ថ្មីៗនេះ Google Maps បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា “ឈូងសមុទ្រអាមេរិក” ។ បន្ទាប់ពីការបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី Trump ដោយមានគោលបំណងដើម្បីស្ដារឡើងវិញនូវបេតិកភណ្ឌអាមេរិកដែលតំណាងឱ្យអំណាចរបស់ខ្លួន ហើយវាថែមទាំងឆ្លុះបញ្ចាំងពីមោទនភាព និង “ភាពអស្ចារ្យ” របស់សហរដ្ឋអាមេរិក។
ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីមានការអាប់ដេតពីប្រព័ន្ធព័ត៌មានឈ្មោះភូមិសាស្ត្រ (GNIS) របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ រីឯឈូងសមុទ្រនឹងរក្សាឈ្មោះដើមរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសម៉ិកស៊ិក ខណៈដែលអ្នកប្រើប្រាស់អន្តរជាតិនឹងឃើញ “ឈូងសមុទ្រម៉ិកស៊ិកប្រែទៅជាឈូងសមុទ្រអាមេរិក”។
ចំពោះបញ្ហានៃការផ្លាស់ប្តូរនេះ ប្រធានាធិបតីម៉ិកស៊ិកលោក Claudia Sheinbaum បានច្រានចោលនូវការផ្លាស់ប្តូរនេះ ដោយលើកហេតុផលថា សហរដ្ឋអាមេរិកមិនមានសិទ្ធិស្របច្បាប់ក្នុងការផ្លាស់ប្តូរឈ្មោះឈូងសមុទ្រដោយឯកតោភាគីនោះទេ។ ថែមពីនេះអត្តសញ្ញាណនៃឈូងសមុទ្រម៉ិកស៊ិកជាតំបន់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ប្រទេសម៉ិកស៊ិក។
យ៉ាងណាមិញ Trump នៅតែប្រកាន់គោលជំហរក្នុងការផ្លាស់ប្តូរ ថែមទាំងប្រកាសថាថ្ងៃទី 9 ខែកុម្ភៈ ជា “ទិវាឈូងសមុទ្រអាមេរិក” ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការព្យាយាមលើកតម្កើនកេរ្តិ៍ឈ្មោះជាតិ ដើម្បីអបអរសាទរការប្តូរឈ្មោះនិងអះអាងបន្ថែមទៀតនូវជំហរជាតិនិយមរបស់រដ្ឋបាល trump។