spot_img
spot_img
Homeធុរកិច្ចយល់ដឹង​អំពី​ទីផ្សារ​មូលប័ត្រ៖ សញ្ញាប័ណ្ណ​

យល់ដឹង​អំពី​ទីផ្សារ​មូលប័ត្រ៖ សញ្ញាប័ណ្ណ​

-

ថ្ងៃនេះ​ “គំនិត”​ សូម​បង្វែរ​ប្រិយមិត្ត​អ្នក​អាន​ទាំងអស់​ទៅ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​វិញ​ម្ដង ។ អត្ថបទ​ថ្ងៃ​នេះ​​គឺ​ផ្ដោត​ទៅ​លើ​ សញ្ញា​ប័ណ្ណ​ ដែល​ជា​មូលប័ត្រ​មួយ​ប្រភេទ​ដែល​គេ​ជួញដូរ​លើ​ទីផ្សារ​មូលប័ត្រ ។

ផ្សារ​មូលប័ត្រ​តូក្យូ​

អ្វី​ទៅ​ជា​សញ្ញាប័ណ្ណ ?

សញ្ញាប័ណ្ណ​ជា​មូលប័ត្រ​ប្រភេទ​បំណុល​ បញ្ជាក់​អំពី​ភាព​ជាប់​បំណុល​របស់អង្គភាព​​បោះផ្សាយ​សញ្ញាប័ណ្ណនេះ​ចំពោះ​វិនិយោគិន ។ នេះ​បាន​ន័យ​ថា​វិនិយោគិន​ផ្តល់​កម្ចី​ដល់​អង្គភាព​​បោះផ្សាយ​មូលប័ត្រ​នេះ(ក្រុមហ៊ុន ឬ​ស្ថាប័នរដ្ធ) ហើយអង្គភាព​នោះ​​សន្យា​សង​ទុន​នោះ​វិញ (តម្លៃ​ចារឹក) ​ក្នុង​រយៈពេល​កំនត់មួយ (ឥណប្រទាន)​ និង​ក្រោម​អត្រា​ការប្រាក់​ថេរ​មួយដែល​បាន​កំនត់​ (អត្រាការប្រាក់កូប៉ុង) ។ សញ្ញាប័ណ្ណ​ផ្ដល់​ជា​លំហូរ​សាច់​ប្រាក់​ថេរ​ ជា​ប្រចាំ​រហូត​ដល់​ចុង​កាល​ឥណប្រទាន ។ ការ​បង់​ប្រាក់​កូប៉ុង​អាច​ជា​ ប្រចាំ​ឆ្នាំ​ ​ប្រចាំ​ឆមាស ឬ​គ្មាន​លំហូរ​សាច់ប្រាក់​ក្នុង​កំឡុង​ពេល​តែម្ដង អាស្រ័យ​លើ​អ្នក​បោះ​ផ្សាយ ។ ជាទូទៅ​នៅ​ ស.រ.អា ការ​បង់ប្រាក់​ច្រើន​ធ្វើ​ឡើង​ប្រចាំ​ឆមាស ។

អ្នក​បោះ​ផ្សាយ​សញ្ញាប័ណ្ណ​អាច​ជា​ ស្ថាប័ន​រដ្ឋ​ដូចជា រដ្ឋាភិបាល សាលា​ក្រុង ខេត្ត រាជធានី រតនាគារ ឬ​ជា​អង្គភាព​ឯកជន ជា​ក្រុមហ៊ុន ។​

សញ្ញាប័ណ្ណរដ្ឋ
សញ្ញាប័ណ្ណក្រុមហ៊ុន​ឯកជន

 

សារព័នសព្ទ​នៃ​សញ្ញាប័ណ្ណ

តម្លៃចារឹក (Par or Face value)៖ បរិមាណ​ទឹកប្រាក់​ដែល​វិនិយោគិន​នឹង​ទទួល​បាន​នៅ​ចុង​កាល​ឥណប្រទាន ជាទូទៅ​គឺ $១.០០០ នៅ​ស.រ.អា ។

អត្រា​ការប្រាក់​កូប៉ុង (Coupon Rate)៖  អត្រាការប្រាក់កំណត់នៅលើសញ្ញាប័ណ្ណ​ដែលអ្នកខ្ចីសន្យាទូទាត់សងវិញ តាមអត្រានោះ។ អត្រា​ការ​ប្រាក់​នេះ​ក៏​អាច​ស្មើ​សូន្យ​ដែរ ក្នុង​ករណី​នោះ​គឺ​ម្ចាស់​សញ្ញាប័ណ្ណនឹង​មិន​ទទួល​បានចំណូល​ជាប្រចាំ​ក្នុង​កំឡុង​ពេល​រង់ចាំ​កាល​កំណត់​នោះ​ទេ គឺ​គេ​ទទួល​បាន​តែ​តម្លៃ​ចារឹក​ប៉ុណ្ណោះ ។ សញ្ញាប័ណ្ណមាន​កូប៉ុង​សូន្យ​ ភាគច្រើន​ចេញ​ផ្សាយ​ដោយ​រតនាគារ​ ។

កូប៉ុង​ការប្រាក់ (Coupon)៖ សាច់​ប្រាក់​ដែល​ម្ចាស់​សញ្ញាប័ណ្ណ​នឹង​ត្រូវ​ទទួលក្នុង​មួយ​កំឡុង​ពេល​នៃ​លំហូរ​សាច់​ប្រាក់ ។ អង្គភាពអាច​

កូប៉ុង​ការប្រាក់ = (តម្លៃចារឹក x អត្រា​ការប្រាក់​កូប៉ុង) / ចំនួន​នៃ​ការបង់ប្រាក់​ក្នុង​មួយ​ឆ្នាំ

កាល​បរិច្ឆេទ​ឥណប្រទាន​ (Maturity Date)៖ កាល​បរិច្ឆេទ​ដែល​ម្ចាស់​សញ្ញាប័ណ្ណទទួល​នូវទុន​ (ស្មើ​តម្លៃ​ចារឹក) វិញអំពី​អ្នក​ចេញ​ផ្សាយ​វា ។

ទិន្នផល (Yield or Yield To Maturity)៖ ទិន្នផល​ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​លើ​មូលប័ត្រ ។

 

ភាព​ខុស​គ្នា​រវាង​សញ្ញាប័ណ្ណ​ នឹង​មូលប័ត្រ​កម្មសិទ្ធិ​

ការ​យល់​ដឹង​អំពី​ភាព​ខុសគ្នា​រវាង​មូលប័ត្រ​ទាំង​ឡាយ​ដែល​ធ្វើ​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​មូលប័ត្រ​ពិត​ជា​សំខាន់ ព្រោះ​វា​ផ្ដល់​ជម្រើស​ដល់​វិនិយោគិន​ លើ​កត្តា​ផ្សេងៗ​ដូចជា ហានិភ័យ ទិន្នផល លំហូរ​សាច់ប្រាក់ ឥណប្រតិទាន ជាដើម​។ ដោយ​ធ្វើ​ការ​វិនិយោគ​លើ​សញ្ញាប័ណ្ណ ​វិនិយោគិន​នឹង​ក្លាយ​ជា​ម្ចាស់​បំណុល​របស់​អង្គភាព​នេះ​ ខុស​ពី​ការ​វិនិយោគ​លើ​មូលប័ត្រ​កម្មសិទ្ធិ (ភាគហ៊ុន) ដែល​វិនិយោគិន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​​ទៅ​វិញ ។ វិនិយោគិន​លើ​សញ្ញាប័ណ្ណ​ក៏​មាន​​សិទ្ធិ​អទិភាព​លើ​ទ្រព្យ​ដែល​របស់​ក្រុមហ៊ុន​នៅពេល​ដែល​ ក្រុមហ៊ុន​ក្ស័យ​ធន រី​ឯ​វិនិយោគិន​លើ​មូលប័ត្រ​កម្មសិទ្ធិ​ត្រូវ​រង់ចាំ​រហូត​គ្រប់​បំណុល​ និង​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ទូទាត់​សង​រួចរាល់ ។

ដូចនេះសញ្ញាប័ណ្ណមាន​អត្រា​ហានិភ័យ​តិច​ជាង​មូលប័ត្រ​កម្មសិទ្ធិ តែ​ក៏​ផ្ដល់​ទិន្នផល​តិច​ជាង​មូលប័ត្រ​​កម្មសិទ្ធិ​ដែរ ។ ទន្ទឹម​នឹង​នេះ​ដែរ​ “គំនិត” ជឿជាក់​ថា​មិត្ត​អ្នក​អាន​នឹង​បាន​យល់​ដឹង​ជាង​មុន​ចំពោះ​មូលប័ត្រ​ប្រភេទ​នេះ ។

 

ឯកសារយោង៖
http://www.investopedia.com/terms/b/bond.asp

http://www.secc.gov.kh/khmer/m75.php?pn=2

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ