នៅក្នុងជីវិតរបស់មនុស្សគ្រប់រូបការហ៊ុំព័ទ្ធខ្លួននៅក្នុងបរិយាកាសមួយគឺពិតជាបានជះឥទ្ធិពលមកដល់ជីវិតរបស់គេខ្លំាងណាស់។ ប្រសិនបើអ្នកមានទំនាក់ទំនង ក៏ដូចជានៅក្នុងបរិយាកាសដែលផ្តល់នូវភាពវិជ្ជមាន នោះវានឹងធ្វើឱ្យជីវិតរបស់អ្នកមានភាពល្អប្រសើរ និងរីកចម្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាល ប៉ុន្តែបើអ្នកស្ថិតនៅក្នុងបរិយាកាសមួយដែលផ្តល់នូវភាពអវជ្ជមាន វានឹងធ្វើឱ្យអ្នកមានភាពស្មុគស្មាញ នឹងតានតឹង។ ដូច្នោះ ចំណុចខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃភាពវិជ្ជមានដែលធ្វើឱ្យជីវិតអ្នកប្រកបដោយសន្តិភាព និងកាន់តែល្អប្រសើរ៖
1. កាត់បន្ថយភាពស្ត្រេស៖ ការគិតវិជ្ជមានជួយអ្នកឱ្យចាកចេញពីភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព ព្រោះវានឹងជំរុញលើកទឹកចិត្តអ្នកឱ្យផ្តោតលើដំណោះស្រាយជាជាងការរស់នៅលើបញ្ហា ឬការស្តីបន្ទាស។
2. សុខភាពផ្លូវចិត្តល្អប្រសើរ៖ ការមានផ្នត់គំនិតវិជ្ជមានវាជួយកាត់បន្ថយនូវរោគសញ្ញានៃការថប់បារម្ភ ការគិតច្រើនលើសលុប ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត មិនតែប៉ុណ្ណោះវារួមចំណែកដល់សុខុមាលភាពផ្លូវចិត្តឱ្យកាន់តែល្អប្រសើរ។
3. បង្កើនភាពធន់៖ ភាពវិជ្ជមានពង្រឹងភាពធន់ ដែលអនុញ្ញាតឱ្យអ្នកងើបឈរមកវិញបានលឿនពីភាពបរាជ័យ និងបញ្ហាប្រឈមដែលបានកើតមានឡើង ស្របពេលនេះដែលវាក៏បានធ្វើឱ្យអ្នកកាន់តែរឹងមំាជាងមុន និងមិនងាយទទន់ទៅតាមភាពលំបាក។
4. បង្កើនការដឹងគុណ៖ ផ្នត់គំនិតវិជ្ជមាន លើកទឹកចិត្តដល់ការដឹងគុណ ជួយអ្នកឱ្យដឹងគុណចំពោះរឿងដែលអ្នកបានឆ្លងកាត់ក្នុងជីវិតមិនថាវាជារឿងធំ ឬតូចតាចនេះទេ វាធ្វើឱ្យអ្នករីករាយ ស្កប់ស្កល់ និងដឹងគុណចំពោះអ្វីដែលអ្នកមាន។
5. មានទំនុកចិត្តលើខ្លួនឯង៖ ការគិតវិជ្ជមានធ្វើឱ្យអ្នកមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង និងបង្កើតនូវទំនុកចិត្ត ដែលវាជួយអ្នកឱ្យប្រឈមមុខនឹងបញ្ហាដែលមានក្នុងជីវិត ជំនួសឱ្យភាពស្លុនស្លោរ ឬការគេចវេសថាដោះស្រាយមិនចេញ វាជួយអ្នកឱ្យមានភាពស្ងប់ និងផ្តោតអារម្មណ៍ក្នុងការរកដំណោះស្រាយ។
6. ជំរុញផ្នត់គំនិតឱ្យមានការរីកចម្រើន៖ ភាពវិជ្ជមានបានបណ្តុះផ្នត់គំនិតឱ្យមានការគិតទូលំទូលាយ និងរីកចម្រើន។ ដូចជានៅពេលដែលអ្នកមានបញ្ហាប្រឈមត្រូវបានគេថាវាជាឧបសគ្គ តែអ្នកនឹងមើលឃើញវាថាជាឱកាសដើម្បីរៀន ធ្វើយ៉ាងណាឱ្យខ្លួនអ្នកកាន់តែរីកចម្រើន ជាជាងសម្លឹងឃើញថាវាឧបសគ្គ ហើយធ្វើការគេចវេស។
7. ធ្វើអោយសុខភាពរាងកាយប្រសើរឡើង៖ ការគិតវិជ្ជមានត្រូវបានផ្សារភ្ជាប់ទៅនឹងសុខភាពរាងកាយ ព្រោះថាបើអ្នកមានការគិតវិជ្ជមាន សុខភាពផ្លូវចិត្តរបស់អ្នកមិនតានតឹង និងមិនស្មុគស្មាញ ដែលធ្វើឱ្យផ្លូវចិត្តរបស់អ្នកល្អ។ កាលណាសុខភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរ នោះសុខភាពនៃប្រព័ន្ធរាងកាយរបស់អ្នកក៏ល្អដូចគ្នា។
សរុបមក ការគិត និងការរស់នៅក្នុងមជ្ឈដ្ឋានមួយដែលផ្តល់នូវថាមពលវិជ្ជមាន ឬអវិជ្ជមានគឺពិតជាបានជះឥទ្ធពលមកលើជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗខ្លាំងណាស់។ ដូចនេះប្រសិនជាអ្នកចង់មានជីវិតមួយដែលមានសុខសន្តិភាព និងមានការរីកចម្រើនអ្នកត្រូវប្រកាន់យកនូវភាពវិជ្ជមានដែលធ្វើឱ្យជីវិតរបស់អ្នកមានការរីកចម្រើនជាបន្តបន្ទាប់។