spot_img
spot_img

អាតូម (Atom)

-

អាតូម

ថ្ងៃនេះ​ «គំនិត» សូមលើក​យកអត្ថបទ​មួយអំពី​ អាតូម​មកចែករំលែក​ជាមួយមិត្ត​អ្នកអាន​ទាំងអស់គ្នា។ ​ពាក្យថា​ «អាតូម» ជាពាក្យ​ខ្ចីមក​ពីភាសា​ក្រិចដែលជា​ភាសាកំណើត​នៃអ្នកប្រាជ្ញ​ក្រិចម្នាក់​ឈ្មោះ ឌីមូក្រីធូស (Democritus)។ នាពេលនោះមានតែលោកទេ ដែលគិតថា​ចុះបើយើង​ពុះច្រៀក​អ្វីទាំងអស់​នៅក្នុង​ពិភពលោក​យើងនេះ​ឲ្យទាល់តែ​ដល់ទីបំផុតមួយ​ដែល​វាមិនអាច​បំបែកត​ទៅទៀត​បាន​តើយើង​ទទួលបាន​អ្វីទៅដែរ?​គាត់បានឆ្លើយ​ចម្លើយនេះ​ដោយខ្លួនឯង​ដោយឲ្យឈ្មោះទៅ​បំណែក​ទាំងនោះ​ថា អាតូម (Atom ជាភាសា​ក្រិចបាន​ន័យថា​មិនអាច​បំបែក​បន្តទៀត​បាន)។ «គំនិត» សូមសង្ខេបចំនុចនេះត្រឹមនេះសិន ព្រោះប្រវត្តិ​នៃអាតូម​បើសរសេរវិញ​គឺ អាចវែង​ជាង ៥សៀវភៅទៅ​ទៀត។ ក៏ប៉ុន្តែថ្ងៃនេះ «គំនិត» នឹងលើក​យកចំណុច​សំខាន់ខ្លះៗ​ទាក់ទងនឹង​អាតូម​ដូចនេះសូម​រីករាយ និង សួរ​សំណួរ​នៅខាងក្រោម​បើមាន​ចម្ងល់។

បរមាណូ

តើពាក្យថា​អាតូម​នៃភាសា​ក្រិចមាន​ទំនាក់ទំនង​អ្វីនឹង​ពាក្យ​បរមាណូ​ដែរឬ​ទេ?

នៅក្នុង​ភាសាខ្មែរ​យើង​ពាក្យថា «បរមាណូ» មានន័យថា​ផង់ដែល​មាន​ទំហំតូចល្អិត​ក្រៃលែង ​បើបកស្រាយ​តាមវចនានុក្រម​ដែលរៀបរៀង​ដោយ​សម្តេចសង្ឃ​ជួនណាត។ ហើយបើ​យើង​វិភាគ​ពាក្យ​នេះឲ្យ​បានដិតដល់​មែនទែន​អត្ថន័យ​នេះពាក្យនេះ​ប្រហាក់ប្រហែល​ទៅនឹង និយមន័យ​នៃពាក្យ​អាតូម​​នាសម័យ​បុរាណ​របស់

លោក ឌីមូក្រីធូស (Democritus) ដែរ។ ចំណុច​នេះទាមទារ​ការស្រាវជ្រាវ​ដែលទាក់ទង​នឹងវិស័យ​គីមីវិទ្យា អក្សរសាស្រ្ត និង វិទ្យាសាស្រ្ត ជាច្រើនទៀត។ ទោះជាបច្ចុប្បន្ននេះ​អ្នកវិទ្យាសាស្រ្ត​បានរកឃើញ​នៅបំណែក​ដែល​​តូចជាង​អាតូម​​​ដែលគេឲ្យ​ឈ្មោះថា គ្វក (Quark)* ក៏ដោយក៏ទ្រឹស្តីនៃលោកឌីមូក្រីធូស (Democritus) ត្រូវបានគេឲ្យ​តម្លៃព្រោះ​គំនិត​លោក ជាអ្វី​ដែលដឹកនាំ​អ្នកវិទ្យាសាស្រ្ត​ឲ្យបន្តសិក្សា​រហូតសម្រេច​បាននូវ​របកគំហើញ​សព្វថ្ងៃ។

*«គំនិត»​នឹងលើក​យកអត្ថបទ​ទាក់ទង​នឹង គ្វក មកចែករំលែក​នាពេលក្រោយ។

ទម្រង់នៃអាតូម

តើអាតូមមានរូបរាងយ៉ាងដូចម្តេចទៅ? តើវាមានព៌ណដែរឬទេ?

 

តើមួយណាជាទម្រង់អាតូមឲ្យប្រាកដ?

បើអ្នកទាំងអស់​គ្នា​ធ្លាប់រៀន​ ឬ ចងចាំខ្លះៗ​នូវអ្វី​ដែលោកអ្នក​បានរៀន​នៅក្នុងមុខវិជ្ជា​គីមីវិទ្យា​អ្នកនឹង​ឆ្លើយថា អាតូម​មានរាងមូល​ដូចបាល់​ឬ​យើងហៅថា​ស្វ៊ែរ (Sphere)​។  អ្នកប្រហែល​ជាបន្ថែមទៀត​ថាអាតូម​ទាំងអស់​សុទ្ធតែ​មានព៌ណ​ទៅតាម​ប្រភេទ​អាតូម​ដូចជា អុកស៊ីសែន(ខៀវផ្ទៃមេឃ) អាស៊ូត (ក្រហម) ជាដើម​ទៅតាមការ​បង្ហាញរបស់​សៀវភៅផ្សេងៗ។ តាមការពិត​អាតូម​ទាំងនោះ​មិនប្រាកដ​ថាមាន​រាងជាស៊្វែរ​ទេ​ហើយវា​ក៏គ្មា ព៌ណអ្វីដែរ​ព្រោះ​អ្នកប្រាជ្ញមិនអាច​ទាន់អាច​កំណត់នូវលក្ខណៈទាំងនោះ​បាន​នៅ​ឡើយ​ទេ​ដោយហេតុ​ថា អាតូម ជាភាល្អិត​មួយដែល​អ្នកប្រាជ្ញ​ពឹងផ្អែក​លើ យុទ្ធវិធី​ប្រយោល​មួយចំនួន​ដោយប្រើប្រាស់​ឧបរណ៍ផ្សេងៗ​ដើម្បីសិក្សា​ពួកវា។ ការកំណត់​អាតូម​ឲ្យមាន​រាងជាស្វ៊ែរនេះ​ដើម្បីសម្រួល​ដល់ការសិក្សា​វាតែប៉ុណ្ណោះ។ ដូចបាន​ពន្យល់ខាងលើ​ទោះជា​និយមន័យ​នៃពាក្យអាតូមមាន​ន័យថាបំណែក​តូចបំផុត​ដែលមិនអាចពុះ​ច្រៀក​បន្តនោះ​ក៏ដោយ​បច្ចុប្បន្ន​អ្នកវិទ្យាសាស្រ្ត​បានរកឃើញ​ថា​នៅក្នុង​អាតូម​គេអាច​ចែកវា​ ជា​បំណែក​តូចជាង​នេះដែល​គេឲ្យឈ្មោះថា​ «អេឡិចត្រុង» (electron) ដែលមាន​បន្ទុក ដក «ប្រូតុង» (proton)​ដែលមាន​បន្ទុក បូក និង «ណឺត្រុង» (neutron) ដែលគ្មាន​បន្ទុក (ណឺត)។ តាមការ​បកស្រាយ​និងការរក​ឃើញរបស់​អ្នកវិទ្យាសាស្រ្ត​ទម្រង់នៃអាតូម​ត្រូវទទួល​កំណែប្រែ​ជាច្រើនលើក​ច្រើនសា​មកហើយ។ ហើយទម្រង់​និមួយៗ​ដែលពន្យល់​ដោយទ្រឹស្តី​ទាំងនោះ​អាចផ្លាស់ប្តូរ​បានទៅតាម​ទិន្នន័យថ្មីដែល​ទ្រឹស្តីចាស់មិនអាច​ពន្យល់បាន។ សូម្បីតែ​ទម្រង់អាតូម​បច្ចុប្បន្នដែលរក​ឃើញដោយ លោក អែរវីន ស្ឆ្រែតឌីងហ្គឺរ (Erwin Schrödinger) ដែលត្រូវបាន​គេគាំទ្រ​ហើយ​ជាទម្រង់​ដែលមាន​លក្ខណៈ​សមស្រប​ទៅនឹង​ទិន្នន័យ​និង​មានភាព​ជាក់ស្តែង​បំផុង​ក៏អាចនឹង​ទទួល​កំណែប្រែបាន​ដែរនៅពេល​ដែលទ្រឹស្តីនេះមិនអាច​ពន្យល់នូវ ទិន្នន័យ​ថ្មីដែល​អាចនឹង​ត្រូវបាន​រកឃើញ​នាពេល​អនាគត​។

«គំនិត»សូមស្លេះអត្ថបទនេះត្រឹមប៉ុណ្ណេះសិន។បើមានចម្ងល់អ្វីសូមសរសរវានៅក្នុង «ខមមិន» ខាងក្រោមអត្ថបទ។

ឯកសារយោង

ដកស្រង់ចេញពី សៀវភៅ Basic Chemistry by Zumdahl, 4th Edition, 2000.

ដកស្រង់ចេញពី http://en.wikipedia.org/wiki/Atom

ដកស្រង់ចេញពីhttp://nobeliefs.com/atom.htm

រូបភាពទី១៖ http://www.clker.com/cliparts/R/S/G/C/9/K/stylized-atom-md.png

រូបភាពទី១៖ ​ http://www.nrc.gov/reading-rm/basic-ref/students/images/ask.gif

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ