spot_img
spot_img
HomeគំនិតPlusតើធ្វើជាអ្នកដឹកនាំអស្ចារ្យក្នុងសម័យកាលមិនប្រកដប្រជា និងមានភាពស្មុគស្មាញដោយវិធីណា?

តើធ្វើជាអ្នកដឹកនាំអស្ចារ្យក្នុងសម័យកាលមិនប្រកដប្រជា និងមានភាពស្មុគស្មាញដោយវិធីណា?

-

នៅក្នុងបរិយាកាសធុរកិច្ចដែលមានការប្រែប្រួលលឿននាពេលបច្ចុប្បន្ននេះ អ្នកដឹកនាំប្រឈមមុខនឹងបញ្ហាជាច្រើនដែលកំណត់ដោយការប្រែប្រួល(Volatile) ភាពមិនប្រាកដប្រជា(Uncertainty) ភាពស្មុគស្មាញ(Complexity) និងភាពមិនច្បាស់លាស់(Ambiguity) ដែលវាមានពាក្យកាត់ថាVUCA។ មានប្រភពចេញពីមហាវិទ្យាល័យWar and Army នៃសហរដ្ឋអាមេរិក គោលការណ៍ VUCA ត្រូវបានរចនាឡើងដើម្បីយល់ពីភាពជោគជ័យនៃភាពជាអ្នកដឹកនាំនៅក្នុងគ្រាដ៏ច្របូកច្របល់បែបនេះ។ ទោះយ៉ាងណាក៏ដោយ ខណៈពេលដែលវាពិពណ៌នាយ៉ាងល្អនូវអ្វីដែលអ្នកដឹកនាំជោគជ័យធ្វើ វាមិនបានចង្អុរបង្ហាញឲ្យបានលម្អិតថាតើអ្នកដឹកនាំទាំងអស់ រីកចម្រើនលូតលាស់ដោយវិធីណា។ ក្នុងអត្ថបទធុរកិច្ចពីស្ថាប័នដ៏ល្បីល្បាញ Harvard Business Review, Angus Fletcher, Thomas L. Gaines, និង Brittany Loneyបានលើកយកប្រធានបទនេះមកពន្យល់ថាតើអ្នកដឹកនាំគួរធ្វើបែបណា ក្នុងសម័យកាលដែលលំបាក និងមិនប្រាកដប្រជានេះ។

ខ្លឹមសារនៃភាពជាអ្នកដឹកនាំនៅក្នុងពិភព VUCA ស្ថិតនៅលើសមត្ថភាពក្នុងការបង្កើត និងផ្សព្វផ្សាយចក្ខុវិស័យនៃអនាគត ដែលមានភាពបត់បែនគ្រប់គ្រាន់ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ហើយមានភាពច្បាស់លាស់គ្រប់គ្រាន់ដើម្បីផ្តល់នូវការប្រកួតប្រជែងខ្ពស់។ “ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ” នេះរួមបញ្ចូលនូវលក្ខណៈស្នូលដូចជា ភាពបត់បែន ការសហការ ការមើលឃើញទុកជាមុន ការស្តាប់សកម្ម និងការប្រាស្រ័យទាក់ទងច្បាស់លាស់។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមពិតប្រាកដមិនមែនគ្រាន់តែជាការយល់ដឹងអំពី VUCA ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវចេះធ្វើវា។ អ្នកដឹកនាំសម័យទំនើបត្រូវតែផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ដោយសង្កត់ធ្ងន់ទៅលើការធ្វើសេចក្តីសម្រេចដែលមានទិន្នន័យតិចតួច ដែលផ្តល់អាទិភាពដល់សមត្ថភាពខួរក្បាលរបស់មនុស្សក្នុងការធ្វើរឿងនេះឲ្យបានល្អ ខុសពីAI ដែលទាមទារឲ្យមានទិន្នន័យច្រើនដើម្បីអាចធ្វើការវិភាគ និងសម្រេចចិត្តបានត្រឹមត្រូវក្នុងកាលទេសៈមិនអាចប៉ាន់ស្មានបាន។ នេះពាក់ព័ន្ធនឹងការស្វែងរក “ព័ត៌មានពិសេស” – ការយល់ដឹងពិសេសដែលអាចដឹងថាជាសញ្ញានៃការគំរាមកំហែង ឬឱកាសដែលកំពុងកើតមាន។

ជាងនេះទៅទៀត អ្នកដឹកនាំគួរតែប្រកាន់យកនូវបច្ចេកទេសថ្មីៗដូចជា៖

ប្រើប្រាស់សំណួរសកម្ម៖ ជំនួសឱ្យការគ្រាន់តែស្តាប់សកម្ម សួរសំណួររសើបៗ និងចំចំណុចដែលអាចឲ្យយើងមើលឃើញកាន់តែស៊ីជម្រៅ និងស្វែងរកអ្វីដែលអាចលាក់បាំងនៅពីក្រោយ។

បង្កើនប្រសិទ្ធភាពអ្នករៀបចំផែនការ មិនមែនផ្តោតលើផែនការ៖ ភាពជាអ្នកដឹកនាំចាស់កំរិល​ភាគច្រើនគឺផ្តោតទៅលើការបង្កើតផែនការដែលល្អឥតខ្ចោះ។ តែនៅក្នុងសម័យកាលនេះ នៅពេលដែលអ្វីៗមិនប្រាកដប្រជា ការដែលចំណាយពេលច្រើនពេកទៅលើកការគិតធ្វើផែនការបែបនេះ គឺជាការខ្ចះខ្ជាយកម្លាំង និងពេលវេលាដែលភាគច្រើនផែនការទាំងនោះគឺមិនអាចប្រើប្រាស់បាន។ យើងត្រូវបណ្តុះផ្នត់គំនិតអ្នកដឹកនាំឲ្យត្រៀមខ្លួនរួចរាល់ក្នុងការគិតអំពីសេណារីយ៉ូទាំងអស់ដែលអាចកើតមានឡើង និងត្រៀមខ្លួនប្រឈមជាមួយនឹងវាប្រកបដោយភាពធន់ និងបត់បែន។

យកអារម្មណ៍ធ្វើជាសញ្ញាសម្រាប់ធ្វើការសម្រេចចិត្ត៖ ជំនួសឱ្យ​ការខំ​ប្រឹង​បង្រ្កាប​ ឬសង្កត់អារម្មណ៍​ដូចជា​ការ​ភ័យ​ខ្លាច និង​កំហឹងឲ្យស្ងប់តាមវិធីសមាធិ និងសម្រួលអារម្មណ៍ ចូរ​ប្រើ​វា​ជា​សញ្ញា​ដើម្បី​កំណត់​ឡើងវិញ និង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព។ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អដោយសារស្ថានភាពបច្ចុប្បន្ន ចូរអ្នកប្រើប្រាស់វាដើម្បី​រំឮកពីភាពជោគជ័យដែលអ្នកទទួលបាននៅក្នុងពេលដែលអ្នកធ្លាប់ជួបរឿងប្រហាក់ប្រហែលនេះ និងវិធីដោះស្រាយនៅពេលនោះ។ សកម្មភាពនេះ នឹងធ្វើឲ្យអ្នកដាស់អារម្មណ៍ខ្លួនឯងថា អ្នកធ្លាប់បានយកឈ្នះរឿងបែបនេះម្តងរួចមកហើយ។

ជារួម ខណៈពេលដែលអនាគតអាចភាពមិនច្បាស់លាស់ និងមិនប្រាកដប្រជា នៅពេលដែលយើងមានឧបករណ៍ និងផ្នត់គំនិតត្រឹមត្រូវ អ្នកដឹកនាំដោះស្រាយបញ្ហាប្រឈមទាំងនេះ និងដឹកនាំស្ថាប័នរបស់ពួកគេទៅកាន់ភាពជោគជ័យ។

អានអត្ថបទដើម

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ