បើតាមរូបវិទ្យា យើងអាចមើលឃើញវត្ថុមួយបានលុះត្រាណាតែវត្ថុនោះជះពន្លឺមកភ្នែករបស់យើង។ សម្រាប់ស្លឹកឈើក៏ដូចគ្នាផងដែរ គឺយើងអាចមើលឃើញវាបានគឺដោយសារតែការជះពន្លឺចេញពីស្លឹកឈើនោះ។ ចុះហេតុដូចម្តេចបានជាស្លឹកឈើមានពណ៌បៃតង? ដើម្បីឲ្យអស់ចម្ងល់ ថ្ងៃនេះ «គំនិត» នឹងធ្វើការបកស្រាយត្រួសៗជូនដល់ប្រិយមិត្តអំពីមូលហេតុនេះ។
យើងមើលឃើញវត្ថុទាំងឡាយនៅលើលោកគឺក៏ព្រោះតែពន្លឺ។ ហើយពន្លឺគឺមិនមែនមានតែមួយពណ៌នោះទេ គឺវាផ្គុំឡើងដោយពណ៌ជាច្រើនដូចជា ពណ៌ស្វាយ ពណ៌ខៀវ ពណ៌បៃតង ពណ៌លឿង ពណ៌ទឹកក្រូច ពណ៌ក្រហម និង ពណ៌ infrared។ ពណ៌នីមួយៗគឺមានប្រវែងជ្រលងរលក (Wave-length)ខុសៗគ្នា ហើយក្នុងចំណោមពណ៌ទាំងនោះ គឺមានតែពណ៌ចំបងៗបីប៉ុណ្ណោះដែលអាចឲ្យភ្នែកយើងឃើញដោយផ្ទាល់បាន គឺពណ៌ខៀវ ពណ៌បៃតង និងពណ៌ក្រហម។ ពណ៌ទាំងបីនេះ រូមបញ្ចូលគ្នាបង្កើតបានពណ៌ផ្សេងទៀតជាច្រើន។
ចំពោះរុក្ខជាតិ (ស្លឹកឈើ) វាមានផ្ទុកសារធាតុគីមីម្យ៉ាងឈ្មោះថាក្លរ៉ូភីលដែលជាសារធាតុស្រូបយកពណ៌ខៀវ និងពណ៌ក្រហម ហើយជះត្រឡប់ទៅវិញនូវពណ៌បៃតង។ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឲ្យភ្នែកយើងមើលឃើញស្លឹកឈើពណ៌បៃតង។
អ្នកប្រាកដជាឆ្ងល់ថា ចុះស្លឹកឈើ ឬផ្កាខ្លះ ហេតុដូចម្តេចមិនមានពណ៌បៃតង? នេះគឺដោយសារតែរុក្ខជាតិនីមួយមានសារធាតុគីមីខុសៗគ្នា ដែលសារធាតុនីមួយស្រូបយក និងជះទៅវិញពណ៌ខុសៗគ្នាផងដែរ។ រុក្ខជាតិខ្លះ មិនស្រូបយក ឬជះពណ៌ទៅវិញ១០០%នោះទេ ដែលមូលហេតុនេះ ធ្វើឲ្យយើងឃើញពពួករុក្ខជាតិទាំងនោះមានពណ៌ផ្សេងៗគ្នាដោយសារតែការរួមបញ្ចូលគ្នានូវពណ៌ទាំង៣ (ខៀវ បៃតង ក្រហម)។