Alexandr Wang ជាកូនប្រុសរបស់ជនអន្តោរប្រវេសន៍ចិនទៅអាមេរិក ហើយលោកក៏បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ បន្ទាប់ពីគាត់បានបង្កើត Scale Al ដែលជាក្រុមហ៊ុនជួយក្រុមហ៊ុនជាង 300 រួមទាំងក្រុមហ៊ុន General Motors, Flexport, Uber, Toyota, PayPal និង Airbnb បង្កើនប្រសិទ្ធភាពលើប្រព័ន្ធបញ្ញាសិប្បនិម្មិត។
នៅក្នុងឆ្នាំនេះ Alexandr Wang មានអាយុត្រឹមតែ 25 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន មួយពាន់លានដុល្លារ ហើយគាត់កាន់កាប់ 15% នៃScale ផងដែរ ដែលនេះគេចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេងបំផុតដែលបង្កើតឡើងដោយខ្លួនឯង នេះបើយោងតាមទស្សនាវដ្តី Forbes។
គួរបញ្ជាក់ផងដែរថា ភាពជោគជ័យរបស់លោក Wang គឺកើតចេញពីចក្ខុវិស័យនៃភាពជាសហគ្រិនដ៏អង់អាចពិតៗ មិនមែនជោគជ័យដោយសារស្ថិតនៅក្នុងត្រកូលមួយល្បីល្បាញផ្នែកធ្វើអាជីវកម្ម ឬមានទ្រព្យសម្បត្តិច្រើននោះឡើយ។
តើ Alexandr Wang បានធ្វើអ្វីខ្លះ ទើបគាត់អាចក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងបែបនេះ?
កាលនៅពីក្មេង លោក Wang ក៏ធ្លាប់បានបង្ហាញពីទេពកោសល្យផ្នែកគណិតវិទ្យា ដោយប្រកួតប្រជែងនៅក្នុងកម្មវិធី Olympiads និងកម្មវិធីប្រកួតប្រជែងនៅទូទាំងសហរដ្ឋអាមេរិក។ ចំណែកឪពុកម្តាយរបស់គាត់បានធ្វើការជាអ្នករូបវិទ្យាលើគម្រោងអាវុធសម្រាប់យោធារបស់សហរដ្ឋអាមេរិក ហើយលោក Wang បានធំធាត់នៅជិតមន្ទីរពិសោធន៍ជាតិ Los Alamos ក្នុងរដ្ឋ New Mexico ដែលជាកន្លែងសម្ងាត់របស់រដ្ឋាភិបាល គឺកន្លែងបង្កើតអាវុធនុយក្លេអ៊ែរដំបូងគេអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ ចំពោះប្រភេទការងារដែលឪពុកម្តាយរបស់Wang កំពុងធ្វើ វាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទស្សនៈពិភពលោករបស់គ្រួសារគាត់ ដែលជាហេតុធ្វើឱ្យ លោក Wang សម្រេចចិត្តបម្លែងខ្លួនឱ្យក្លាយជាអ្នកសរសេរកម្មវិធី ហើយមានទស្សនៈវិស័យចង់ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងពិភពលោកនេះ។
នៅអាយុ 17 ឆ្នាំ Wang បានធ្វើដំណើរទៅកាន់ Silicon Valley ដើម្បីទទួលបានការងារជាអ្នកសរសេរកម្មវិធីនៅគេហទំព័រ Q&A Quora។ នៅកន្លែងធ្វើការ Wang បានជួបជាមួយ Lucy Guo ដែលជាបុគ្គលល្បីឈ្មោះម្នាក់នៅលើបណ្ដាញសង្គម និងក៏ជាអ្នកជិតខាងរបស់តារាល្បីៗ ដូចជា David Beckham។ Wang និង Guo ក៏ចាប់ផ្ដើមបង្កើត Scale Al ជាមួយគ្នា។
នៅអាយុ 19 ឆ្នាំ លោក Wang បានបង្កើត Scale Al ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធបញ្ញាសិប្បនិម្មិត តាមរយៈជួយក្រុមហ៊ុននានាដាក់ទិន្នន័យជា Raw របស់ពួកគេធ្វើការសម្រាប់ AI និង Machine Learning។ Scale AI បានទាក់ទាញចំណាប់អារម្មណ៍ដល់ក្រុមហ៊ុនជាច្រើន ដែលកំពុងស្វែងរកការកែលម្អដំណើរការស្វ័យប្រវត្តិរបស់ពួកគេក្នុងការចម្លងយកសំឡេង ការទទួលស្គាល់រូបភាព និងការប្រមូលឯកសារ។
ការផ្ដល់មូលនិធិចំនួន 325 លានដុល្លារកាលពីឆ្នាំមុនបានវាយតម្លៃលើ Scale ដែលបង្កើតប្រាក់ចំណូលបានប្រមាណ 100 លានដុល្លារ ស្មើនឹង 7.3 ពាន់លានដុល្លារ ហើយភាគហ៊ុន 15% ដែល Wang កាន់កាប់មានតម្លៃស្មើនឹង មួយពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង តាមរយៈការបង្កើតក្រុមហ៊ុនដោយខ្លួនឯង និងកើតចេញពីការខិតខំដោយផ្ទាល់ខ្លួន មិនមែនក្លាយជាមហាសេដ្ឋីដោយសារមានវង្សត្រកូលជាមហាសេដ្ឋីអ្វីឡើយ។