ពន្ធថ្មី 10% របស់ប្រធានាធិបតី Trump ទៅលើទំនិញចិនត្រូវបានគេរំពឹងថានឹងដំឡើងតម្លៃសម្រាប់ផលិតផលជាច្រើននៅក្នុងសហរដ្ឋអាមេរិក ជាពិសេសគ្រឿងអេឡិចត្រូនិកដូចជា ទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍។ ទំនិញទាំងនេះ ដែលពីមុនត្រូវបានលើកលែងពីពន្ធគយ ឥឡូវនេះនឹងត្រូវប្រឈមមុខនឹងការឡើងថ្លៃដោយសារពន្ធ 10% ដែលអាមេរិកដាក់ទៅលើប្រទេសចិន នោះអ្នកប្រើប្រាស់អាចនឹងត្រូវចំណាយថវិកាបន្ថែមក្នុងការទិញទំនិញទាំងនោះ។ ក្រៅពីពន្ធ 10% ក៏មានពន្ធ 25% លើដែក និងអាលុយមីញ៉ូម និងពន្ធ 100% លើរថយន្តអគ្គិសនីពីប្រទេសចិន។
ផ្នែកសំខាន់នៃការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនរួមមានឧបករណ៍អេឡិចត្រូនិក និងកុំព្យូទ័រ រួមទាំងស្មាតហ្វូន កុំព្យូទ័រយួរដៃ និងថេប្លេត ក៏ដូចជាសមាសធាតុដូចជាបន្ទះឈីប semiconductor ជាដើម។ ជាមួយនឹងពន្ធថ្មី ទំនិញទាំងនេះត្រូវបានគេរំពឹងថានឹងមានតម្លៃថ្លៃជាងកាលពីពេលមុន។ ចំណែកឯតម្លៃស្បែកជើងក៏នឹងកើនឡើងផងដែរ ដោយសារស្បែកជើងស្ទើរតែទាំងអស់ដែលលក់នៅសហរដ្ឋអាមេរិកត្រូវបាននាំចូល ភាគច្រើនមកពីប្រទេសចិន និងវៀតណាម។
នៅពេលដែលពន្ធគយត្រូវបានដាក់លើផលិតផលដែលមកពីប្រទេសចិន តម្លៃនៃផលិតផលទាំងនោះកើនឡើងសម្រាប់អាជីវកម្មរបស់សហរដ្ឋអាមេរិក (ដូចជាអ្នកលក់រាយ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកលក់ប្រហែលជាមិនដំឡើងថ្លៃភ្លាមៗទេ ដោយសារតែពួកគេនៅតែមានស្តុក ដែលត្រូវបានទិញមុនពេលពន្ធត្រូវបានដាក់។ ដរាបណាពួកគេកំពុងលក់ទំនិញដែលមានស្រាប់ នោះតម្លៃអាចនៅដដែល។ ប៉ុន្តែនៅពេលដែលស្តុកបច្ចុប្បន្នត្រូវបានលក់អស់ ហើយការនាំចេញផលិតផលថ្មីចូលមក ផលិតផលថ្មីទាំងនោះនឹងមានតម្លៃថ្លៃជាងដោយសារតែពន្ធគយ។