ម្ចាស់អាជីវកម្មគឺគេសុទ្ធតែដឹងពីវិធីសាស្រ្តក្នុងការធ្វើយ៉ាងដើម្បីឱ្យអាជីវិកម្មរបសគេដំណើរការ តែក៏មានអ្នកចាប់ផ្តើមអាជីវកម្មមួយចំនួននៅមានភាពខ្វះខាត និងមើលរំលងនូវចំណុចមួយចំនួនដោយមិនដឹងខ្លួនក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។ ដូចនេះហើយខាងក្រោមនេះខ្ញុំនឹងបង្ហាញពីចំណុចសំខាន់ៗដែលរួមចំណែកដល់ការជោគជ័យក្នុងអាជីវកម្មរបស់អ្នក៖
1. ចក្ខុវិស័យ និងគោលដៅច្បាស់លាស់
នៅពេលអ្នកចាប់ផ្តើមអាជីវកម្មគួរតែមានចក្ខុវិស័យ ដើម្បីត្រៀម និងគិតគូរថាអាជីវកម្មរបស់អ្នកទៅថ្ងៃខាងមុខគួរមានការផ្លាស់ប្តូរ កែប្រែអ្វីខ្លះ និងដាក់កំណត់ផែនការយ៉ាងណាក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកនៅតែបន្តដំណើរនៅក្នុងទីផ្សារបានយូរអង្វែង។
2. មានភាពបត់បែន
នៅរាល់អាជីវកម្មទាំងអស់គឺត្រូវមានភាពបត់បែនទៅតាមពេលវេលា និងតាមសម័យកាលនីមួយៗ ដើម្បីឱ្យអាជីវកម្មរបស់អ្នកអាចបំពេញតាមតម្រូវការរបស់អតិថិជនទាន់ពេលវេលា ដែលវាធ្វើឱ្យអាជីវិកម្មរបស់អ្នកឈរនៅលើទីផ្សារបានយូរ។
3. ការផ្តោតលើតម្រូវការរបស់អតិថិជន
ស្វែងយល់ពីតម្រូវការអតិថិជនរបស់អ្នក ការដឹងពីតម្រូវការអតិថិជនក្នុងតំបន់ដែលអ្នកបើកអាជីវកម្ម ក៏ដូចជាតម្រូវការបច្ចុប្បន្នរបស់មនុស្សទូទៅ និងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែដំណើរការរីកចម្រើនតទៅមុខ។
4. ការច្នៃប្រឌិត
នៅក្នុងអាជីវកម្មមិនថាជាសេវាកម្ម ឬជាផលិតផលនោះទេ គឺត្រូវតែមានភាពច្នៃប្រឌិត ក្នុងការទាក់ទាញអតិថិជន។ នៅពេលអាជីកម្មរបស់អ្នកមានភាពច្នៃប្រឌិតប្លែកខុសពីគេ ដែលនេះគឺជាចំណុចទាក់ទាញឱ្យមនុស្សទូទៅចង់សាកល្បង និងចាប់អារម្មណ៍អំពីអាជីវកម្មរបស់អ្នក។
5. ការមានទំនាក់ទំនងល្អ
ភាពជាម្ចាស់អាជីវកម្មគឺអ្នកត្រូវមានជំនាញទំនាក់ទំនងដ៏រឹងមាំក្នុងការកសាងបណ្តាញ លើកទឹកចិត្តក្រុម និងបង្កើតទំនុកចិត្តជាមួយអតិថិជន និងដៃគូ។ ការមានប្រាស្រ័យទាក់ទងល្អនឹងជួយឱ្យមានការសហការ និងវិនិយោគ ដើម្បីឱ្យអាជីវកម្មរបស់អ្នកកាន់តែបន្តរីកចម្រើនតទៅមុខ។
6. ការគ្រប់គ្រងហិរញ្ញវត្ថុ
នៅក្នុងការបើកអាជីវកម្មការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យអាជីវកម្មនោះអាចឈរជើងនៅលើទីផ្សារបន្តបាន។ ការរក្សាការតាមដានហិរញ្ញវត្ថុ គ្រប់គ្រងការចំណាយ វានឹងធ្វើឱ្យអ្នកដឹងពីចំណូល ចំណាយ និងការទទួលបានផលចំណេញ ក្នុងតួរលេខមួយច្បាស់លាស់។
7. ភាពជាអ្នកដឹកនាំ និងការងារជាក្រុម
អាជីវកម្មមួយអាចដំណើរការទៅមុខបានគឺត្រូវមានអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ដែលជួយបំផុសគំនិត និងផ្តល់ការណែនាំដល់ការងារក្រុមរបស់គេ ពីព្រោះថាភាពជោគជ័យក្នុងអាជីវកម្មច្រើនតែកើតចេញពីការខិតខំប្រឹងប្រែង ផ្តល់យោបល់ គំនិត ចក្ខុវិស័យដល់គ្នាទៅវិញទៅមក ដើម្បីរកយោបល់រួមមួយក្នុងការធ្វើឱ្យអាជីវកម្មនោះកាន់តែរីកចម្រើន។
8. ការអត់ធ្មត់
ការចាប់ផ្តើមអាជីវកម្មមិនថាអាជីវកម្មអ្វីក៍ដោយគឺតែងជួបនូវការបរាជ័យដែលមិនអាចជៀសរួចឡើយ។ ដូចនេះនៅពេលអ្នកបានជួបនូវបញ្ហា ក៏ដូចជាឧបសគ្គ អ្នកត្រូវមានភាពភាពអត់ធ្មត់ និងព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីឱ្យអាជីវកម្មងើបឡើងវិញ។ ពីព្រោះថាភាពអត់ធ្មត់ពិតជាមានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្ម កាលណាអ្នកមានភាពអត់ធ្មត់តស៊ូ នោះអាជីវកម្មរបស់អ្នកនឹងទទួលបានភាពជោគជ័យនៅថ្ងៃណាមួយ ប៉ុន្តែបើអ្នកគ្មានភាពអត់ធ្មត់ទេ វានឹងធ្វើឱ្យអ្នកងាយចុះចាញ់ និងបោះបង់។
តាមរយៈចំណុចប៉ុន្មានខាងលើនេះ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មទើបតែបើអាជីវកម្ម ចំណុចទាំងនេះនឹងរួមចំណែកក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកមានការរីកចម្រើន និងមានកេរិ៍្តឈ្មោះសុសសាយដែលអាចឈរនៅក្នុងទីផ្សារបានយូរអង្វែង។