នៅពេលនិយាយអំពីទស្សនវិស័យ និងបេសកកម្ម ច្បាស់ណាស់អ្នកនឹងនឹកឃើញអំពីទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន។ តើអ្នកដឹងទេថា ហេតុអ្វីក្រុមហ៊ុនដែលជោគជ័យធំៗ ភាគច្រើនមានទស្សនវិស័យ និងបេសកកម្មក្រុមហ៊ុនច្បាស់លាស់? រីឯក្រុមហ៊ុនបរាជ័យ ឬក្រុមហ៊ុនខ្នាតតូចៗ ភាគច្រើនមិនសូវផ្ដោតខ្លាំងលើការបង្កើតទស្សនវិស័យ និងបេសកកម្មក្រុមហ៊ុនឡើយ?
ចម្លើយ គឺក្រុមហ៊ុនដែលមានទស្សនវិស័យ និងបេសកកម្មច្បាស់លាស់ ពួកគេងាយស្រួលរៀបចំផែនការយុទ្ធសាស្រ្តធ្វើសកម្មភាព ការដឹកនាំគ្រប់គ្រងចាត់ចែងក្រុមការងារក៏កាន់តែងាយស្រួលដោយផ្ដោតលើគោលដៅរួមមួយ និងសម្លឹងមើលឃើញអនាគតវែងឆ្ងាយសម្រាប់ក្រុមហ៊ុន។ រីឯក្រុមហ៊ុនដែលគ្មានទស្សនវិស័យ និងបេសកកម្មច្បាស់លាស់វិញ ពួកគេនឹងធ្វើអ្វីតាមតែនឹកឃើញ ដែលធ្វើឱ្យគោលដៅមានច្រើនសម្រាប់ក្រុមហ៊ុន និងពិបាកពង្រីកអាជីវកម្មឱ្យកាន់តែធំជាដើម។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាចំណុចសំខាន់មួយផ្នែកដែលបង្ហាញពីការមាន ឬមិនមានទស្សនវិស័យ និងបេសកកម្មក្រុមហ៊ុនច្បាស់លាស់។
បើក្រឡែកមកនិយាយអំពីជីវិតវិញ ក៏វាស្រដៀងគ្នាដែរ ដោយអ្នកអាចសង្កេត ឬសិក្សាអំពីបុគ្គលដែលជោគជ័យក្នុងជីវិតបន្ថែមដោយខ្លួនឯងបាន ថាតើអ្វីជាកត្តាសំខាន់ និងចម្បងដែលធ្វើឱ្យពួកគេជោគជ័យក្នុងជីវិតផ្ទាល់ខ្លួនឥតឈប់ឈរ?
ចំពោះចម្លើយលើសំណួរនេះនៅក្នុងខ្លឹមសារអត្ថបទនេះ គឺដោយសារតែពួកគេរស់នៅជាមួយនឹងទស្សនវិស័យ និងបេសកកម្មជីវិតរបស់ពួកគេ ថាតើពួកគេចង់សម្លឹងមើលអនាគតនៃជីវិតរបស់ពួកគេបែបណា? ហើយតើធ្វើបែបណា ដើម្បីសម្រេចវា?
ហេតុដូច្នេះ ចំពោះអ្នកវិញ តើអ្វីជាទស្សនវិស័យ និងបេសកកម្មជីវិតរបស់អ្នក? ហេតុអ្វីអ្នកត្រូវមានវា?
ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវចំណុចសំខាន់មួយចំនួននៃហេតុផលដែលអ្នកត្រូវតែមានទស្សនវិស័យ និងបេសកកម្មសម្រាប់ជីវិត។
1. អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់
នៅពេលអ្នកមានទស្សនវិស័យ និងបេសកកម្មជីវិត អ្នកនឹងកាន់តែដឹងថាខ្លួនឯងកំពុងធ្វើសកម្មភាពឆ្ពោះទៅរកអ្វី និងចង់បានអ្វីខ្លាំងសម្រាប់ជីវិត ព្រមទាំងដឹងអ្វីដែលជាចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង។ បន្ថែមពីនេះ អ្នកនឹងក្លាយជាមនុស្សដែលរស់នៅក្នុងជីវិតមួយ ដែលយល់ច្បាស់ថា “ខ្លួនឯងរស់ដើម្បីអ្វីពិតប្រាកដ”។ មិនត្រឹមតែប៉ុណ្ណោះនោះទេ អ្នកនឹងព្យាយាមយល់ខ្លួនឯងកាន់តែល្អជាងមុន អាចអភិវឌ្ឍន៍ខ្លួនឯងចំគោលដៅជាងមុន មិនឆាប់វង្វែងនឹងខ្លួនឯង ឆាប់សម្រេចគោលដៅជីវិត អាចកំណត់គុណតម្លៃ និងស្ដង់ដារជីវិតផ្ទាល់ខ្លួនបានយ៉ាងច្បាស់។
2. ជីវិតពោរពេញដោយកម្លាំងចិត្ត
ការដែលមានទស្សនវិស័យ និងបេសកកម្មជីវិត វានឹងជួយរក្សាកម្លាំងចិត្តដល់ជីវិតប្រចាំថ្ងៃរបស់អ្នក ពីព្រោះអ្នកតែងតែធ្វើសកម្មភាពទាំងឡាយណាដែលមានគោលដៅច្បាស់លាស់ និងជាអ្វីដែលខ្លួនឯងពេញចិត្តខ្លាំង ព្រមទាំងចង់សម្រេចវាឱ្យបាន ដូច្នេះទោះបីជាមានបញ្ហា ឬឧបសគ្គណាមួយកើតឡើង ក៏អ្នកអាចរិះរកគ្រប់វិធីដើម្បីជំនះ និងមិនអាចឆាប់អស់សង្ឃឹមក្នុងជីវិត ដែលអាចឈានដល់ការបោះបង់ឡើយ។
3. ការសម្រេចចិត្តបានត្រឹមត្រូវ
ទស្សនវិស័យ និងបេសកកម្មជីវិត នឹងជួយអ្នកឱ្យកាន់តែច្បាស់នៅក្នុងជីវិតថា តើអ្វីដែលអ្នកគួរចៀសវាង គួរពង្រឹងបន្ថែម គួរចំណាយពេល ឬមិនគួរចំណាយពេលច្រើនជាដើម? ហេតុនេះហើយ វានឹងជួយដល់អ្នកលើការសម្រេចចិត្តធ្វើអ្វីមួយបានលឿនៗ និងបានត្រឹមត្រូវជាងមុន។