ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុយក្សចិន Country Garden ដែលទទួលរងគ្រោះដោយសារការបាត់ទំនុកចិត្តទីផ្សារអចលនវត្ថុក្រោយពីក្រុមហ៊ុនយក្សមួយទៀតChina Evergrandeមានបញ្ហាហិរញ្ញវត្ថុ បានស្គាល់រសជាតិកើនភាគហ៊ុន១៥%ឡើងវិញនៅទីផ្សារភាគហ៊ុនហុងកុងនៅថ្ងៃច័ន្ទនេះបន្ទាប់ពីម្ចាស់បំណុលបានព្រមព្រៀងពន្យាសងប្រាក់ដែលមានទឹកប្រាក់នៃប័ណ្ណបំណុលប្រមាណ៥៤០លានដុល្លារ។ទោះនេះជាការកើនឡើងច្រើនជាងគេក្នុងរយៈពេល៩ខែចុងក្រោយនេះក៏ដោយ តែនៅតែទាបជាងឆ្នាំមុន៦២%ដដែល។
បើយោងតាមកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលដែលមានចុះផ្សាយនៅលើទំព័រសាព័ត៌មានជាច្រើនកាលពីថ្ងៃសៅរ៍កន្លងទៅនេះ Country Garden ត្រូវបានអនុគ្រោះឲ្យពន្យាការបង់ប្រាក់ដើមដែលមានទំហំ៥៤០លានដុល្លារហូតដល់ឆ្នាំ២០២៦ តែតម្រូវឲ្យបង់ការប្រាក់ដូចកាលបរិច្ឆេទដើមដដែល។
បើទោះជាពេលនេះក្រុមហ៊ុនយក្សមួយនេះបានរួចខ្លួនមួយពេលនេះ កាលបរិច្ឆេទដែលត្រូវទូទាត់បំណុលមួយទៀតនឹងខិតជិតមកដល់ឆាប់ៗនេះ ដែលគេនឹងទន្ទឹងរង់ចាំថាតើវានឹងមានអ្វីកើតឡើង។
ថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការណ៍ជាច្រើនដើម្បីទប់ស្កាប់ហានិភ័យដែលអាចទាញទៅរកវិបត្តិកាន់តែធ្ងន់ធ្ងរដោយសារតែការបាត់ទំនុកចិត្តក្នុងវិស័យអចលនវត្ថុនេះ។