spot_img
spot_img
HomeគំនិតPlusសៀវភៅអំពីសេដ្ឋកិច្ចចិនទើបនឹងចេញថ្មីដែលអ្នកគួរអានThe New China Playbook

សៀវភៅអំពីសេដ្ឋកិច្ចចិនទើបនឹងចេញថ្មីដែលអ្នកគួរអានThe New China Playbook

-

ថ្ងៃនេះខ្ញុំសូមណែនាំសៀវភៅមួយក្បាលដែលទើបនឹងបោះពុម្ភផ្សាយនាឆ្នាំ២០២៣នេះ ដែលសរសេរពាក់ព័ន្ធនឹងប្រព័ន្ធសេដ្ឋកិច្ចរបស់មហាយក្សជិតរបស់បណ្ឌិត Keyu Jin។ គាត់គឺជាសាស្ត្រាចារ្យជនជាតិចិនផ្នែកសេដ្ឋកិច្ចនៅThe London School of Economics and Political Science នៃចក្រភពអង់គ្លេស។ វាគឺជាសៀវភៅដ៏ល្អមួយ និងទាន់សម័យកាល ដែលសក្តិសមសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ច អ្នកនយោបាយ និងប្រជាជនទូទៅដែលចង់ចេះចង់ដឹង។

Jin Keyu, Professor of Economics, London School of Economics and Political Science, United Kingdom

ក្នុងសៀវភៅ New China Playbook: Beyond Socialism and Capitalism បណ្ឌិតKeyu Jin បានលើកឡើងថា ប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន មិនមែនគ្រាន់តែជាកូនកាត់នៃសង្គមនិយម និងមូលធននិយមនោះទេ ប៉ុន្តែជាគំរូថ្មី និងប្លែក។ គាត់បានហៅគំរូនេះថា “សង្គមនិយមជាមួយនឹងលក្ខណៈរបស់ចិន” ហើយគាត់ជឿថាវាគឺជាគន្លឹះនៃការបន្តភាពជោគជ័យរបស់ប្រទេសចិន។

បណ្ឌិត Jin ចាប់ផ្តើមដោយការតាមដានប្រវត្តិសាស្រ្តនៃកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន តាំងពីដើមដំបូងនៃអតីតប្រធានាធិបតី លោក តឹង សៀវភីង រហូតដល់បច្ចុប្បន្ន។ គាត់បានអះអាងថា រដ្ឋាភិបាលចិនតែងតែអនុវត្តតាមកាលទេសៈជាក់ស្តែង និងប្រាកដនិយមក្នុងវិធីសាស្រ្តកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយថាខ្លួនមានឆន្ទៈក្នុងការកែសម្រួលគោលនយោបាយរបស់ខ្លួនតាមតម្រូវការ។ ភាពបត់បែននេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

បណ្ឌិត Jin ក៏បានលើកឡើងលក្ខណៈសំខាន់ៗនៃគំរូសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន។ គាត់បានសរសេរថា រដ្ឋាភិបាលចិនដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច ប៉ុន្តែក៏អនុញ្ញាតឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងការប្រកួតប្រជែងទីផ្សារផងដែរ។ ការរួមបញ្ចូលគ្នានៃអន្តរាគមន៍របស់រដ្ឋ និងកម្លាំងទីផ្សារនេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ខណៈពេលដែលរក្សាបាននូវស្ថិរភាពសង្គមផងដែរ។ ជាក់ស្តែងរដ្ឋាភិបាលចិនអនុញ្ញាតិឲ្យមានការគ្រប់គ្រង និងអន្តរាគមបែបវិមជ្ឍការដល់ប្រព័ន្ធគ្រប់គ្រងតាមតំបន់ក្នុងការសម្រេចចិត្តជម្រុញវិស័យធុរកិច្ច ឧស្សាហកម្ម និងការវិនិយោគ។ ឧទាហរណ៍ជាក់ស្តែង នាយករដ្ឋមន្ត្រីអណត្តិថ្មីរបស់ចិនលោក Li Qiang គឺជាឧទាហរណ៍មួយ ដែលកំឡុងពេលដែលគាត់នៅកាន់ការនៅទីក្រុងសៀងហៃ បានទាក់ទាញក្រុមហ៊ុន Tesla ឲ្យដាក់ការវិនិយោគបង្កើតរោងចក្រដែលមានទុន២ពាន់លានដុល្លារ។ គម្រូម៉ូដែលនេះ បានជម្រុញឲ្យអ្នកគ្រប់គ្រងតំបន់ខ្លួននីមួយៗស្វះស្វែងរកវិធីក្នុងការទាក់ទាញការវិនិយោគ និងជម្រុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានភាពរីកចម្រើនដើម្បីជាការប្រកួតប្រជែងយកស្នាដៃរៀងៗខ្លួន។

ក្នុងសៀវភៅនេះក៏បានលើកឡើងពីគម្រូប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ប្រៀបធៀបជាមួយប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលមានភាពខុសគ្នាច្រើន និងលើកឡើងអំណះអំណាងមួយចំនួនអំពីបញ្ហាប្រឈមដែលចិនអាចជួបប្រទះផងដែរ។ បណ្ឌិត Jin បានលើកឡើងថា កត្តាដែលធ្វើឲ្យចិនតែងតែឆ្លងផុតអំពីគ្រោះថ្នាក់នៃវិបត្តិហរិញ្ញវត្ថុធំៗ គឺដោយសារតែការអន្តរាគម លូកដៃចូលជួយឥតឈប់ឈរពីសំណាក់រដ្ឋាភិបាល ដែលធ្វើឲ្យការវិភាគ និងទស្សន៍ទាយអំពីសេដ្ឋកិច្ចចិនពីសំណាក់អ្នកជំនាញលោកខាងលិចតែងតែមានការប៉ាន់ស្មានខុស។ គាត់ក៏បានលើកឡើងអំពីវិបត្តិហិរញ្ញវត្ថុដែលមានកើតឡើងនៅក្នុងវិស័យអចលនវត្ថុផងដែរ ដែលចិនកំពុងតែជួបប្រទះ និងមូលហេតុដែលវានបានកើតឡើង និងការប្រមើលមើលត្រួសៗផងដែរ។

ក្រៅពីនេះ បណ្ឌិត Jin ក៏បានលើឡើងអំពីស្ថានភាពនៃការរីកចម្រើននៃវិស័យបច្ចេកវិទ្យារបស់ចិន ដែលប្រទេសនេះធ្លាប់ត្រូវបានលោកខាងលិច និងប្រទេសជឿនលឿនផ្សេងៗទស្សន៍ទាយថាពិបាកនឹងមានការរីកចម្រើន តែមហាយក្សសេដ្ឋកិច្ចចិននេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលអំពីការវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបច្ចេកវិទ្យាAI និង Big Data ហើយក៏ជាប្រទេសមុនគេដែលបង្កើតបានបច្ចេកវិទ្យា5Gផងដែរ។ បច្ចេកវិទ្យាបានជ្រៀតចូលយ៉ាងស៊ីជម្រៅនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យាQR Code គឺមានច្រើនជាងសហរដ្ឋអាមេរិចរាប់សិបដង។ គាត់បាននិយាយថា ពេលខ្លះ នៅពេលដែលយើងរីកចម្រើនក្រោយគេ គឺជាគុណប្រយោជន៍មួយផងដែរ ដោយយើងដឹងថាគេដើរដោយរបៀបណា អ្វីដែលគេធ្វើជោគជ័យ ហើយអ្វីដែលមិនបានប្រសើរ ហើយយើងអាចកែខៃ និងធ្វើឲ្យបានប្រសើរជាង ឬមួយក៏យើងអាចហក់ផ្លោះសម័យកាលជាដើម។

បណ្ឌិតJin បញ្ចប់ដោយការជជែកវែកញែកថាគំរូសេដ្ឋកិច្ចថ្មីរបស់ចិនគឺជាជម្រើសថ្មីមួយដែលមិនមែន សង្គមនិយម ហើយក៏មិនមែនមូលធននិយមផងដែរ។ គាត់ជឿថា វាអាចផ្តល់នូវមធ្យោបាយមួយដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដោយមិនមានការលះបង់ទាំងសេរីភាពបុគ្គល ឬសុខុមាលភាពសមូហភាព។

តែទោះជាយ៉ាងណាក៏ដោយ សៀវភៅរបស់បណ្ឌិត Jin ត្រូវបានអ្នកខ្លះរិះគន់ការពាររដ្ឋាភិបាលចិនពេក និងមិនបានលើកយកចំណុចអាក្រក់ៗរបស់មហាយក្សចិន។ ទោះជាយ៉ាងណាក៏ដោយបណ្ឌិត Jin នៅតែអះអាងថាគោលដៅរបស់គាត់គឺគ្រាន់តែផ្តល់នូវការវិភាគដែលមិនលំអៀងទៅលើប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន។

សម្រាប់ខ្ញុំវិញ បណ្ឌិត Jin បានលើកឡើងទាំងចំណុចល្អៗ និងចំណុចខ្វះខាតរបស់ប្រព័ន្ធសេដ្ឋកិច្ច និងការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន ដែលសម្រាប់អ្នកចូលចិត្តស្រាវជ្រាវ អាចច្បិចយកចំណុចល្អៗទាំងនោះ មកធ្វើការច្នៃ និងសម្របឲ្យត្រូវនឹងបរិបទសេដ្ឋកិច្ច ដើម្បីជម្រុញសេដ្ឋកិច្ចក្នុងស្រុកឲ្យមានសន្ទុះលឿនទៅមុខ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ