spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងហេតុអ្វី Storytelling មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

ហេតុអ្វី Storytelling មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

-

Storytelling បើបកក្នុងន័យអាជីវកម្ម គឺជាសារផ្សព្វផ្សាយបែបចិត្តសាស្រ្ត ដើម្បីទាក់ទាញអតិថិជន និងជំរុញឱ្យពួកគេធ្វើសកម្មភាពចង់បានផលិតផលសេវាកម្ម និងហ៊ានចំណាយប្រាក់លើផលិតផលសេវាកម្មរបស់អ្នក។ ហើយជាទូទៅ គេបក Storytelling ជាខ្មែរថា “ការនិទានរឿង” ។

ការធ្វើ Storytelling ភាគច្រើនគឺគេនិយាយបង្ហាញជាវីដេអូ ដើម្បីផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍នៅក្នុងរឿងនិទាននោះ អ្វីដែលអាចជំរុញក្រុមការងារនៅក្នុងអាជីវកម្មនោះ អ្វីដែលម៉ាកយីហោរបស់អ្នកកំពុងស្ថិតនៅ និយាយអំពីអតិថិជនរបស់អ្នក អារម្មណ៍និងការចូលរួម ការចាប់ផ្តើមវិបត្តិនិងដំណោះស្រាយ និងព្យាយាមធ្វើអន្តរកម្មរវាងអតិថិជនជាមួយនឹងម៉ាកយីហោរបស់អ្នក។

Storytelling ពិតជាផ្នែកមួយដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើននៅលើទីផ្សារ។ កត្តានេះហើយ ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវសារៈសំខាន់មួយចំនួន ដែលបង្ហាញថា​ Storytelling មានសារៈសំខាន់នៅក្នុងអាជីវកម្ម ហើយម្ចាស់អាជីវកម្មទាំងអស់គួរគិតពិចារណាលើការប្រើប្រាស់ Storytelling នៅក្នុងអាជីវកម្មរបស់ខ្លួនឯង។

1. Storytelling ផ្តល់នូវគុណសម្បត្តិប្រកួតប្រជែង

គុណសម្បត្តិប្រកួតប្រជែង (Competitive Advantage) សំដៅលើគុណលក្ខណៈដែលអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់នូវការបង្កើតផលិតផលសេវាកម្មដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ជាងដៃគូប្រកួតប្រជែង ព្រមទាំងជួយធ្វើឱ្យអាជីវកម្មដំណើរការបានយូរអង្វែង ហើយក៏ពិបាកឱ្យដៃគូប្រកួតប្រជែងផ្សេងទៀតចម្លងតាមបានក្នុងរយៈពេលខ្លី។

បន្ថែមពីនេះ ប្រសិនបើក្រុមហ៊ុនមាន Storytelling វាកាន់តែផ្ដល់នូវគុណសម្បត្តិប្រកួតប្រជែង ដោយធ្វើឱ្យផលិតផលសេវាកម្មរបស់អ្នកស្ថិតនៅក្នុងការចងចាំរបស់អតិថិជន អាចយកឈ្នះលើអតិថិជន បង្កើតម៉ាកយីហោដ៏រឹងមាំ និងមានភាពលេចធ្លោរនៅក្នុងទីផ្សារ។ អ្វីដែលកាន់តែសំខាន់ទៀតនោះ Storytelling នឹងជំរុញឱ្យអតិថិជនកាន់តែមើលឃើញច្បាស់ពីគុណតម្លៃ និងភាពពិសេសរបស់ក្រុមហ៊ុនដែលនឹងផ្ដល់ជូនពួកគេ។

ជាឧទាហរណ៍ ក្រុមហ៊ុន​ Apple មានភាពលេចធ្លោរជាខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់លើផលិតផលរបស់ខ្លួនក្នុងទីផ្សារប្រកួតប្រជែង ដោយលោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple បានឡើងនិទានរឿងពីការចេញលក់ផលិតផល Apple របៀបដែលគាត់បានបង្កើតអត្ថប្រយោជន៍ផលិតផល Apple  និងរបៀបដែលវាជួយធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងទេពកោសល្យនៃការនិទានរឿងរបស់ Jobs ទៀតនោះ វាបានធ្វើឱ្យពិភពលោកបានចាប់អារម្មណ៍ជាខ្លាំងលើផលិតផលរបស់ Apple និងសម្លឹងឃើញនូវចំណុចសំខាន់ដែល Apple ផ្ដល់ជូនពួកគេ។

2. Storytelling បង្កើនប្រសិទ្ធភាព និងការចូលរួមរបស់បុគ្គលិក

ក្រុមហ៊ុនអាចរីកចម្រើន និងជោគជ័យបានឆាប់រហ័ស គឺចាំបាច់ត្រូវមានក្រុមបុគ្គលិកក្នុងការចូលរួម និងបង្កើតផលិតភាពការងារខ្ពស់សម្រាប់ក្រុមហ៊ុន។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់ David MacLeod និង Nita Clarke បានឱ្យដឹងថា ការនិទានរឿងបែបយុទ្ធសាស្រ្ត ជាវិធីមួយដែលល្អបំផុតក្នុងការភ្ជាប់ទំនាក់ទំនង និងជំរុញលើកទឹកចិត្តដល់ក្រុមការងារដើម្បីខិតខំបំពេញកិច្ចការងារចេញពីចិត្ត ពីបេះដូង និងព្យាយាមអស់ពីសមត្ថភាពដែលមាន។ ចំពោះរឿងដែលនិទានសម្រាប់បុគ្គលិក អាចមានដូចជារឿងរបស់ស្ថាបនិកដែលគាត់បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនឡើង រឿងដែលជះឥទ្ធិពលដល់អតិថិជន រឿងដែលជះឥទ្ធិពលដល់ក្រុមការងារ និងរឿងដឹកនាំជាក់លាក់ណាមួយជាដើម។

គួរបញ្ជាក់ផងដែរថា ការនិទានរឿងនោះ ត្រូវតែធានាថាវាទាក់ទាញអារម្មណ៍របស់ក្រុមការងារ ហើយវាស្ថិតនៅក្នុងបរិបទជាក់ស្ដែង និងមានគោលបំណងជាក់លាក់។ បន្ទាប់មក អ្នកក៏អាចជំរុញលើកទឹកចិត្តដល់ក្រុមការងារក្នុងការចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនដែលពួកគេជួបផងដែរ ដើម្បីធ្វើវាឱ្យក្លាយជាគំនិតផ្ដួចផ្ដើមសម្រាប់ក្រុមហ៊ុនទាំងមូល។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យបុគ្គលិកទាំងអស់កាន់តែមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន និងមិនងាយផ្លាស់ប្ដូរចិត្តចាកចេញពីក្រុមហ៊ុនរបស់អ្នកឡើង គឺមានតែការព្យាយាម និងចូលរួមសកម្មភាពនានាដើម្បីជួយក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនស្របតាមការរំពឹងទុក។

3. Storytelling ជួយភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងបង្កើតភាពស្មោះត្រង់ដល់ម៉ាកយីហោ

នៅក្នុងចំណុចនេះ សំដៅលើការប្រើបច្ចេកទេសនិទានរឿងដើម្បីធ្វើបទបង្ហាញផ្សព្វផ្សាយផលិតផលសេវាកម្មទៅកាន់ក្រុមអតិថិជនគោលដៅ ដើម្បីទាញចំណាប់អារម្មណ៍ឱ្យពួកគេបានស្គាល់ មានទំនុកចិត្ត និងការចូលចិត្តខ្លាំងលើម៉ាកយីហោរបស់អ្នក រហូតអាចបម្លែងអតិថិជនធម្មតាឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់ដល់ក្រុមហ៊ុន។ បន្ថែមពីនេះ ការនិទានរឿង ជាអ្វីដែលនឹងជំរុញឱ្យមនុស្សចាប់ផ្ដើមជជែកគ្នាអំពីម៉ាកយីហោរបស់អ្នក ព្រមទាំងជួយណែនាំប្រាប់គ្នាបន្ត និងជួយជំរុញការផ្សព្វផ្សាយលើប្រព័ន្ធសង្គមជំនួសអ្នកផងដែរ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ