បុគ្គលជោគជ័យលំដាប់ពិភពលោកដូចជា Bill Gates តែងតែប្រើប្រាស់ការគិតបែប Productive Paranoia (ការភ័យខ្លាចប្រកបដោយផលិតភាព)។ គឺការភ័យខ្លាចដែលជំរុញឱ្យមានការការពារ និងការរៀបចំ។ នេះគឺជាហេតុផល និងរបៀបដែលអ្នកគួរ «ភ័យខ្លួនទុកមុន» ដើម្បីសុវត្ថិភាពអនាគត៖
១. មើលឃើញព្យុះ នៅពេលមេឃកំពុងស្រឡះ
កំហុសដ៏ធំបំផុតរបស់មនុស្សគឺ លុងលក់នឹងភាពសុខស្រួលបច្ចុប្បន្ន។ ពេលមានការងារល្អ មានប្រាក់ខែ គេតែងគិតថាវានឹងនៅបែបនេះរហូត។ ប៉ុន្តែអ្នកគួរសួរខ្លួនឯងថា “តើការងារនេះនឹងនៅស្ថិតស្ថេរទេនៅ ៥ ឆ្នាំទៀត? ចុះបើក្រុមហ៊ុនបិទទ្វារ ឬមានវិបត្តិសេដ្ឋកិច្ច តើខ្ញុំមានអ្វីក្នុងដៃ?” ដើម្បីត្រៀមទុកមុនពេលបញ្ហាទាំងនោះមកដល់។
២. កុំជីកអណ្តូង នៅពេលស្រេកទឹក
អ្នកដែលមិនចេះភ័យខ្លួន តែងតែរង់ចាំទាល់តែបញ្ហាមកដល់ទើបរកវិធីដោះស្រាយ ដែលនាំឱ្យហត់នឿយនិងខាតបង់ច្រើន។ ដូចនេះមុននឹងបញ្ហាមកដល់អ្នកគួរតែត្រៀម និងថែទាំជៀសវាសហួសពេល ដូចជាសុខភាព: កុំចាំទាល់តែឈឺទើបទៅពេទ្យ។ អ្នកគួរភ័យខ្លាចឈឺ ហើយខំហាត់ប្រាណ និងញ៉ាំអាហារល្អៗពីឥឡូវ។ល។
៣. លេងអុកជីវិត ត្រូវគិតទុក ៣ ជំហាន
មនុស្សទូទៅគិតតែមួយជំហាន៖ “ធ្វើការ > បានលុយ >ចាយ”។ អ្នកចេះភ័យខ្លួនទុកមុន តែងគិតវែងឆ្ងាយ និងតែងសំណួរ “ចុះបើ…?” (What If?): “ចុះបើខ្ញុំឈឺធ្ងន់?” → ខ្ញុំត្រូវមានធានារ៉ាប់រង ឬលុយបម្រុង។ “ចុះបើជំនាញខ្ញុំលែងមានទីផ្សារ?” → ខ្ញុំត្រូវរៀនជំនាញបច្ចេកវិទ្យាថ្មីៗ។ ការសួរដូច្នេះមិនមែនដើម្បីបាក់ទឹកចិត្តទេ តែដើម្បីបិទចន្លោះប្រហោងនៃជីវិត។
៤. កុំទុកចិត្ត “ស្ថិរភាព”
ក្នុងលោកនេះ គ្មានអ្វីស្ថិតស្ថេរទេ។ ក្រុមហ៊ុនធំៗដូចជា Nokia ឬ Kodak ដួលរលំក៏ព្រោះតែពួកគេមិនបាន «ភ័យខ្លួនទុកមុន» អំពីការផ្លាស់ប្តូរបច្ចេកវិទ្យា។ ដូចនេះអ្នកត្រូវតែធ្វើជាមនុស្សដែល Alert (ភ្ញាក់រលឹក) ជានិច្ច។ តាមដានព័ត៌មាន តាមដានសង្គម និងត្រៀមខ្លួនសម្របតាមការផ្លាស់ប្តូរ។
ដូចពាក្យមួយគេនិយាយថា «ពេលវេលាដែលល្អបំផុតដើម្បីជួសជុលដំបូលផ្ទះ គឺនៅពេលដែលមេឃកំពុងមានពន្លឺថ្ងៃ មិនមែនពេលភ្លៀងទើបអ្នកស្វះស្វែងជួសជុលដំបូលឡើយ។»