ការសរសេរគោលដៅរបស់ខ្លួនឯងគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីសម្រេចបានជោគជ័យ។ នៅពេលអ្នកដាក់គោលដៅរបស់អ្នកលើក្រដាសមើលទៅហាក់បីដូចជាការអនុវត្តនេះសាមញ្ញពេក ក៏ប៉ុន្តែភាពសាមញ្ញនេះមានអានុភាពខ្លាំងណាស់ដែលអាចបង្កើនឱកាសនៃជោគជ័យទៅដល់អ្នកបាន។ ខាងក្រោមនេះជាហេតុផល ៥យ៉ាង ដែលអ្នកគួរតែសរសេរគោលដៅរបស់អ្នក៖
បញ្ជាក់ពីចក្ខុវិស័យរបស់អ្នក៖ ការសរសេរគោលដៅរបស់អ្នកជួយបង្វែរគំនិតមិនច្បាស់លាស់ទៅជាគោលដៅច្បាស់លាស់ និងអាចធ្វើសកម្មភាពជាក់លាក់បាន។ ហើយអ្នកនឹងដឹងថាអ្នកគួរតែចាប់ផ្តើមពីចំណុចណាមុន និងធ្វើការបញ្ចប់នៅពេលវេលាណាមួយ។
បង្កើនទំនួលខុសត្រូវ៖ ការមានគោលដៅច្បាស់លាស់នោះអ្នកនឹងកាន់តែមានទំនួលខុសត្រូវនៅលើកិច្ចការដែលអ្នកធ្វើ ។ វាដូចជាការរំលឹកអ្នកឥតឈប់ឈរអំពីអ្វីដែលអ្នកកំណត់ដើម្បីសម្រេចបាន ដែលជំរុញកម្លាំងចិត្តអ្នកឱ្យបន្តដំណើរតទៅមុខ។ អ្នកអាចពិនិត្យមើលឡើងវិញនូវគោលដៅរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃពីដំណើរការនៃការធ្វើកិច្ចការនោះ និងធ្វើការកែតម្រូវនូវចំណុចណាមួយឱ្យប្រសើរឡើងវិញ។
ការផ្តោតអារម្មណ៍ និងការលើកទឹកចិត្ត៖ គោលដៅដែលបានសរសេរផ្តល់នូវទិសដៅច្បាស់លាស់ និងធ្វើឱ្យអ្នកមានការផ្តោតអារម្មណ៍បានល្អ ព្រោះថាអ្នកដឹងថាខ្លួនធ្វើអ្វីបន្តទៀត ។តាមរយៈការបំបែកគោលដៅធំជាងទៅជាកិច្ចការតូចៗដែលអ្នកអាចគ្រប់គ្រងបាន និងធ្វើបានយ៉ាងងាយស្រួលដោយគ្មានភាពស្មុកស្មាញ ថែមទាំងអាចរក្សាទឹកចិត្ត ឱ្យអ្នកបន្តធ្វើសកម្មភាពនោះឱ្យជាប់លាប់ជាប្រចាំផងដែរ។
បង្កើនការប្តេជ្ញាចិត្ត៖ កាលណាអ្នកបានសរសេរនូវគោលដៅរបស់អ្នកដាក់ទៅក្នុងប្រដាស ដោយនៅក្នុងនោះមាននូវកិច្ចការជាផ្នែកៗដែលអ្នកបានសម្រេចបានមួយចំនួន។ការឃើញនូវសមិទ្ធផលតូចៗនៅក្នុងដំណើរក្នុងការឆ្ពោះទៅកាន់គោលដៅរបស់អ្នក។ វាជាផ្នែកមួយដែលជួយជំរុញ និងរំលឹកអ្នកថាបន្តិចទៀតអ្នកនឹងឆ្ពោះទៅដល់គោលដៅនោះជាក់ជាមិនខាន។
ឆ្លុះបញ្ចាំងនូវដំណើរការរបស់អ្នក៖ ការសរសេរគោលដៅនឹងធ្វើឱ្យអ្នកដឹងនូវដំណើរការនៃការប្រព្រឹត្តទៅរបស់ខ្លួនឯងថា តើអ្នកបានធ្វើកិច្ចការនៅផ្នែកណាមួយបានសម្រេចរួចរាល់ ហើយតើនៅសល់ប៉ុន្មានទៀតទើបទៅដល់គោលដៅនោះ។
សរុបមក ការសរសេរគោលដៅរបស់អ្នកបានផ្តល់នូវភាពច្បាស់លាស់ ទំនួលខុសត្រូវ និងរក្សាបាននូវទឹកចិត្ត ដើម្បីឱ្យអ្នកមានឆន្ទៈកាន់តែខ្លាំងក្នុងការបន្តដំណើរឆ្ពោះតទៅកាន់គោលដៅនោះ។