កាលពីថ្ងៃទី10 ខែវិច្ឆិការនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្ដមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានថ្លែងថា “ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានចំងាយ 138 គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី3 កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា 5 គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ 1,638 លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ ប៉ុន្តែប្រវែងផ្លូវក៏ខ្លីជាងផ្លូវល្បឿនលឿនក្រុងព្រះសីហនុផងដែរ។ គម្រោងនេះនឹងបើកការដ្ឋាននៅឆ្នាំ2023 និងបញ្ចប់នៅចុងឆ្នាំ2026 ឬដើមឆ្នាំ2027”។