TikTok បានបិទមិនឱ្យដំណើរការជាបណ្ដោះអាសន្ន កាលពីថ្ងៃទី19 ដែលវាបានបង្កឱ្យមានភាពភ្ញាក់ផ្អើlជាខ្លំាង។ ប៉ុន្តែTikTok បានចាប់ផ្តើមត្រលប់មកវិញនៅលើអ៊ីនធឺណិតក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយថាគាត់នឹងពន្យារពេលការហាមឃាត់កម្មវិធី និងធ្វើការលើដំណោះស្រាយអំពីបញ្ហានេះ។ លោក Trump បានប្រកាសពីផែនការបង្កើតភាពជាដៃគូសម្រាប់ប្រតិបត្តិការរបស់ TikTok ជាមួយសហរដ្ឋអាមេរិក។ គាត់ក៏បានសន្យាថានឹងចេញដីកាប្រតិបត្តិដើម្បីជំរុញកាលបរិច្ឆេទចាប់ផ្តើមពន្យាពេលនៃការហាមឃាត់កម្មវិធីនេះ និងការពារក្រុមហ៊ុនដែលជួយ TikTok ឱ្យនៅមាននៅក្នុងសហរដ្ឋអាមេរិកពីការប្រឈមមុខនឹងការពិន័យណាមួយ។
ការហាមប្រាមនេះអាមេរិកបានលើកឡើងពីកង្វល់សន្តិសុខជាតិ ហាមឃាត់ការចូលប្រើប្រាស់តាមរយៈកម្មវិធី លុះត្រាតែក្រុមហ៊ុនមេ ByteDance ដកខ្លួនចេញ។ យ៉ាងណាមិញវេទិកានេះបានបើកឱ្យដំណើរការឡើងវិញដោយលោកTrump រីឯកម្មវិធី TikTok ក៏បានថ្លែងអំណរគុណចំពោះលោក Trump សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ ទោះបីជាអ្នករិះគន់ រួមទាំងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Tom Cotton និង Pete Ricketts អះអាងថា ច្បាប់នៃការហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិកត្រូវតែអនុវត្តដោយគ្មានករណីលើកលែងក៏ដោយ។
ភាពរអាក់រអួលរបស់កម្មវិធីបានបង្កឱ្យមានការកើនឡើងនៃការស្វែងរក VPN និងភាពមិនច្បាស់លាស់ក្នុងចំណោមអ្នកប្រើប្រាស់ដែលពឹងផ្អែកលើ TikTok Shop ។ អ្នកវិភាគបានលើកឡើងថា ការហាមប្រាមនេះអាចផ្តល់អត្ថប្រយោជន៍ដល់គូប្រជែងដូចជា Instagram និង Snapchat ។ នាយកប្រតិបត្តិ TikTok លោក Shou Zi Chew គ្រោងនឹងចូលរួមពិធីសម្ពោធរបស់លោក Trump ដែលជាសញ្ញាបង្ហាញពីកិច្ចសហការដ៏មានសក្តានុពល។
ស្ថានភាពនេះបង្ហាញពីភាពតានតឹងដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិន ដោយទីក្រុងប៉េកាំងបានរិះគន់ការហាមប្រាមរបស់សហរដ្ឋអាមេរិកលើ TikTok ។ ទន្ទឹមនឹងនេះ ByteDance ដែលជាក្រុមហ៊ុនចិនជាម្ចាស់ TikTok ក៏កំពុងស្វែងរកដោះស្រាយ។ ដំណោះស្រាយទាំងនេះអាចរួមបញ្ចូលការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនអាមេរិក ឬលក់ប្រតិបត្តិការរបស់ TikTok ឱ្យសហរដ្ឋអាមេរិក។