ភាពជាអ្នកដឹកនាំ តែងតែមានការវិវឌ្ឍឥតឈប់ឈរក្នុងសម័យកាលមួយទៅសម័យកាលមួយ ហើយក្នុងសម័យកាលឌីជីថលនេះ ដើម្បីក្លាយជាអ្នកដឹកនាំដ៏លេចធ្លោម្នាក់ក្នុងវិស័យដែលអ្នកកំពុងតែប្រកបអាជីព អ្នកត្រូវតែដើរឲ្យទាន់សម័យកាលផងដែរ។ សម្រាប់ន័យថា ជាអ្នកដឹកនាំក្នុងវិស័យ មិនមែនមានន័យថាអ្នកគឺជាមនុស្សម្នាក់ដែលមានក្រុមការងារធំជាងគេ ឬមានលុយជាងគេនោះទេ គឺយើងត្រូវផ្តោតទៅលើលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់នោះ និងឥទ្ធិពលរបស់គាត់នៅក្នុងអាជីព ឬវិស័យដែលគាត់កំពុងតែប្រកប។ ធ្វើជាអ្នកដឹកនាំក្នុងវិស័យនាសម័យកាលនេះ អ្នកត្រូវតែជាមនុស្សម្នាក់ដែលមានកម្លាំងជម្រុញចិត្តអ្នកជុំវិញ និងអ្នកដទៃ ធ្វើការពិភាក្សាផ្លាស់ប្តូរគំនិត ចក្ខុវិស័យ និងមានភាពសកម្មដើម្បីកសាងអនាគតវិស័យរបស់អ្នកឲ្យកាន់តែរឹងមាំ។
ខាងក្រោមនេះគឺជាជំហានទាំង៥ដែលអ្នកអាចអនុវត្តដើម្បីកសាងកេរ្តិ៍ឈ្មោះ និងកិត្តិនាមរបស់អ្នកក្នុងសម័យកាលឌីជីថលនេះ៖
១. កំណត់ដែនជំនាញរបស់អ្នក: ពិតណាស់ អ្នកអាចដឹងច្រើន និងចេះច្រើន។ ប៉ុន្តែគ្មានអ្នកជំនាញណាដែលចេះជំនាញគ្រប់មុខនោះ ហើយពូកែទាំងអស់នោះទេ។ ហើយក្នុងសម័យកាលឌីជីថលនេះ អ្នកគួរតែផ្តោតសំលាងខ្លួនឯងឲ្យក្លាយជាអ្នកជំនាញក្នុងអាជីពមួយ ដែលជំនាញនោះអ្នកស្រឡាញ់ចូលចិត្ត តែងតែតាមដាន និងអភិវឌ្ឍជាប់ជានិច្ច។ អ្នកអាចធ្វើតាមជំនាញក្នុងវិស័យវេជ្ជសាស្ត្រ ដែលមានតាមជំនាញរបស់ខ្លួនជាក់ច្បាស់ ដូចជាជំនាញបេះដូង ភ្នែក ធ្មេញ ក្រពះពោះវៀន ឬមហារីកជាដើម។ នៅពេលដែលអ្នកបង្ហាញថាអ្នកមានជំនាញណាជាក់ច្បាស់ វានឹងជួយកសាងកេរ្តិ៍ឈ្មោះរបស់អ្នកបានកាន់តែប្រសើរ និងធ្វើឲ្យមានទំនុកចិត្តកាន់តែខ្ពស់ផងដែរ។
២. បង្ហាញវត្តមាននៅលើអនឡាញ: សម័យកាលនេះ ដើម្បីក្លាយជាបុគ្គលដែលមានឥទ្ធិពល និងអ្នកដឹកនាម្នាក់នៅក្នុងវិស័យ អ្នកមិនអាចមិនប្រើច្រកផ្សព្វផ្សាយឌីជីថលនោះទេ។ អ្នកត្រូវតែបង្ហាញវត្តមានរបស់អ្នកប្រកបដោយវិជ្ជាជីវៈនៅលើបណ្តាញសង្គមណាដែលមានអ្នកប្រើប្រាស់ច្រើន និងទីណាដែលសម្បូរអ្នកនៅក្នុងវិស័យរបស់អ្នកចូលចិត្តប្រើ។ អ្នកត្រូវតែចែករំលែកគំនិតរបស់អ្នក ការយល់ឃើញ ការវិភាគនៅទីនោះឲ្យបានជាប់លាប់។
៣. បង្កើតមាតិការដែលមានគុណភាព និងគុណតម្លៃ: ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត និងការជឿជាក់ ការបង្ហោះអ្វីៗនៅលើបណ្តាញសង្គមគឺត្រូវធ្វើឲ្យបានហ្មត់ចត់បំផុត។ អ្នកត្រូវតែបង្ហាញថាអ្នកពិតជាអ្នកជំនាញ មានចក្ខុវិស័យវែងឆ្ងាយ មានការវិភាគ និងគំនិតជ្រៅ ហើយពោរពេញដោយចំណេះដឹង និងបទពិសោធន៍នៅក្នុងវិស័យរបស់អ្នកតាមរយៈការសរសេរ ការធ្វើវីដេអូចែករំលែក ឬpodcastជាសម្លេងជាដើម។ អ្នកត្រូវតែបង្ហាញភាពជាខ្លួនអ្នក មានលក្ខណៈប្លែកគេ និងពោរពេញដោយគុណតម្លៃ។
៤. កសាងទំនាក់ទំនងប្រកបដោយយុទ្ធសាស្ត្រ: អ្នកត្រូវតែចាប់ផ្តើមកសាងទំនាក់ទំនងជាមួយអ្នកដែលមានឥទ្ធិពលផ្សេងៗទៀតក្នុងវិស័យរបស់អ្នកដូចជាការចូលរួមកម្មវិធីជួបជុំជាមួយអ្នកជំនាញផ្សេងៗទៀត ចូលរួមជាមួយសមាគមក្នុងវិស័យរបស់អ្នកដែលមានឥទ្ធិពល ចូលរួមកម្មវិធិសិក្ខាសាលាដែលពាក់ព័ន្ធនឹងអ្នក ធ្វើជាវាលគ្មិនចែករំលែកបទពិសោធន៍ ឬក៏បង្កើតកម្មវិធីកិច្ចពិភាក្សាជាមួយនឹងអ្នកល្បីៗក្នុងអាជីពជាដើម។
៥. រស់ និងបង្ហាញភាពជាខ្លួនឯង: អ្នកអាចរៀនពីគ្រូរបស់អ្នក ចូលចិត្តអាយដលរបស់អ្នក តែត្រូវតែមានភាពជាខ្លួនឯង ជាជាងចម្លងចរិកលក្ខណៈពីនរណាម្នាក់។ ធ្វើជាខ្លួនឯង រស់ជាខ្លួនឯង និងដុសខាត់ចំណុចខ្លាំងរបស់អ្នកចេញមកបង្ហាញដល់អ្នកដទៃអំពីភាពខ្លាំងរបស់អ្នក។ មនុស្សទូទៅចូលចិត្តប្រាស្រ័យ និងចូលចិត្តអ្នកដឹកនាំណាម្នាក់ដែលមានភាពជាខ្លួនឯង មានភាពប្លែកពីគេបែបវិជ្ជមាន និងមិនមានពុតត្បុត ឬចរិតក្លែងក្លាយ។