DotLumen បានណែនាំឧបករណ៍អេឡិចត្រូនិកដែលត្រូវបានរចនាឡើងដើម្បីជួយដល់បុគ្គលពិការភ្នែក និងភ្នែកពិបាកការមើលឃើញ។
ឧបករណ៍អេឡិចត្រូនិកនេះបានបង្ហាញខ្លួននៅ CES 2025 នៅ Las Vegas ឧបករណ៍នេះស្រដៀងទៅនឹងកាស VR ដែលមានផ្នែកខាងមុខនៅពីលើភ្នែក និងកញ្ចប់ថាមពលខាងក្រោយសម្រាប់តុល្យភាព។ វាបំពាក់ដោយកាមេរ៉ាចំនួនប្រាំមួយ – បីសម្រាប់ចម្ងាយជិត និងបីសម្រាប់វត្ថុឆ្ងាយ – មុខងារចម្បងរបស់វាគឺការជៀសវាងការប៉ះទង្គិច ដែលជួយអ្នកប្រើប្រាស់ក្នុងការរុករកនូវឧបសគ្គខាងមុខ ដូចជាមានអ្នកថ្មើរជើងដទៃដែលនៅខាងមុខជាដើម។
ថែមពីនេះទៀត ឧបករណ៍អេឡិចត្រូនិកនេះមានសភាពញ័រនៅលើឧបករណ៍ប៉ះទៅលើថ្ងាសរបស់អ្នកប្រើប្រាស់ ដែលភាពរំញ័រកណ្តាលបង្ហាញផ្លូវច្បាស់លាស់នៅខាងមុខ ខណៈពេលដែលការរំញ័រពីចំហៀងណែនាំអ្នកប្រើប្រាស់ឱ្យផ្លាស់ប្តូរទិសដៅ។ ការណែនាំជាសំឡេងក៏ផ្តល់នូវការជូនដំណឹងអំពីហ្វូងមនុស្សនៅជំុវិញខ្លួនគេផងដែរ។
ឧបករណ៍នេះមានថ្មដែលអាចប្រើប្រាស់បាន 2.5 ម៉ោង ហើយអាចបន្ថែមបានជាមួយកញ្ចប់ USB-C ។ លើសពីនេះ DotLumen គ្រោងនឹងចាប់ផ្តើមលក់ឧបករណ៍របស់ខ្លួននៅអឺរ៉ុបក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃដែលរំពឹងថានឹងមានតម្លៃក្រោម $10,000។