នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗតែងមានការឆ្លងការនូវភាពលំបាក ឬឧបសគ្គរៀងៗខ្លួន ដូចនេះអ្នកត្រូវមានពាក្យ ឬឃ្លា សម្រាប់រំលឹក និងលើទឹកចិត្តដល់ខ្លួនឯងក្នុងការបន្តដំណើរតទៅមុខទៀត។ ខាងក្រោមនេះជារឿងសំខាន់ចំនួន 5 ដែលត្រូវរំលឹកខ្លួនអ្នករាល់ថ្ងៃ ដើម្បីរក្សាផ្នត់គំនិតវិជ្ជមាន៖
1. ខ្ញុំល្អគ្រប់គ្រាន់ហើយ៖ ជាជាងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដែលធ្វើឲ្យអ្នកយល់ថាខ្លួនឯងអន់ខ្សោយ ដោយនេះជាហេតុធ្វើឲ្យអ្នកមិនហ៊ានធ្វើអ្វីថ្មីបន្តទៀត។ ប៉ុន្តែអ្នកត្រូវព្យាយាមលើកទឹកចិត្តខ្លួនឯង និងផ្តោតលើការរីកចម្រើន ឬគោលដៅរបស់ខ្លួនឯងទើបប្រសើរ។
2. កំហុសជាផ្នែកមួយនៃដំណើរ៖ មិនថាអ្នកធ្វើអ្វីនោះទេ វាតែងមានកំហុស តែអ្នកត្រូវចាំថាក្នុងអំឡុងពេលបំពេញកិច្ចការនោះអ្នកត្រូវយកចិត្តទុកដាក់ធ្វើវាឲ្យអស់ពីសមត្ថភាព។ ទោះបីជាមានកំហុសក្នុងកិច្ចការនោះក៏វាជាកំហុសតូចមួយដែរ ហើយអ្នកត្រូវរៀនពីកំហុសទាំងនោះ ដើម្បីឲ្យអ្នកបំពេញកិច្ចការនោះបានកាន់តែល្អជាងមុន។
3. ថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ខ្លួនឯង៖ ការថែទាំខ្លួនឯងគឺចាំបាច់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ។ អ្នកត្រូវស្វែងរកសកម្មភាពណាដែលធ្វើឱ្យផ្លូវចិត្តរបស់អ្នកល្អប្រសើរ មិនថានោះជាការដើរលេង សមាធិ ឬចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ទេ បើសកម្មភាពទាំងនេះធ្វើឱ្យចិត្តរបស់អ្នកធូរស្រាល ចូរអ្នកបន្តសកម្មភាពទាំងនោះបន្តទៀត។ កាលណាអ្នកមានសុខភាពល្អ អ្នកនឹងមានឱកាសក្នុងការចាប់ផ្តើមសាកល្បងអ្វីថ្មីដែលជួយឱ្យខ្លួនងកាន់តែរីកចម្រើន។
4. ការដឹងគុណ៖ ជារៀងរាល់ថ្ងៃ សូមចំណាយពេលបន្តិចដើម្បីរំលឹកពីអ្វីដែលអ្នកមាន និងបានឆ្លងកាត់ ហើយចូរដឹងគុណនូវរឿងទាំងនោះ វានឹងធ្វើឲ្យអ្នកពេញចិត្តនូវអ្វីដែលខ្លួនមាន និងមានភាពស្កប់ស្កល់នៅក្នុងក្នុងរស់នៅ។
5. គ្រប់គ្រងការឆ្លើយតបចំពោះអ្វីដែលកើតឡើង៖ ជីវិតគឺមិនអាចទាយទុកជាមុនបាន ប៉ុន្តែអ្នកអាចគ្រប់គ្រងពីរបៀបដែលអ្នកប្រតិកម្មបាន។ ការចេះគ្រប់គ្រងនូវអ្វីដែលអ្នកបានជួបប្រទះ វាជួយអ្នកឲ្យមានការផ្តោតអារម្មណ៍បានល្អ ជាជាងការប្រតិកម្ម ឬមានភាពស្លន់ស្លោរដែលជាហេតុធ្វើឲ្យអ្នកមិនអាចដោះស្រាយនូវបញ្ហាដែលកើតមានបានឡើយ។