ដោយមានការស្នើរពីអ្នកអានមួយចំនួន គេហទំព័រគំនិតបានលើកយកអត្ថបទស្តីពី ប្រហោងខ្មៅមកបកស្រាយ។ប៉ុន្តែជាដំបូងយើងត្រូវការមូលដ្ធានគ្រឹស្ថមួយចំនួន។
ចក្រវាឡយើងត្រូវបានអ្នកវិទ្យាសាស្រ្តប៉ាន់ស្មានថាមានអាយុជាង ១៣០០០ លានឆ្នាំ។ ក្នុងចក្រវាឡនេះមានរបស់មួយចំនួនតូចដែលយើងអាចមើលឃើញ និងរបស់មួយចំនួនធំដែលយើងមិនទាន់មើលឃើញ។ របស់ដែលយើងមើលឃើញច្បាស់ជាងគេនោះគឺកញ្ចុំផ្កាយ(Galaxy)ដ៏ច្រើនដែលរាប់មិនអស់។ ក្នុងកញ្ចុំផ្កាយនីមួយៗ មានផ្កាយរាប់រយពាន់លាន ហើយកញ្ចុំផ្កាយដែលយើងស្គាល់ច្បាស់ជាងគេគឺ មីលគី ហ្វេ (Milky Way)ដែលមានផ្កាយប្រហែលជា ៣០០ពាន់លានផ្កាយ(១) ឯព្រះអាទិត្យយើងជាផ្កាយមួយក្នុងចំណោមផ្កាយទាំងនេះឯង។
អ្នកវិទ្យាសាស្រ្តក៏បានសង្កេតឃើញថាមានកម្លាំង ៤ប្រភេទដែលអាចពន្យល់អំពីកំណើតហេតុនៃអង្គធាតុ ឬបាតុភូតផ្សេងៗដែលកើតឡើងក្នុងចក្រវាឡយើង។កម្លាំងទាំង ៤នោះគឺ (តាមលំដាប់ពីខ្លាំងទៅខ្សោយជាង)៖ នូគ្លាខ្លាំង(strong nuclear force) អេឡិចត្រូម៉ាញេតិច (electromagnetism) នូគ្លាខ្សោយ(weak nuclear force) និងទំនាញម៉ាស(gravity)។ ទំនាញម៉ាសសមមាត្រទៅនឹងម៉ាស នេះមានន័យថាបើខ្ញុំទំលាក់វត្តុពីរ មួយនៅលើផែនដី ឯមួយទៀតនៅលើភពព្រះអង្គារ នោះវត្ថុដែលនៅលើផែនដីនឹងធ្លាក់ដល់មុនពិព្រោះផែនដីមានទម្ងន់ធ្ងន់ជាង និងបណ្តាលអោយមានទំនាញខ្លាំងជាងដែរ។
ផ្កាយនីមួយៗមានម៉ាស និងទំនាញច្រើនជាងភពរាប់ម៉ឺនសែនដង ផ្កាយបញ្ជេញពន្លឺទៅបានដោយសារប្រតិកម្មម្យ៉ាងឈ្មោះថា នូគ្លាបង្រួម។ ក្នុងប្រតិកម្មនេះអាតូមអ៊ីដ្រូស៊ែន (Hydrogen)បង្រួមចូលគ្នាដើម្បីបង្កើតជាហេលីយ៉ូម (Helium-4) ធ្វើអោយបញ្ចេញថាមពល ជាពន្លឺ(photon)។ នាពេលដែលផ្កាយប្រើប្រាស់អ៊ីដ្រូស៊ែនអស់ វានឹងផ្ទុះ(Supernova) និងបញ្ជេញពន្លឺដ៏ភ្លឺអស្ចារ្យជាលើកចុងក្រោយ។ បន្ទាប់ពីការផ្ទុះនោះ វាអាចមានលទ្ធផលពីរដ៏អាណោចអាធម្ម ករណីទីមួយបើផ្កាយនោះមានម៉ាសតិច (តូចជាង ៤០ដងនៃម៉ាសផែនដី) វានឹងបន្សល់នៅសាកសពផ្កាយដ៏តូចមួយ (neutron star-white dwarf) ករណីទីពីរបើផ្កាយនោះមានម៉ាសធំ (ធំជាង ៤០ដង(២)នៃម៉ាសផែនដី) ល្មមដែលមានទំនាញគ្រប់គ្រាន់នឹងអាចចោះប្រហោងក្នុងលំហដែលអាចទាញអង្គធាតុផ្សេងៗ សូម្បីតែពន្លឺដែលមានល្បឿន ជិត៣០០លានម៉ែត្រក្នុងមួយវិនាទីក៏នៅតែអាចត្រូវប្រហោងនេះស្រូបបានដែរ។
ទោះជាយើងមានការយល់ដឹងមួយចំនួនអំពីប្រហោងខ្មៅក៏ដោយ ក៏យើងមានសំណួរជាច្រើនដែលយើងមិនទាន់យល់ដូចជា តើអ្វីៗដែលស្រូបនោះបាត់ទៅណាឬបម្លែងទៅជាអ្វី? ការយល់ដឹងនិងសំណួរទាំងនេះវាប្រហែលជាគ្មានសារប្រយោជន៏ផ្ទាល់នៅក្នុងសង្គម ប៉ុន្តែវាជាសំណួរដែលគួរសួរដើម្បីចំណីគិតិ បង្កើនទស្សនៈ និងចំណេះដឹងយើង ពិព្រោះទាំងនេះហើយដែលធ្វើអោយមនុស្សលោកមានប្រៀបទៅលើសត្វលោកផ្សេងៗ៕
(១)៖ ព៌តមានទទួលបានពី Wikipedia
(២)៖ ព៌តមានទទួលបានពី European Southern Observatory