ថ្មីៗនេះ ម៉ាកស្រាដ៏ល្បីឈ្មោះនៅប្រទេសចិន Maotai ដែលគេតែងស្គាល់ជាស្រាសល្អផ្តាច់គេមួយ និងមានតម្លៃថ្លៃ និងជាតិអាល់កុលខ្ពស់បានសហការជាមួយនឹងហាងកាហ្វេដែលកំពុងតែពេញនិយមនៅចិនគឺ Luckinបង្កើតភេសជ្ជៈថ្មីមួយគឺកាហ្វេឡាទេម៉ៅថាយ។ ភេសជ្ជៈថ្មីនេះនឹងធ្វើឲ្យលោកអ្នកស្វាងផងស្រវឹងផង បានកំពុងតែផ្ទុះពេញបណ្តាញសារព័ត៌មានគ្រប់ទិសទី។ តើហេតុអ្វីបានជាម៉ាកស្រាចាស់វស្សា និងល្បីល្បាញសហការជាមួយនឹងហាងកាហ្វេLuckinដែលជាហាងទើបតែបង្កើតនេះ?អាចមានហេតុផល៣ដែលនាំឲ្យការសហការគ្នានេះកើតឡើង។
១. Luckin ជាហាងកាហ្វេដែលមានអ្វីថ្មីជានិច្ច
ហាងកាហ្វេLuckin គឺជាហាងកាហ្វេដែលតែងតែបង្កើតផលិតថ្មីជានិច្ច គឺបង្កើតភេសជ្ជៈថ្មីមួយក្នុងរយៈពេល៣ថ្ងៃ ដែលហាងដទៃពិបាកនឹងសម្រេចបាន។ ទោះជាហាងកាហ្វេStarbucks និងហាងតែគុជធំៗទៀតមានការបង្កើតថ្មីដែរក៏ដោយ សន្ទុះនៃការបង្កើតថ្មីរបស់ហាងកាហ្វេLuckin ធ្វើឲ្យហាងផ្សេងពិបាកនឹងធ្វើដូច ដែលធ្វើឲ្យអតិថិជនចាប់អារម្មណ៍ និងគាំទ្រម៉ាកហាងកាហ្វេថ្មីនេះជាច្រើន!
២. Luckin ទាក់ទាញអតិថិជនក្មេងៗបានច្រើន
ការសហការគ្នានេះគឺជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់ក្រុមហ៊ុនទាំងសងខាង។ សម្រាប់Luckin ការសហការជាមួយនឹងម៉ៅថាយគឺជាសម្រាប់បន្តបង្កើតនូវផលិតផលថ្មី និងភាពប្លែកអារម្មណ៍ដើម្បីទាក់ចិត្តអតិថិជន ហើយរីឯក្រុមហ៊ុនចាស់វស្សាស្រាម៉ៅថាយចង់ផ្សព្វផ្សាយស្រារបស់ខ្លួនដែលធ្លាប់តែល្បីល្បាញជាមួយនឹងអតិថិជនវ័យចាស់ មកចាប់ស្រទាប់យុវជនវ័យក្មេងឲ្យស្គាល់ និងចាំម៉ាកសញ្ញាស្រាមួយនេះ។
៣. Luckin មានសាខាច្រើន អតិថិជនច្រើន និងមានទិន្នន័យធំ
ថ្វីត្បិតតែហាងកាហ្វេនេះនៅក្នុងទីផ្សារមិនទាន់ចាស់វស្សាដូចហាងដទៃ តែហាងកាហ្វេម៉ាកនេះមានវត្តមាន ១ម៉ឺនហាង មានបុគ្គលិករាប់ម៉ឺននាក់ និងមានអតិថិជនចុះឈ្មោះជាសមាជិកជាង៤៣លាននាក់ និងមានប្រព័ន្ធគ្រប់គ្រងទិន្នន័យដើម្បីវិភាគពីចំណង់ចំណូលចិត្ត និងសកម្មភាពរបស់អតិថិជន ដែលអាចឲ្យពួកគេបង្កើតផលិតដែលត្រូវនឹងតម្រូវការ និងធ្វើការណែនាំទៅអតិថិជនដែលសក្តិសមនឹងផលិតផលបំផុត។