នៅក្នុងពិភពគីមីមានអាល់កុលជាច្រើនប្រភេទ ប៉ុន្តែអាល់កុលដែលយើងតែងតែនិយមជាងគេនោះគឺអេតាណុល។ រូបរាងម៉ូលេគុលរបស់អេតាណុលគឺជាភ្នាក់ងារដែលធ្វើឲ្យស្រា ឬក៏ស្រាបៀរដែលយើងពិសាជះឥទ្ធិពលដល់ខួរក្បាលរបស់យើង។ ម៉ូលេគុលរបស់អេតាណុលគឺមានទំហំតូចណាស់ ដែលកកើតឡើងដោយការរួមបញ្ចូលគ្នារវាង អាតូមកាបូន២ អាតូមអ៊ីដ្រូសែន៦ និងអាតូមអ៊ុកស៊ីសែន១។ អេតាណុលគឺសារធាតុដែលអាចរលាយក្នុងទឹក ជាហេតុធ្វើឲ្យវាអាចជ្រាបចូលក្នុងចរន្តឈាម និងធ្វើការសាយភាយទៅគ្រប់ទីកន្លែងនៃសារពាង្គកាយ (សំខាន់បំផុតគឺថ្លើម និងខួរក្បាល)។ វាក៏ជាសារធាតុរលាយក្នុងខ្លាញ់ផងដែរ ដែលជាហេតុធ្វើឲ្យវាជ្រាបចូលភ្នាសកោសិកាផ្សេងៗ និងទីកន្លែងដ៏ទៃទៀតដែលជាធម្មតាមិនអាចជ្រាបទៅដល់។
បរិមាណអេតាណុលជាក់លាក់ណាមួយដែលអ្នកបានបរិភោគ នឹងធ្វើដំណើរឆ្លងទៅពោះវៀនតូចរបស់អ្នក បន្ទាប់មកត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម រួចបញ្ចូនទៅខួរក្បាល។ យោងតាមការសិក្សាស្រាវជ្រាវ មិនទាន់មានការសន្និដ្ឋានជាក់លាក់ណាដែលឆ្លើយនឹងសំណួរថាតើអេតាណុលជះឥទ្ធិពលដល់ខួរក្បាលដោយរបៀបណាឲ្យប្រាកដនោះទេ។ ប៉ុន្តែមានទ្រឹស្តីមួយចំនួនបានធ្វើការបកស្រាយស្តីពីបញ្ហានេះ។ កាយវិការ និងប្រតិកម្មយឺតៗ ការនិយាយឡុលៗ និងការបាត់បង់ការចងចាំនៅពេលដែលអ្នកស្រវឹងគឺអាចបណ្តាលមកពីសារធាតុអេតាណុលធ្វើការភ្ចាប់ទៅនឹងសរសៃប្រសាទGlutamateដែលនៅក្នុងប្រព័ន្ធប្រសាទនៃខួរក្បាលរបស់អ្នក។ សរសៃប្រសាទទាំងនេះ ដែលជាធម្មតាទទួលសញ្ញាគីមី(Chemical Signal)ពីកន្លែងផ្សេងៗនៃខួរ ក្បាល តែផ្ទុយទៅវិញបែជាទទួលម៉ូលេគុលអេតាណុល ដែលមូលហេតុនេះធ្វើឲ្យដំណើរការនៃការទទួលសញ្ញាមានការរំខាន ហើយជាលទ្ធផលនាំឲ្យខួរក្បាលទាំងមូលមានដំណើរការយឺតយ៉ាវ។ អេតាណុលក៏ធ្វើការភ្ចាប់ខ្លួនជាមួយនឹងសរសៃប្រសាទGABA( gamma-aminobutyric acid)ដែលជាធម្មតាវាមានមុខងារបន្ថយល្បឿនសកម្មភាពខួរក្បាល។ ខុសគ្នានឹង Glutamate អេតាណុលបានធ្វើឲ្យសរសៃប្រសាទGABA ងាយរងឥទ្ធិពល ដែលជាហេតុនាំឲ្យសកម្មភាពខួរក្បាលមានសកម្មភាពកាន់តែយឺត ឬស្ពឹក។
ជាតិអាល់កុលមិនមែនគ្រាន់តែជាភ្នាក់ងារធ្វើឲ្យសកម្មភាពខួរក្បាលរបស់អ្នកមានសកម្មភាពយឺតប៉ុណ្ណោះទេ តែវាក៏ជាភ្នាក់ងារជួយឲ្យសារធាតុ dopamine និង endorphins ផលិតឡើង ដែលទាំងពីរនេះគឺជាសារធាតុគីមីធ្វើឲ្យមនុស្សមានអារម្មណ៍សប្បាយរីករាយ។
ប្រភព៖ How it works, Book of amazing answers to curious questions 2012