Home បច្ចេកវិទ្យា របៀបដែល AI កំពុងផ្លាស់ប្តូរទីផ្សារការងារ

របៀបដែល AI កំពុងផ្លាស់ប្តូរទីផ្សារការងារ

ក្នុងកិច្ចពិភាក្សាមួយ នៅសារព័ត៌មាន BBC World Service បានជជែកវែកញែកអំពីបញ្ហាប្រឈមថ្មីៗដែលអ្នកស្វែងរកការងារធ្វើកំពុងជួបប្រទះដោយសារបច្ចេកវិទ្យា AI ដោយបានបង្ហាញថា AI កំពុងផ្លាស់ប្តូរទីផ្សារការងារយ៉ាងខ្លាំង ដែលធ្វើឱ្យការស្វែងរកការងារកាន់តែលំបាកជាងមុន ជាពិសេសសម្រាប់ក្មេងជំនាន់ក្រោយ។

បច្ចុប្បន្ន គេមើលឃើញថាក្រុមហ៊ុនភាគច្រើនបានប្រើប្រាស់ប្រព័ន្ធ AI ដើម្បីចំរាញ់ CV (Resume) ដែលធ្វើឱ្យបេក្ខជនជាច្រើនដែលឃើញថាអត់ត្រូវតាមលក្ខខណ្ឌត្រូវបានទម្លាក់ចោលដោយស្វ័យប្រវត្តិមុនពេលមនុស្សបានឃើញទៅទៀត ហើយការងារកម្រិតដំបូងសម្រាប់អ្នកទើបចេញធ្វើការ (Junior) ដូចជាការងារសរសេរកូដស្រាលៗ ឬបកប្រែភាសា ក្រុមហ៊ុនធំៗដូចជា Duolingo ចាប់ផ្តើមឱ្យ AI ធ្វើជំនួសវិញហើយ ព្រោះវាលឿនជាង និងចំណាយតិចជាងជួលមនុស្ស។

លើសពីនេះ ការសម្ភាសន៍ក៏ចាប់ផ្តើមប្រើ AI ដើម្បីវិភាគផងដែរ ដូច្នេះផ្លូវតែមួយគត់ដើម្បីរស់រានបានគឺមិនមែនគេចវេសទេ តែត្រូវរៀនជំនាញប្រើប្រាស់ AI ឱ្យស្ទាត់ ដើម្បីប្រែក្លាយខ្លួនទៅជា «អ្នកបញ្ជា AI» ជាជាងអ្នកដែលធ្វើការប្រកួតប្រជែងជាមួយវា។