Home ទូទៅ ច្បាប់មាសទាំង9 នៃការមានវិន័យលើខ្លួនឯងដែលបុគ្គលជោគជ័យគ្រប់រូបអនុវត្តតាម

ច្បាប់មាសទាំង9 នៃការមានវិន័យលើខ្លួនឯងដែលបុគ្គលជោគជ័យគ្រប់រូបអនុវត្តតាម

ការមានវិន័យគឺជាកត្តាសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្ទាល់ខ្លួន និងកិច្ចការងារដែលចាំបាច់។ វាបានផ្តល់ឱ្យបុគ្គលម្នាក់ៗរក្សាបានការផ្តោតអារម្មណ៍ ជំនះបាននូវឧបសគ្គ និងខិតខំប្រឹងប្រែងធ្វើការឱ្យអស់ពីសមត្ថភាព។ ខាងក្រោម​នេះ​ជា​ច្បាប់​មាស​ប្រាំបួន​ដើម្បី​ជួយ​អភិវឌ្ឍ​វិន័យ​ខ្លួនឯង៖

1.កំណត់គោលដៅច្បាស់លាស់

ដើម្បីអភិវឌ្ឍការកំណត់វិន័យមកលើខ្លួនឯង វាពិតជារឿងសំខាន់ក្នុងការកំណត់គោលដៅឱ្យបានជាក់លាក់ ដែលអាចឱ្យអ្នកកំណត់នូវពេលវេលាក្នុងការសម្រេចគោលដៅបានច្បាស់លាស់។ ដូចនេះអ្នកត្រូវធ្វើការបំបែកគោលដៅធំៗ ទៅជាផ្នែតូចៗដែលជួយធ្វើឱ្យអ្នករក្សាបាននូវកម្លាំងចិត្ត និងអាចតាមដានវឌ្ឍនភាពនៃកិច្ចការងារនោះ។

2.អភិវឌ្ឍទម្លាប់ឱ្យបានជាប់លាប់

ការខិតខំ ព្យាយាមជារៀងរាល់ថ្ងៃរហូតក្លាយទៅជាទម្លាប់ គឺជាមូលដ្ឋានគ្រឹះនៃការមានវិន័យមកលើខ្លួនឯង។ ចូរផ្តោតលើការបង្កើតទម្លាប់វិជ្ជមានឱ្យបានជាប្រចាំដែលគាំទ្រដល់គោលដៅរបស់អ្នក ដូចជាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ឬកំណត់ពេលវេលាសម្រាប់ការកសាងជំនាញ។ ចាប់ផ្តើមពីទម្លាប់តូចៗ ហើយបង្កើតទម្លាប់ទាំងនោះបន្តិចម្តងៗ រហូតក្លាយទៅជាទម្លាប់ដោយស្វ័យប្រវត្តិ។

3.ផ្តល់អាទិភាពដល់កិច្ចការដែលចាំបាច់

មនុស្សដែលមានវិន័យលើខ្លួនឯង គឺពូកែក្នុងការផ្តល់អាទិភាពទៅដល់ការងារណាដែលចាំបាច់។ ដោយគេយល់ថា មិនមែនអ្វីៗទាំងអស់ទាមទារការយកចិត្តទុកដាក់ភ្លាមៗនោះទេ។ គន្លឹះសំខាន់គឺត្រូវដោះស្រាយកិច្ចការបន្ទាន់ និងសំខាន់ជាមុនសិន ដោយធ្វើការកំណត់ពេលវេលាសម្រាប់កិច្ចការសំខាន់ៗ រីឯកិច្ចការណាដែលមិនសូវបន្ទាន់ ឬមិនសូវសំខាន់អាចធ្វើការដោះស្រាយនៅពេលក្រោយបាន។ តាមរយៈការផ្តោតលើកិច្ចការដែលសំខាន់មុននឹងធ្វើឱ្យអ្នកគ្មានភាពស្មុគស្មាញ ហើយអ្នកថែមទាំងអាចរក្សាការផ្តោតអារម្មណ៍ និងធ្វើការងារនោះឱ្យកាន់តែមានប្រសិទ្ធភាព។

4.ជ្រើសរើសអត្ថប្រយោជន៍នាពេលអនាគត ជំនួសឱ្យការរីករាយភ្លាមៗ

ការ​មានវិន័យមកលើខ្លួន​ឯងដែលជា​ញឹក​ញាប់​តម្រូវ​ឱ្យអ្នកមានភាពអត់ធ្មត់នៅក្នុងការទទួលនូវអ្វីដែលជាការសប្បាយ ឬការចង់ទទួលបាន​រង្វាន់​ភ្លាមៗ​ ដើម្បីការ​ជោគជ័យ​រយៈពេល​វែងនៅពេលខាងមុខ។ ឧទាហរណ៍៖ អ្នកជ្រើសរើសការ​សិក្សា​ដើម្បី​ប្រឡង​ជំនួស​ការ​មើល​ទូរទស្សន៍ ឬ​សន្សំ​ប្រាក់​ជំនួស​ការ​ចំណាយ​ភ្លាមៗ។ ធ្វើការអនុវត្តដោយជ្រើសរើសនូវភាពអត់ធ្មត់ក្នុងការខកខាននូវការសប្បាយ ហើយផ្តោតលើគោលដៅរយៈពេលវែងនឹងអាចនាំអ្នកទៅរកសមិទ្ធផលកាន់តែច្រើននាពេលអនាគត។

5.រក្សាផ្នត់គំនិតវិជ្ជមាន

ផ្នត់គំនិតវិជ្ជមានជួយអ្នកអាចរក្សាបានវិន័យខ្លួនឯង ដោយ​មើល​ឃើញ​បញ្ហា​ប្រឈម​ជា​ឱកាស​សម្រាប់​ភាពរីកចម្រើន និង​ការ​អនុវត្ត​ការ​ដឹងគុណ អ្នក​អាច​រក្សា​ភាព​ធន់​នៅ​ពេល​ប្រឈម​នឹង​បញ្ហាដែលកើតមាន។ មិនតែប៉ុណ្ណោះចូរហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងបុគ្គលដែលគាំទ្រ និងចែករំលែកទស្សនៈវិជ្ជមានល្អៗមកដល់អ្នក។

6.បង្កើតបរិយាកាសគាំទ្រ

ការសិក្សាបានបង្ហាញថាបរិយាកាសដែលនៅជុំវិញខ្លួនអ្នក គឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាព និងការសម្រេចចិត្តរបស់អ្នក។ តាមរយៈការបង្កើតបរិយាកាសដែលស្របទៅតាមគោលបំណងរបស់អ្នក អ្នកនឹងយល់ថាវាកាន់តែងាយស្រួលក្នុងការរក្សាវិន័យ និងការផ្តោតអារម្មណ៍នៅក្នុងការសម្រេចកិច្ចការងារដែលសំខាន់ៗ។

7.រៀននិយាយថាទេ

មនុស្សដែលមានវិន័យលើខ្លួនឯងនឹងដឹងថាពេលណាត្រូវនិយាយថាទេ នៅពេលដែលអ្នកមានការប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកយល់ព្រម និងអ្វីដែលអ្នកគួរចំណាយពេលវេលាក្នុងកិច្ចការងារអ្វីមួយ គឺពិតជាសំខាន់ខ្លាំងណាស់។ ប្រសិនបើការងារនោះធ្វើឱ្យប៉ះពាល់ពេលវេលា ឬប៉ះពាល់អត្ថប្រយោជន៍ គឺអ្នកត្រូវនិយាយថាទេ ប៉ុន្តែបើការងារនោះសំខាន់ និងមិនប៉ះពាល់ទៅដល់ពេលវេលារបស់អ្នកទេនោះ អ្នកអាចយល់ព្រមបាន។ ព្រោះថាវាមានសារៈសំខាន់ណាស់ក្នុងការកំណត់ព្រំដែនច្បាស់លាស់ដើម្បីការពារពេលវេលា និងគោលដៅរបស់អ្នក។

8.តាមដានវឌ្ឍនភាពជាប្រចាំ

ការតាមដានវឌ្ឍនភាពរបស់អ្នកគឺជាគន្លឹះក្នុងការឱ្យអ្នករក្សាបាននូវកម្លាំងចិត្ត ព្រោះថាបុគ្គលជោគជ័យតែងតែតាមដាននូវសមិទ្ធផលរបស់ពួកគេជាប្រចាំ និងប្រើប្រាស់ព័ត៌មាននេះដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការពិចារណាបានច្បាស់លាស់។ ដោយប្រើឧបករណ៍ដូចជា ទិនានុប្បវត្តិ សៀវភៅបញ្ជី ឬកម្មវិធីឌីជីថល ក្នុងការកត់ត្រាវឌ្ឍនភាពការងាររបស់គេ ដើម្បីដឹងពីដំណើរការដែលអ្នកធ្វើឆ្ពោះទៅគោលដៅដែលគេបានកំណត់។ ថែមពីនេះទៀតនោះគឺ ត្រូវធ្វើការអបអរសមិទ្ធផលរបស់អ្នកមិនថាតូចប៉ុណ្ណាក៏ដោយ ដែលនេះអាចជួយពង្រឹងវិន័យរបស់អ្នក និងលើកទឹកចិត្តអ្នកផងដែរ។ ការទទួល​ស្គាល់​នូវភាពជោគជ័យ​របស់​អ្នក​ជា​ប្រចាំ ហើយ​ប្រើ​វា​ជា​កម្លាំងចិត្តដើម្បី​បន្ត​ជំរុញ​ទៅ​មុខទៀត។

9.បង្ហាញក្តីសប្បុរសចំពោះខ្លួនឯង

ការបង្ហាញក្តីសប្បុរសចំពោះខ្លួនឯង គឺជាផ្នែកមួយដែលមនុស្សភាគច្រើនតែងតែមើលរំលង ប៉ុន្តែវាជាធាតុផ្សំដ៏សំខាន់នៃការមានវិន័យមកលើខ្លួនឯង។ បុគ្គលដែលជោគជ័យយល់ថា ភាពបរាជ័យគឺជាផ្នែកទូទៅនៃដំណើរក្នុងការសម្រេចនូវកិច្ចការងារអ្វីមួយ ព្រោះថាអ្នកណាក៏ត្រូវជួបប្រទះនូវភាពបរាជ័យដែរ។ ដូចនេះគេចាប់ថាភាពបរាជ័យគឺជាបទពិសោធន៍ ដើម្បីឱ្យគេអាចរៀនសូត្របាន និងធ្វើការកែលម្អឡើងវិញ ឬចាប់ផ្ដើមជាថ្មី ជាជាង​ការ​រិះគន់ និងការដាក់សម្ពាធមកលើ​ខ្លួន​ឯង​។