៊ីនស្វែងរកគេហទំព័រ និងសេវាកម្មអ៊ីមែល។

yahoo-search

ទោះបីជាក្រុមហ៊ុន Yahoo កំពុងដំណើរការអាជីវកម្មបានយ៉ាងល្អ និងទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែនៅចុងឆ្នាំ 2000 Yahoo ចាប់ផ្ដើមធ្លាក់ចុះវិញ ដោយសារកត្តាយុទ្ធសាស្រ្តមួយចំនួន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គេហទំព័រ The Strategy Story។

1. ការសម្រេចចិត្តខុស ដោយ Yahoo បានបដិសេធមិនទិញយក Google ក្នុងតម្លៃ 1 លានដុល្លារ

នៅក្នុងឆ្នាំ 1998 លោក Larry Page និង Sergei Brin ស្ថាបនិករបស់ក្រុមហ៊ុន Google បានដាក់ស្នើលក់ Algorithm ដែលខ្លួនទើបតែបង្កើតថ្មីទៅឱ្យ Yahoo ក្នុងតម្លៃ 1 លានដុល្លារ។ Algorithm នេះ គឺវាមានសមត្ថភាពជួយឱ្យម៉ាស៊ីនស្វែងរករបស់ Yahoo ដំណើរការលឿនជាងមុន និងបង្កើនបទពិសោធន៍នៃការស្វែងរកគេហទំព័រនានា ប៉ុន្តែ Yahoo បានបដិសេធមិនទិញយកវាឡើយ។​ Yahoo បានបដិសេធមិនទិញ ដោយលើកយកនូវហេតុផលថា “ចង់ឱ្យអ្នកប្រើប្រាស់របស់ខ្លួនចំណាយពេលវេលាបន្ថែមទៀតនៅលើវេទិកាផ្ទាល់ខ្លួន និងមាតិការបស់ Yahoo ផ្សេងទៀត ដូច្នេះអាចរកប្រាក់បានកាន់តែច្រើនពីផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ”។

នៅ​ក្នុង​ឆ្នាំ 2002 Yahoo ក៏បាន​បដិសេធ​សំណើ​ទិញយក Google ក្នុង​តម្លៃ 5 ពាន់​លាន​ដុល្លារ​ម្ដងទៀត ដោយ Yahoo ចង់ទិញ Google ក្នុង​តម្លៃ 3 ពាន់​លាន​ដុល្លារ ប៉ុន្តែ Google ចង់​បាន 5 ពាន់​លាន​ដុល្លារ។ ដូច្នេះហើយ ទើបកិច្ចព្រមព្រៀងទិញយកនេះមិនបានសម្រេច។

ជាលទ្ធផលក្រុមហ៊ុន Google បានបម្លែងខ្លួនឱ្យក្លាយជាភាពពេញនិយមយ៉ាងខ្លាំងលើការប្រើប្រាស់ម៉ាស៊ីនស្វែងរកទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយមនុស្សគ្រប់គ្នាអាចស្វែងរកអ្វីតាមដែលពួកគេចង់ស្រាវជ្រាវ ហើយមនុស្សចាប់ផ្ដើមឈប់គិតអំពី Yahoo។

2. ភាពបរាជ័យលើការសម្រេចចិត្តទិញ Geocities, Broadcast.com និង Tumblr

ការសម្រេចចិត្តចុះកិច្ចព្រមព្រៀងទិញយកគេហទំព័រ Geocities និង Broadcast.com បានធ្វើឱ្យ Yahoo ខាតបង់ជាច្រើន ពីព្រោះគេហទំព័រទាំងពីរនេះ មិនបាននាំមកនូវគុណតម្លៃដល់ក្រុមហ៊ុនបានឡើយ។

ចំពោះកិច្ចព្រមព្រៀងទិញ Geocities ក្នុងតម្លៃ $4.58 ពាន់លានដុល្លារ ដែលជាគេហទំព័រដែលអាចឱ្យអ្នកប្រើប្រាស់បង្កើតគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុងឆ្នាំ 2009 គេហទំព័រនេះ ក៏ត្រូវបានបិទទៅវិញ ពីព្រោះវាមិនបានផ្ដល់គុណតម្លៃណាមួយដល់ម្ចាស់ភាគហ៊ុនរបស់ Yahoo ឡើយ។

រីឯកិច្ចព្រមព្រៀងទិញយក Broadcast.com ក្នុងតម្លៃ $5.7 ពាន់លានដុល្លារ ដែលវាជាគេហទំព័រទូរទស្សន៍អនឡាញដែលត្រូវបានបង្កើតឡើងដោយ Mark Cuban។ ប៉ុន្តែក៏ត្រូវបរាជ័យ ដោយសារការភ្ជាប់អ៊ីនធឺណិតយឺតពេកក្នុងឆ្នាំ 1999 ដើម្បីដំណើរការមាតិកាវីដេអូប្រភេទនេះចេញពីបណ្តាញ។

បន្ថែមពីនេះ នៅក្នុងឆ្នាំ 2013 ក្រុមហ៊ុន Yahoo ក៏បានសម្រេចចិត្តទិញយក Tumblr ក្នុងតម្លៃ 1.1 ពាន់លានដុល្លារ ប៉ុន្តែក៏បានធ្វើឱ្យអ្នកប្រើប្រាស់ Tumblr ជាច្រើននាក់មានភាពមិនពេញចិត្តលើការទិញយកនេះ ហើយចុងក្រោយ Yahoo ក៏សម្រេចចិត្តលក់វាឱ្យទៅក្រុមហ៊ុន Verizon វិញកាលពីឆ្នាំ 2016។

3. ជ្រើសរើស CEO ខុស

Yahoo តែងតែសម្រេចចិត្តជួល CEO ខុសម្ដងហើយម្ដងទៀត ហេតុនេះហើយ នៅ Yahoo គ្មាន CEO ដើម្បីធ្វើប្រតិបត្តិការនានាឱ្យបានរលូនឡើយ។ បន្ថែមពីនេះ សមាជិកក្នុងក្រុមហ៊ុន ក៏មានអ្នកខ្លះបន្ទោសលើ Marissa Mayer ទាំងស្រុងចំពោះការសម្រេចចិត្តជ្រើសរើស CEO ខុសនេះ។ កត្តានេះហើយ បានធ្វើឱ្យ Yahoo មិនមានភាពរឹងមាំផ្ទៃខាងក្នុងឡើយ។

4. ចក្ខុវិស័យមិនច្បាស់លាស់ និងខ្សោយលើការដឹកនាំ

កំហុសនៃយុទ្ធសាស្ត្ររបស់ Yahoo គឺខ្វះចក្ខុវិស័យច្បាស់លាស់ និងគ្មានគោលបំណងរួមសម្រាប់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Google និង Microsoft មានភាពច្បាស់លាស់អំពីទិសដៅយុទ្ធសាស្ត្ររបស់ពួកគេ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ