1. Topic: ឈោងខ្ពស់
បង ហេង វិសាល គាត់ថា៖ “ជីវិតស្រួលទេ តែមកពីយើងធ្វើឲ្យវាពិបាក បានវាពិបាកបែបហ្នឹង!!”
ហើយគាត់ក៏បាននិទានរឿងមួយអំពី ក្មេងប្រុសម្នាក់ ឈ្មោះ “ឈោង” គឺជានិស្សិតម្នាក់ដែលមានជីវិតភាពមិនសូវចាធូរធារប៉ុន្មានទេ ខ្វះមុខខ្វះក្រោយអីចឹងទៅ! ប៉ុន្តែគឺគាត់ចង់រស់ស្រួល គាត់ចង់មាន គាត់ចង់ទទួលបានអ្វីដែលគាត់ចង់បាន។ ដោយដំបូងហ្នឹង ឈោង គាត់ចង់បានតែមីញ៉ាំឲ្តតែឆ្អែតៗ ឲ្យតែរស់ៗសិនទេ ហើយចង់បានម៉ូតូមួយទុកគ្រាន់ជិះម៉ូតូទៅរៀន ទៅធ្វើការរាល់ថ្ងៃ។
ហើយប៉ុន្មានឆ្នាំក្រោយមក គាត់មានអារម្មណ៍សប្បាយចិត្ត ដោយសារតែគាត់អាចសម្រេចគោលដៅដែលគាត់បានដាក់ហ្នឹង មានន័យថាពីមុនមានតែមី មានតែម៉ូតូកញ្ជាស់ទេ ប៉ុន្តែឥលូវនេះ មានលុយអាចទិញរបស់ឆ្ងាញ់ៗញ៉ាំ មានម៉ូតូអូតូល្អជិះទៀត។ បន្ទាប់មក ឈោង ឃើញមិត្តភក្តិរបស់ខ្លួន មានលុយ មានឡាន មានផ្ទះនៅ ឈោងក៏ចង់បានដូចគេដែរ ព្រោះគាត់គិតថាវាអាចជួយឲ្យគាត់ហ្នឹងមានសុភមង្គល មានសេចក្ដីសុខជាងមុនមួយកម្រិតទៀត។
ប៉ុន្តែយូរៗទៅក៏កាន់តែយូរៗ មុខក៏ចាស់ ហត់ៗក៏ហត់ ហើយគាត់មានអារម្មណ៍ថា ហេតុអីបានជាសារហ្នឹងដូចពិបាកក្នុងការសម្រេចម៉េស?? តែឈោងនៅតែអាចសម្រេចគោលដៅនោះបាន គ្រានតែថា គាត់មានបន្ទុកកាន់តែច្រើនជាងមុន អារម្មណ៍មិនសូវសប្បាយ ហើយមុខចាស់ជាងមុនតែប៉ុណ្ណឹង។
និយាយទៅគឺថា មនុស្សចង់បានអត់ចេះចប់អត់ចេះហើយ មាន A ហើយចង់បាន B មាន Bហើយចង់បាន C ទៀត តែនេះគឺជាធម្មជាតិរបស់មនុស្សទៅហើយ ព្រោះយើងម្នាក់ៗមិនចង់បានអ្វីដែលដដែលៗទេ។
ចុះអ្នកទាំងអស់គ្នាឆ្ងល់អត់ថា ហេតុអ្វីបានជាពីមុខមានរបស់តិចតួចសោះ ម៉េចក៏ពេលនុងសប្បាយម៉េស?? តែឥលូវនេះមានរបស់របរច្រើនជាងមុន តែម៉េចបានអត់សប្បាយចិត្តចឹង?? ហេតុអី?? គឺមកពីយើងអត់ធ្វើឲ្យខ្លួនឯងមានអារម្មណ៍សប្បាយក្នុងការធ្វើកិច្ចការទាំងអស់នោះ គិតតែពីដាក់សម្ពាធឲ្យខ្លួនឯងរហូត បន្ទោសខ្លួនឯងរហូតអត់ចេះឈប់សោះ!
អញ្ចឹងយើងគប្បីព្យាយាមធ្វើរឿងអ្វីដែលយើងសប្បាយ ហើយធ្វើឲ្យយើងកាន់តែរីកចម្រើន និងអាចសម្រេចគោលដៅ! Enjoy the process!! ខ្ញុំចាប់អត្ថន័យបានតែប៉ុណ្ណឹងទេ!!
2. Topic: Level Up Business Communication with AI writing tool.
នៅក្នុង session មួយនេះ លោកសុខ សុភមង្គលគាត់បានលើកយកនូវបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការបកស្រាយ ពាក់ព័ន្ធជាមួយនឹង Chat GPT និងលក្ខណៈពិសេសមួយចំនួនដែលបច្ចេកវិទ្យាមួយអាចជំនួសមនុស្សបាន។ លោកបានបន្ថែមថា បច្ចុប្បន្ននេះបច្ចេកវិទ្យាគឺកាន់តែទំនើបជាងមុន ថ្មីជាងមុន និងអស្ចារ្យជាងមុន ដែលវាអាចធ្វើអ្វីៗបានដូចមនុស្ស និងពូកែជាងមនុស្សទៅទៀត! ដូច្នេះហើយ ប្រសិនបើយើងមិនព្យាយាមដុសខាត់សមត្ថភាពខ្លួនឯងឲ្យបានខ្លាំង មិនទម្លាប់ឲ្យខ្លួនឯងធ្វើការស្រាវជ្រាវ និងមិនបណ្ដុះខ្លួនឯងឲ្យមានចំណេះដឹងផ្នែកបច្ចកវិទ្យាទេនោះ នោះយើងនឹងដើរក្រោយគេជាមិនខាន ហើយឱកាសការងារនេះទៀតសោតក៏ពុំសូវមានច្រើនដូចពីមុនដែរ។
ហើយបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ឥលូវនេះគឺយើងអាចឲ្យបច្ចេកវិទ្យា Chat GPT ផ្ដល់ជូននូវចម្លើយមួយដែលយើងចង់បាន និងត្រូវការ ព្រមទាំងអាចឲ្យវាសរសេរនូវអ៊ីម៉ែល សរសេរ Caption, Description នៃផលិតផលណាមួយ ជាពិសេសនោះ គឺវាអាចថតជាវីដេអូន និងសរសេរជាទំនុកភ្លេងបានទៀតផង ហើយនៅមានច្រើនទៀត ដែល AI អាចធ្វើបាន!
សរុបមក ក្នុងសម័យឌីជីថលនេះ អ្នកគប្បីត្រូវយល់ដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា ទើបធ្វើឲ្យយើងមិនដើរថយក្រោយ។ បច្ចេកវិទ្យា នឹងមិនមកជំនួសអ្នកទាំងស្រុងនោះទេ ប្រសិនបើអ្នកចេះប្រើប្រាស់វា ដើម្បីធ្វើឲ្យការងារអ្នកកាន់តែងាយស្រួលជាងមុន និងរហ័សជាងមុន។
3. Topic: Eating Failures as Desserts! យកភាពបរាជ័យធ្វើជាបង្អែម!
នៅក្នុងការចែករំលែកកាលពីម្សិលមិញនេះ លោក Chin Tomith ដែលជា CEO/Founder IDEN Agency គាត់បានផ្ដល់ដំបូន្មានជាច្រើនដល់ទស្សនិកជនដែលបានចូលរួមកម្មវិធី Ignite
មិនខ្វល់ថាអ្នកទាំងអស់គ្នាមានក្ដីស្រមៃធំប៉ុណ្ណាទេ គឺអ្នកទាំងអស់គ្នាអាចធ្វើបាន ឲ្យតែអ្នកប្ដេជ្ញាចិត្តថា ខ្ញុំនឹងសម្រេចវា! អ្វីដែលនាងខ្ញុំចាប់អត្ថន័យរបស់គាត់បាននោះគឺគាត់បាននិយាយថា៖ គ្រប់ជំហានដែលយើងម្នាក់ៗអាចឆ្ពោះទៅរកភាពជោគជ័យដែលយើងប្រាថ្នាចង់បាននោះ គឺយើងគេចមិនផុតឡើយពីភាពបរាជ័យ ការស្ដីបន្ទោស ការរិះគន់ និងអ្វីផ្សេងៗជាច្រើនទៀត!
ប៉ុន្តែសួរថាប្រសិនបើយើងនៅតែបន្ទោសខ្លួនឯង នៅតែលិចលង់រស់នៅតែជាមួយភាពបរាជ័យ មិនព្រមក្រោកឡើងទេនោះ អ្នកប្រាកដជាបរាជ័យពេញមួយជីវិត ទទួលការមើលងាយពីមនុស្សជុំវិញខ្លួនពេញមួយជីវិត! ដូច្នេះជម្រើសគឺស្ថិតលើអ្នក ថាតើបន្ទាប់ពីអ្នកដួលហើយ អ្នកចង់ក្រោកឈរ ឬចង់ដេកចាំភ័ព្វសំណាង ឬចាំគេបោះដៃជួយ?? ពីព្រោះភាពបរាជ័យនេះ អ្នកមិនមែនជួបតែម្ដងហើយចប់នោះទេ គឺនៅមានច្រើនបន្តកន្ទុយគ្នាទៀត។
ការដែលយើងឆាប់ទុកចិត្តគេពេក វានឹងធ្វើឲ្យយើងគ្រោះថ្នាក់ តែវារឹតតែគ្រោះថ្នាក់ជាងនេះទៀត នៅពេលដែលជីវិតរបស់យើងពោរពេញទៅដោយភាពមន្ទិលសង្ស័យ។
មានតែសុទិដ្ឋិនិយមនេះហើយ ដែលជម្រុញឲ្យយើងនៅតែព្យាយាមបន្តធ្វើវា ក្រាញននៀលជាមួយវាម្ដងហើយ ម្ដងទៀតៗ។
4. Topic: ឱកាស
ឱកាស មានគ្រប់កន្លែង ប៉ុន្តែយើងចាប់វាដោយរបៀបណា??តាមរយៈលោក ជីសុផាត គាត់បានឲ្យនិយមន័យទៅលើឱកាសថា៖
– ឱកាស គឺជាពេលវេលា
– ឱកាស គឺជាស្រូបយកនូវចំណេះដឹង ឬជាការយកអ្វីមួយពីអ្នកដទៃ
– ឱកាស ជាហេតុបង្កើតផ្លូវ ដើម្បីរកស៊ី ហើយក៏ជាវិធីក្នុងការដោះស្រាយរបៀបនៃការដោះស្រាយ។
ដូច្នេះឱកាសវាអត់ដែលនៅថេរទេ ប៉ុន្តែយើងអាចបង្កើតឱកាសថ្មីសម្រាប់ខ្លួនឯងបាន រៀនសម្លឹងមើលឱកាសដើម្បីបង្កើតឱកាសឲ្យខ្លួនឯង!! ធ្វើខុសចេះកែ គឺជាការបង្កើតឱកាសមួយសម្រាប់ខ្លួនឯងដើម្បីបោះជំហានឈានទៅរកភាពរីកចម្រើន!
5. Topic: How to deal with imposter sydrome តើធ្វើយ៉ាងណាទើបអាចដោះស្រាយជាមួយនឹងរោគសញ្ញាក្លែងក្លាយបាន?
Imposter syndrome គឺជារោគសញ្ញាមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងគ្មានសមត្ថភាពខ្លាំងដូចគេ មានអារម្មណ៍ថាឆាប់ភ័យខ្លាច ឆាប់បាក់ស្បាត ចេះតែងសង្ស័យនេះ សង្ស័យនោះ មានអារម្មណ៍ថាមិនច្បាស់ជាមួយនឹងខ្លួនឯង មិនហ៊ានសាកល្បងធ្វើអ្វីដែលធំដុំ ជាដុំកំភួនអីនោះទេ ហើយក៏មិនហ៊ានបញ្ចេញសមត្ថភាពពិតឲ្យគេដឹងដែរ ព្រោះខ្លាចគេថាអន់ ខ្លាចគេខ្លួនឯងមិនពូកែដូចជាអ្វីដែលខ្លួនបានបង្ហាញនៅទីសាធារណៈ ឬនៅលើបណ្ដាញសង្គមជាដើម និយាយរួមគឺជាធ្វើពុតជាមនុស្សម្នាក់ទៀតដែលមិនមែនជាខ្លួនឯង។
ហើយនៅក្នុងកម្មវិធី Ignite Cambodia កាលពីថ្ងៃ 26 កុម្ភៈ 2023នេះ បងស្រី Cheryl ដែលជា Incubator Manager Platform impact គាត់បាននិយាយអំពីរបៀបនៃការរំដោះខ្លួនពីភាពមិនមែនជាខ្លួនឯង ឬភាពក្លែងក្លាយនៃខ្លួនឯងនេះផងដែរ។ គឺយើងត្រូវដឹងអំពីពីជំនាញរបស់ខ្លួនឯង! ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង! ដឹងអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯង!! ហើយឲ្យយើងគិត និងសរសេរវាចូលទៅក្នុងកន្លែងកត់ត្រា ដើម្បីសម្រាំង ឬសំយោគរកមើល ថាតើខ្លួនឯងមែនទែនទៅគឺជាមនុស្សបែបណា??
តាមរយៈការស្រាវជ្រាវ រោគសញ្ញាមួយនេះអាចបណ្ដាលឲ្យយើងមានអារម្មណ៍មិនសូវល្អ ឆាប់បាក់ទឹកចិត្ត ឫអស់កម្លាំងកាយកម្លាំងចិត្ត ហើយមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំងអស់។
6. Topic: គតិបណ្ឌិតបុរាណ សម្រាប់ចិត្តសម័យទំនើប
លោក នឹម ឈុន្នី គាត់នឹងចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្ត ដែលគាត់លើកយក៣ចំណុច
១. សមាធិ៖ ពេលធ្វើសមាធិ គឺវាបានផ្ដល់ឱកាសក្នុងការផ្សារភ្ជាប់ជាមួយនឹងអ្នកខ្លួនឯង អាចស្វែងយល់ពីខ្លួនឯងបានច្រើនជាងមុន និងជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុនផងដែរ។ បុគ្គលដែលមានសមត្ថភាពយល់ពីចិត្តរបស់ខ្លួនឯងបាន បុគ្គលដែលមានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន គឺជាមនុស្សដែលអាចគ្រប់គ្រង និងអាចដោះស្រាយបញ្ហាដែលមាននៅជុំវិញខ្លួនបានយ៉ាងងាយស្រួល!
២. ទម្លាប់៖ គាត់បានលើកសុភាសិតបុរាណមួយដើម្បីមកបង្ហាញទៅកាន់ទស្សនិកជននៅក្នុងកម្មវិធី ignite ថា ”តក់ៗពេញបំពង់” គ្រប់កិច្ចការងារទាំងអស់ដែលយើងធ្វើនោះ គឺមិនមែនធ្វើមួយថ្ងៃហើយជោគជ័យនោះទេ ហើយក៏មិនមែនរៀនមួយថ្ងៃចេះនោះដែរ មានន័យថា គឺវាតម្រូវឲ្យយើងហ្នឹង សន្សំវាម្ដងបន្តិចៗ ធ្វើវាម្ដងមួយជំហានៗ ដើម្បីឲ្យវាឆាប់ពីបំពង់ ឆាប់ដល់គោលដៅដែលអ្នកបានកំណត់នោះ។
ទម្លាប់តូចៗដែលយើងធ្វើរាល់ថ្ងៃ វានឹងធ្វើឲ្យយើងមានការផ្លាស់ប្ដូរ តែវាអាស្រ័យទៅលើរឿងដែរយើងត្រូវធ្វើដែរ។ បើយើងសេពគប់ជាមួយមនុស្សល្អ មានចំណេះដឹង ហើយចង់ចេះចង់ដឹង នោះជីវិតអ្នកនឹងកាន់តែល្អប្រសើរ ប៉ុន្តែបើរាប់មិត្តខុស ជីវិតអ្នកនឹងចប់!
គាត់ថា ក្នុងពេលមួយថ្ងៃប្រសិនបើយើងអាចបង្កើតរឿងល្អៗ ឬចាប់ធ្វើសកម្មភាពណាមួយដែលពោរពេញទៅថាមពល នោះក្នុងម៉្ងៃហ្នឹងអ្នកនឹងទទួលបានអារម្មណ៍ល្អ ហើយទទួលបានលទ្ធផលល្អទៀត ប៉ុន្តែបើយើងចាប់ផ្ដើមថ្ងៃថ្មីដោយភាពខ្ជិលច្រអូស ឬមិនដឹងច្បាស់ថាខ្លួនឯងនឹងធ្វើអ្វីទេ នោះពេញមួយថ្ងៃនេះ អ្នកប្រាកដជាចំណាយពេលឥតប្រយោជន៍ជាក់ជាពុំខាន។
៣. ការដឹងគុណ៖ ផឹកទឹកឲ្យមើលប្រភព មានន័យថាយើងគប្បីចេះដឹងគុណចំពោះអ្នកដែលធ្លាប់បានជួយអ្នក និងជួយអ្នកដែលនៅជុំវិញបន្តទៀត។
7. Topic: Use your fullest potential
លោកស្រី យឹម សុធារី គាត់គឺជាមនុស្សម្នាក់ដែលរវល់ ត្រូវមើលកូនផង ត្រូវថែសួនផ្កាទៀត ប៉ុន្តែ ហេតុអ្វីបានជាគាត់អាចញញឹមបាន?? មែនទែនទៅគឺគាត់មានវិធីសាស្ត្ររបស់គាត់។ អ្នកអានប្រហែលឆ្ងល់ដូចខ្ញុំអ្នកសរសេរហ្នឹងដែរហ្អីថា ចុមគ្រាន់តែញញឹមសោះមានវិធីសាស្ត្រទៀត??
លោកស្រី យឹម សុធារី គាត់មានវិធីមួយសម្រាប់ខ្លួនគាត់គឺ SelfCare ដែលគាត់តែងធ្វើគឺ បង្កើតបរិយាកាដែលគាត់ចូលចិត្ត ធ្វើការជាមួយមនុស្សដែលគាត់ចូលចិត្ត ចំណាយពេលជាមួយគ្រួសារ ចំណែកឯ ពេលធ្វើការគឺគាត់រក្សាលំនឹងចិត្តរបស់គាត់ មានន័យថា គាត់ផ្ដោតតែទៅលើអ្វីដែលគាត់ធ្វើទេ ហើយមួយទៀតនោះគឺ ការបង្កើតឥរិយាបថមួយដែលត្រឹមត្រូវដើម្បីតបតជាមួយនឹងបញ្ហាដែលកំពុងតែកើតឡើងនេះ ពោលគឺត្រូវដឹងថាពេលដែលជួបបញ្ហាមួយនេះតើយើងមូម៉ៅ? ឆេរឆាវ?? តក់ក្រហល់?? ឬមួយក៏ស្រែកដាក់បញ្ហាទាំងនោះ??
ដោយសារតែយើងម្នាក់ៗចៀសមិនផុតទេពីបទពិសោធន៍នៃការឈឺចាប់កាលពីអតីតកាល អញ្ចឹងលោកស្រីគាត់បានលើកយកនូវ៣ចំណុចដើម្បីប្រាប់យើងឲ្យដឹងថា៖ ចង់ចៀសផុតពីការឈឺចាប់ គឺ
១. ត្រូវយកអតីតកាលមកធ្វើជាមិត្ត មានន័យថារៀនទទួលយកនូវអ្វីដែលបានកើតឡើងកន្លងមក រៀនយកភាពឈឺចាប់ទាំងនោះធ្វើជាមេរៀន ហើយបន្តដំណើរទៅមុខទៀត។
២. ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក សួរខ្លួនឯងថាតើអ្នកចង់បានអ្វីឲ្យពិតប្រាកដ?? រកអ្នកជួយណែនាំអ្នកប្រសិនបើអ្នកនៅតែរកមិនឃើញពីចំណង់ចំណូលចិត្តនោះ។
៣. ការសម្រេចចិត្ត៖ ធ្វើការសម្រេចចិត្តថា ខ្ញុំចង់ក្លាយជាអ្នកណា?? ចង់បានអ្វី?? សម្រេចដោយរបៀបណា?? ហើយចាប់ផ្ដើមធ្វើវាទៅ!!