ការចាប់ផ្តើមក្រុមហ៊ុនគឺជារឿងងាយស្រួល តែធ្វើឲ្យក្រុមហ៊ុនមួយមានភាពរឹងមាំ និងឈរជើងបានយូរអង្វែងជាពិសេសក្នុងសម័យកាលដែលមិនប្រាកដប្រជាគឺមិនមែនជារឿងធម្មតានោះទេ។ ថ្ងៃនេះខ្ញុំបានជួបជាមួយនឹងអគ្គនាយកបុរីមង្គលភ្នំពេញ លោក អាន រ៉ាឌី ដែលគាត់មានបទពិសោធគ្រប់គ្រងជាង10ឆ្នាំមកហើយមក ចែករំលែកអំពីភាពបទសោធន៍របស់លោកក្នុងការដឹកនាំក្រុមហ៊ុន រហូតទទួលបានការរីកចម្រើន និងមានភាពធន់មកដល់សព្វថ្ងៃនេះ។ លោកបាននិយាយថា លោកបានផ្តោតលើចំណុចស្នូល3យ៉ាងដើម្បីដឹកនាំក្រុមហ៊ុនឲ្យមានភាពមាំ ធន់ និងទទួលបានការគាំទ្រច្រើនពីអតិថិជនរហូតដល់សព្វថ្ងៃនេះ។
1. ហិរញ្ញវត្ថុ
លោកតែងតែមានភាពច្បាស់លាស់ និងប្រយ័ត្នប្រយែងចំពោះកត្តានេះ ព្រោះវាគឺជាដង្ហើមរបស់ក្រុមហ៊ុន។ ជាក់ស្តែងមុននឹងចាប់ផ្តើមអភិវឌ្ឍគម្រោង លោកតែងតែមានត្រៀមហិរញ្ញវត្ថុរួចជាស្រេច គឺមានន័យថា រាល់ការបើកគម្រោងម្តងៗ គឺលោកតែងតែធ្វើរហូតដល់ចប់ចុងចប់ដើម ហើយជាទូទៅធ្វើហើយមុននឹងការលក់ទៅទៀត។ ក្រុមហ៊ុនតែងតែរក្សាកេរ្តិ៍ឈ្មោះយ៉ាងល្អ ដោយមិនដែលធ្វើឲ្យមានការខកខានសំណង់មិនរួចរាល់ ឬក៏ប្រវត្តិសងលុយអតិថិជនដោយសារតែសំណង់មិនមាននោះទេ គឺតែងតែប្រគល់ផ្ទះឲ្យអតិថិជនទាន់ពេលវេលា។
2. ផលិតផល
លោកតែងតែយកចិត្តទុកដាក់លើគុណភាពលំនៅដ្ឋាន គឺសំណង់រឹងមាំ និងស្រស់ស្អាត។ សម្ភារ:សំណង់សុទ្ធតែប្រើប្រាស់តាមលក្ខណ:ស្តង់ដារបច្ចេកទេសខ្ពស់ ថ្នាំលាបគឺជាប្រភេទថ្នាំដែលជាប់បានយូរ សឹងតែសំណង់5ឆ្នាំឡើងហើយនៅតែឃើញស្រស់ស្អាតនៅឡើយ។ ក្រៅពីសំណង់ លោកក៏តែងតែធ្វើការកែលម្អរពីគម្រោងមួយទៅមួយដោយបញ្ចូលនូវការរស់នៅសម្បូរបែប និងផាសុកភាព ដើម្បីបំពេញតម្រូវការអតិថិជនសម័យថ្មីដោយបញ្ចូលនូវសួនច្បារចម្រុះពណ៌ មានធម្មជាតិបៃតង កន្លែងក្មេងលេងកម្សាន្ត និងកន្លែងសម្រាប់ជួបជុំជាសហគមន៍ ក៏ដូចជាការបង្កើតវគ្គហាត់ប្រាណផ្សេងៗសម្រាប់អតិថិជនដែលរស់នៅក្នុងបុរី ជាក់ស្តែងនៅក្នុងគម្រោងទី៨របស់បុរីជាដើម។
ក្រៅពីនេះ លោកក៏បានយកចិត្តដាក់យ៉ាងខ្លាំងទៅលើសេវាកម្មជូនដល់អតិថិជនផងដែរ។ នៅពេលដែលមានបញ្ហាបន្តិចបន្តួច លោកតែងតែផ្តល់ដំបូន្មានឲ្យបុគ្គលិកយកចិត្តទុកដាក់ក្នុងការដោះស្រាយឲ្យអតិថិជនបន្ទាន់។ ហើយពេលខ្លះ ក្នុងករណីដែលបុគ្គលិកមិនអាចដោះស្រាយបានល្អ លោកក៏បានចុះទៅធ្វើការពិនិត្យដោយផ្ទាល់ផងដែរ ដើម្បីបំពេញចិត្តអតិថិជន។
3. ធនធានមនុស្ស
លោក អាន រ៉ាឌីយកចិត្តទុកដាក់យ៉ាងខ្លាំងលើធនធានមនុស្ស ព្រោះថាពួកគាត់គឺជាអ្នកជួរមុខដែលតំណាងឲ្យក្រុមហ៊ុន ហើយគឺជាអ្នកដែលជួយឲ្យបុរីទទួលបានភាពជោគជ័យរហូតដល់ពេលបច្ចុប្បន្ននេះ។ លោកថា សម្រាប់ការគ្រប់គ្រងលើធនធានមនុស្សនេះ លោកមាន5ចំណុចសំខាន់ៗដែលក្នុងនោះគឺ
- ទំនាក់ទំនង : រវាងលោក ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់រូបមានការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងល្អ និងមានភាពស្អិតរមួត។ រាល់ពេលមានបញ្ហាអ្វីដែលត្រូវលើកយកមកពិភាក្សាគឺលោក និងបុគ្គលិកទាំងអស់តែងតែជាប់គ្នាផ្ទាល់ ហើយដោះស្រាយបានយ៉ាងជាប់លាប់។
- ការកំណត់គោលដៅ : ក្រុមហ៊ុនតែងតែលក់ទឹកចិត្តឲ្យបុគ្គលិកដាក់គោលដៅលើកិច្ចការអ្វីមួយ ដើម្បីឲ្យមានភាពច្បាស់លាស់។ នៅពេលមានភាពច្បាស់លាស់នេះ បុគ្គលិកនឹងដឹងថាខ្លួនត្រូវធ្វើអ្វី និងត្រូវកែប្រែអ្វីដើម្បីអភិវឌ្ឍជាបន្តបន្ទាប់។
- ការលើកទឹកចិត្ត : លោកតែងតែធ្វើឲ្យគ្រប់គ្នាមានភាពកក់ក្តៅដូចជាគ្រួសារ។ រាល់ពេលនរណាម្នាក់ធ្វើបានល្អ សម្រេចបានគោលដៅ លោកតែងតែធ្វើការកោតសរសើរ និងផ្តល់ជារង្វាន់ ដើម្បីឲ្យពួកគាត់កាន់តែខិតខំប្រឹងប្រែងនិងភាពវិជ្ជមាន។
- ការបណ្តុះបណ្តាលសមត្ថភាព : កត្តានេះពិតជាសំខាន់ណាស់ដើម្បីឲ្យក្រុមហ៊ុនអាចវិវឌ្ឍខ្លួនទៅមុខជាប់ជានិច្ច។ កុំថាឡើយសម្រាប់បុគ្គលិក សូម្បីតែលោកផ្ទាល់ក៏តែងតែទទួលការបណ្តុះបណ្តាលបន្ថែមដែរព្រោះសម័យកាលមានការប្រែប្រួលលឿនណាស់ ហើយឥឡូវគឺចូលដល់សម័យកាលAI ហើយដែលធ្វើឲ្យយើងត្រូវតែខិតខំដើរឲ្យបានទាន់សម័យកាល។ លោកតែងតែអញ្ចើញអ្នកបណ្តុះបណ្តាលជំនាញៗដើម្បីមកអភិវឌ្ឍសមត្ថភាពបុគ្គលិក ដើម្បីអាចឲ្យពួកគាត់រៀនបានូវអ្វីដែលថ្មីជានិច្ច។
- ការចាត់តាំងតួនាទីឲ្យត្រូវ : មុននឹងដាក់បុគ្គលិកណាក្នុងតំណែងអ្វីមួយ លោកតែងតែមើលថាតើគាត់មានទេព្យកោសល្យអ្វី ជំនាញអ្វី ហើយដាក់ឲ្យត្រូវដើម្បីមានភាពរីកចម្រើនលឿន។ ប្រសិនបើម្នាក់នោះជាអ្នកពូកែទំនាក់ទំនង និងចូលចិត្តជួបមនុស្ស គាត់គឺសក្តិសមនឹងធ្វើជាអ្នកលក់ ហើយប្រសិនបើគាត់គឺមានទេព្យកោសល្យច្នៃប្រឌិត និងគំនិតថ្មី គាត់គួរទៅធ្វើនៅក្នុងមុខងារម៉ាឃិធីង ប្រសិនបើគាត់ពូកែនឹងតួរលេខ គាត់គួរធ្វើកិច្ចការគណនេយ្យ និងហិរញ្ញវត្ថុជាដើម។