ប្រិយមិត្តប្រហែលជាធ្លាប់បានឮពាក្យចចាមអារាមជាច្រើនទាក់ទងនឹងឆ្នាំ២០១២ ដែលពួកគេបានទស្សទាយថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ គឺជាថ្ងៃបញ្ចប់ជីវិតនៅលើផែនដីយើងនេះ។ ការទស្សទាយនេះ គឺផ្អែកទៅលើប្រតិទិនរបស់ជនជាតិម៉ាយ៉ា (Maya)ដែលជាប្រតិទិនប្រតិទិនមួយដែលគេជឿថាជាប្រតិទិនដ៏វិសេស អាចទស្សទាយពីវដ្តជីវិតរបស់មនុស្សនៅលើផែនដី បានយ៉ាងត្រឹមត្រូវតាំងពីដើមមក។ ប្រតិទិននេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១២ ដែលជាហេតុធ្វើឲ្យមានការទស្សទាយថា ផែនដីយើងនេះនឹងត្រូវផ្ទុះ។ ខណៈពេលដែលមានការទស្សទាយដូចនេះ មានអ្នកវិទ្យាសាស្ត្រខ្លះបានលើកឡើងថានៅឆ្នាំ២០១២ភពផែនដីនឹងដើរស្របនឹងព្រះអាទិត្យ ហើយបច្ចុប្បន្ននេះ ព្រះអាទិត្យកំពុងតែស្ថិតក្នុងសភាពអស្ថេរភាព ហើយវានឹងឡើងដល់កម្រិតកំពូលនៅឆ្នាំ២០១២ ដែលនាំឲ្យបង្កើតបានជាព្យុះព្រះអាទិត្យហើយនឹងធ្វើការវាយប្រហារទៅលើភពផែនដី។ កម្លាំងព្យុះនេះ គឺមានថាមពលស្មើនឹងអាវុធប៉ារាម៉ាណូប្រមាណ១០លានគ្រាប់ដែលបង្កើតបានជាវិនាសកម្មយ៉ាងធំធេង ដូចជាការរញ្ជួយដីដ៏មហិមា រលកយក្សស៊ូណាមិជាដើម។
មានទ្រឹស្តីខ្លះទៀតបានលើកឡើងថា បច្ចុប្បន្ននេះ ភពផែនដីបាននឹងកំពុងធ្វើការផ្លាស់ប្តូរប៉ូល(ពីជើងប្រែទៅត្បូង នឹងផ្ទុយមកវិញ) ដែលបណ្តាលឲ្យដែនម៉ាញេទិច ដែលជាភ្នាក់ងារទប់កាំរស្មីយូវី របស់ព្រះអាទិត្យកុំឲ្យចូលមកភពផែនដីយើងនេះ កំពុងតែស្ថិតក្នុងកម្រិតមួយយ៉ាងទាបដែលនឹកស្មានមិនដល់។ ដោយសារតែភាពកម្សោយនៃដែនម៉ាញេទិចរបស់ផែនដី នឹងធ្វើឲ្យកាំរស្មីUVរបស់ព្រះអាទិត្យមានលទ្ធភាពចូលមកផែនដី ហើយធ្វើការបំផ្លាញស្រទាប់អូហ្សូន ដែលជាហេតុនាំឲ្យការធ្វើរស្មីសំយោគ (ការផលិតអាហាដោយខ្លួនឯង) របស់រុក្ខជាតិមានការបាត់បង់។ នៅពេលដែលរុក្ខជាតិងាប់អស់ សត្វនានានឹងគ្មានចំណីអាហារសម្រាប់ទ្រទ្រង់ ដែលបន្តិចម្តងៗនឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញទាំងស្រុង ហើយធ្វើឲ្យជីវិតនៅលើផែនដីទាំងមូលនឹងត្រូវបាត់បង់។
រីឯទ្រឹស្តីមួយផ្សេងទៀតបានលើកឡើងថា ស្តេចភ្នំភ្លើងដែលស្ថិតនៅ Yellwostone សហរដ្ឋអាមេរិកកំពុងតែមានសកម្មភាពយ៉ាងខ្លាំងក្លា ដែលត្រូវបានមនុស្សមួយចំនួនសន្មតថា វានឹងផ្ទុះឡើងនៅឆ្នាំ២០១២ខាងមុខនេះ។ សូមរំលឹកផងដែរថា ស្តេចភ្នំភ្លើងនេះ តែងតែផ្ទុះឡើង៦៥ម៉ឺនឆ្នាំម្តង ដែលរាល់ការផ្ទុះម្តងៗនឹងធ្វើឲ្យសាយភាយកំអែល និងផ្សែងពាសពេញពិភពលោក ហើយអាចធ្វើឲ្យផែនដីក្លាយជាភពទឹកកករយៈពេល១៥០០០ឆ្នាំ។ រីឯអ្នកខ្លះទៀតបាននិយាយថា ព្យុះព្រះអាទិត្យដែលគេសន្មតថានឹងបក់មកផែនដីនៅឆ្នាំ២០១២នោះ នឹងធ្វើឲ្យស្តេចភ្នំភ្លើងនៅYellowstoneនេះផ្ទុះឡើង។
ក្រៅពីនោះក៏មានមតិខ្លះលើកឡើងទៀតថា នៅឆ្នាំ២០១២ នឹងមានភពX (Planet X) នឹងធ្វើដំណើរទៅជិតព្រះអាទិត្យ។ ខណៈពេលដែលកំពុងតែចរខិតទៅជិតព្រះអាទិត្យនោះ ភាពអស្ថេរភាពរបស់ព្រះអាទិត្យដែលបង្កើតបានជាព្យុះព្រះអាទិត្យដែលមានកម្លាំងដ៏មហិមា បានបក់ទៅប៉ះនឹងភពX ឲ្យបង្វែរទិសដៅសំដៅមកភពផែនដីយើងនេះ។ ភពXនោះនឹងបុកជាមួយផែនដីដែលធ្វើឲ្យមានបន្ទុះភ្នំភ្លើង រញ្ចួយដី រលកយក្សស៊ូណាមិ ហើយជីវិតនៅលើផែនដីទាំងមូលនឹងត្រូវបាត់បង់។
ពាក្យចចាមអារាមដែលបារៀបរាប់ខាងលើនេះត្រូវបានអ្នកវិទ្យាសាស្ត្រជាច្រើនធ្វើការបដិសេធថាវាមិនអាចកើតទៅរួចនោះទេ។ បណ្ឌិត Holly G.lbert ជំនាញផ្នែក Solar Physicist នៃអង្គការអាវកាសណាសាបានលើកឡើងថា នៅឆ្នាំ២០០៣ ភពផែនដីក៏ធ្លាប់ទទួលការវាយប្រហារពីព្យុះព្រះអាទិត្យដ៏មហិមាដែលមិនធ្លាប់មានពីមុនមកផងដែរ ប៉ុន្តែមិនមានអ្វីកើតឡើងដូចដែលមនុស្សមួយចំនួនលើកឡើងនោះទេ គឺភពផែនដី ស្ថិតនៅល្អស្អាតដដែល។ សម្រាប់ភពXដែលគេបានលើកឡើងថានឹងបុកផែនដីនៅឆ្នាំ២០១២នោះ គឺវាមិនអាចទៅរួចនោះឡើយបើយោងតាមការចុះផ្សាយរបស់អង្គការណាសា។ ជាក់ស្តែង ភពX ដែលត្រូវបានគេលើកឡើងនោះ គឺគ្មានវត្តមាននៅក្នុងចក្រវាឡយើងនោះទេ ហើយប្រសិនបើវាមានមែន នោះយើងនឹងឃើញជាក់ជាមិនខាន។ សម្រាប់ប្រជាជនដើមម៉ាយ៉ាដែលជាម្ចាស់ប្រតិទិនវិញ ពួកគេមិនបារម្មណ៍អំពីឆ្នាំ២០១២នោះទេ ហើយពួកគេក៏មិនបានធ្វើការទស្សទាយថានឹងមានរឿងអ្វីកើតឡើងចំពោះភពផែនដី និងមនុស្សលោកយើងដែរ។ សម្រាប់ពួកគេ ថ្ងៃទី២១ ខែធ្នូរ ឆ្នាំ២០១២ខាងមុខនេះ គឺជាការបើកទំព័រសករាជថ្មី មិនមែនជាថ្ងៃបញ្ចប់នោះឡើយ។ មានអ្នកវិទ្យាសាស្ត្រជាច្រើនបានយល់ស្របគ្នាថា គ្មានអ្វីពិសេសសម្រាប់ឆ្នាំ២០១២នោះទេ ព្រោះថា រហូតមកដល់ពេលនេះ គ្មានបច្ចេកវិទ្យាណាដែលអាចទាយដឹងអំពីថ្ងៃណាដែលជាថ្ងៃអវសានរបស់ផែនដីបាននៅឡើយទេ។ ផែនដីអាចផ្ទុះបានគ្រប់ពេលវាលា ប្រហែលជាថ្ងៃស្អែក ខែក្រោយ ឆ្នាំក្រោយ ឬក៏សតវត្សក្រោយ គឺគ្មាននរណាដឹងពិតប្រាកដឡើយ។
ឯកសារយោង៖
-ភាពយន្តឯកសាររបស់BBC 2012 Apocypse