spot_img
spot_img
Homeធុរកិច្ច៨ចំណុចដើម្បីបំពេញតម្រូវការអតិថិជនរបស់អ្នក

៨ចំណុចដើម្បីបំពេញតម្រូវការអតិថិជនរបស់អ្នក

-

តើ​អ្នក​ធា្លប់​ឮពាក្យ​ដែលគេ​និយាយថា​ “អតិថិជនគឺជាស្តេច”​ ដែរឬទេ? ជាការពិតណាស់​ពាក្យនេះ​ត្រូវបានគេប្រើ​នៅទូទាំងពិភពលោក​នៅក្នុង​ធុរកិច្ច​បើទោះបីជាអ្នកដឹងថាជួនកាល​វាមិនត្រូវក៏ដោយ។ ប៉ុន្តែ​អ្នកត្រូវដឹង​ថា​បើគ្មាន​អតិថិជន​នោះអាជីវកម្ម​របស់អ្នកក៏មិនអាច​ដំណើរការទៅបានដែរ។ ហេតុនេះហើយពួកគេ​គឺជាហេតុផល​មិនអាចខ្វះបានដែលនាំ​ឲ្យអាជីវកម្មរបស់​អ្នកអាចបន្តដំណើរ​​ទៅមុខទៅទៀត​។ ដោយហេតុថាប្រទេសកម្ពុជា​យើងជាប្រទេសដែល​មានសេដ្ឋកិច្ចទីផ្សារ​សេរីនិងបើកសិទ្ធិឲ្យអ្នកប្រើប្រាស់មានសិទ្ធិ​ក្នុងការ​សម្រេចចិត្តថាគេគួរ​ជ្រើសរើសអាជីវកម្មមួយណា។ ដូចនេះបើអាជីវកម្មរបស់អ្នកអាចដោះស្រាយ​​បញ្ហារបស់គេបានល្អនោះគេនឹងរើសយកអាជីវកម្មរបស់អ្នកហើយ​យកទៅណែនាំដល់អ្នកឯទៀតឲ្យមកប្រើ​ផលិតផល​​ឬ​សេវាកម្ម​របស់អ្នកដែលការផ្សព្វផ្សាយចេញពី​មាត់អតិថិជនគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត។ យ៉ាងណាមិញតម្រូវការ​ ការព្រួយ​​បារម្ភ កង្វល់ និងបញ្ហារបស់អតិថិជន​គឺជា​អ្វីដែលអ្នក​ត្រូវ​យកចិត្តទុកដាក់បំផុត។ ប៉ុន្តែតើអ្នក​គួរធ្វើ​វាតាមវិធីណាខ្លះ? ខាងក្រោមនេះជាវិធីមួយចំនួនដែលអ្នកអាចយកទៅប្រើដើម្បីឲ្យអតិថិជនរបស់​អ្នកពេញចិត្ត​ជាមួយអាជីវកម្ម​របស់អ្នក ៖

​បើគ្មាន​អតិថិជន​នោះអាជីវកម្ម​របស់អ្នកក៏មិនអាច​ដំណើរការទៅបានដែរ

១. ផ្តល់​ផលិតផល​និង​សេវាកម្ម​ដែលត្រឹមត្រូវ

ដំបូង​អាជីវកម្មរបស់អ្នកត្រូវតែជា​អាជីវកម្ម​ដែលមិនកេងបន្លំ មិនឆបោក និងពិតប្រាកដ​ជាមុនសិន។ អ្នកត្រូវ​​​បម្រើ​អតិថិជន​ដោយស្មោះត្រង់និងមិនមែនកំពុង​តែផ្សព្វផ្សាយផលិតផល​ទេគឺកំពុងតែ​ជួយគេ​ចំពោះ​​​​​ បញ្ហ​​របស់គេ។ អ្នកគួរ​ណែនាំ​គេជាជាងការបង្អួតពី​ផលិតផលឬសេវាកម្មរបស់​​ខ្លួនជ្រុលហួសហេតុ។ មួយវិញទៀតការ​ផ្តល់នូវផលិតផលនិងសេវាកម្ម​ដែលមានលក្ខណៈវិជ្ជមាន​ឲ្យអតិថិជននឹងធ្វើឲ្យ​គេមិនសូវសាញរឿងតម្លៃ​ទេ។ ជាពិសេស​បើអ្នកណែនាំផលិតផលណា​ដែលងាយស្រួលកែច្នៃឡើងវិញ មិនប៉ះពាល់​បរិស្ថាន​​ និងជួយដល់សង្គមទៀតនោះគឺកាន់តែប្រសើរ។ លើសពីនេះទៅទៀតបើអ្នកបានផ្តល់​សេវាកម្មឬ​ផលិតផលលើសពីការរំពឹងទុករបស់អតិថិជន​ទៀតនោះ​គឺនឹងធ្វើឲ្យ​គេ​កាន់តែ​មាន​ទំនុកចិត្ត​ថែមទៀត។

២.​ គោរព​អតិថិជន

ចំពោះ​អ្នកដែលទទួលខុសត្រូវផ្នែកបម្រើសេវាអតិថិជន​ចាំបាច់​បំផុតគឺភាពអត់ធ្មត់ ស្នាមញញឹម និងភាពរួសរាយ​រាក់ទាក់។ អ្នកត្រូវ​ចាំថា​នៅពេលដែល​អតិថិជនមានបញ្ហាហើយគេយកមកប្រាប់យើង​នោះយើងត្រូវអត់ធ្មត់​និងរង់ចាំឲ្យគេ​ស្ងប់ចិត្តបន្ទាប់មក​ព្យាយាមរកដំណោះស្រាយចំពោះបញ្ហារបស់គេហើយត្រូវធ្វើឲ្យ​គេជឿថាយើងពិតជាឲ្យតម្លៃ​និងយកចិត្តទុកដាក់​ចំពោះគេប្រាកដមែន។ បន្ទាប់​មកអតិថិជន​ប្រាកដជាផ្តល់នូវ​មតិកែតម្រូវ​ដែលមានតម្លៃនិងអាចឲ្យយើង​យកទៅទុក​ការពារបញ្ហាលើកក្រោយទៀតបាន។

៣. ស្តាប់

ការស្តាប់គឺជាកត្តាចាំបាច់ណាស់។​ បើអ្នកជា​ម្ចាស់​អាជីវកម្ម​អ្នកត្រូវស្តាប់ទាំង​អតិថិជននិងបុគ្គលិករបស់​អ្នក។ ចំពោះអតិថិជនវាជាទង្វើដែលបង្ហាញ​ដល់ពួកគេ​ថាអ្នកបានគេឲ្យ​តម្លៃ​និងព្រួយបារម្ភ​ពីសុខុមាលភាព​របស់​គេ​ជាខ្លាំង។ ប៉ុន្តែមិនមែនគ្រាន់តែស្ដាប់ដើម្បីស្ដាប់​នោះទេ អ្នកត្រូវ​យកចិត្តទុកដាក់​ប្រមូលពត៌មាន​និង​កត់ចំណាំ​ថែមទៀត​ថាគេមិនពេញចិត្តត្រង់ណា​និងអាចយកទៅ​កែតម្រូវពេលក្រោយ។ ចំណែកឯបុគ្គលិក​វិញ​អ្នកត្រូវ​ស្តាប់គេព្រោះថា​ពួកគេគឺជា​អ្នកដែលបាននៅជិតស្និទ្ធ​​នឹង​អតិថិជនជាងគេ។ ពួកគេ​ដឹងពីអត្តចរិក​​និងវប្បធម៌របស់អតិថិជន មានការសង្កេត បញ្ហាជួបប្រទះ​ និងអាចមានជាយោបល់​ថាគួរដោះស្រាយបញ្ហាបែបណាខ្លះបាន។

៤. បន្តការថែរក្សា

បើអតិថិជន​ធ្លាប់មកទិញផលិតផលឬប្រើប្រាស់​សេវាកម្មអ្នកហើយអ្នកមិនត្រូវបំភ្លេចចោលពួកគេទេ។ អ្នកអាច​​រកវិធីសាស្ត្រណាដែលអាចឲ្យគេមកទិញម្តងទៀតដូចជាការបញ្ចុះតម្លៃ ការផ្តល់​​កាដូ ការប្រកួតប្រជែង​​​យករង្វាន់ ឬក៏ឆ្នោតផ្សងសំណាងជាដើម។ ម្យ៉ាងវិញទៀតអ្នកអាចសុំព័ត៌មានរបស់អតិថិជននៅ​កំឡុងពេលដែលគេ​មកទិញផលិត​ផលឬប្រើប្រាស់​សេវាកម្មរបស់អ្នកហើយអ្នកអាចទូរស័ព្ទឬផ្ញើសារទៅសាកសួរគេ​ពីស្ថានភាពរបស់គេក្រោយ​​​ប្រើប្រាស់​ផលិតផល​ឬសួរ​ថាតើគេមានបញ្ហាអ្វីឬ​អត់ទេជាមួយ​ផលិតផល​ឬ​សេវាកម្ម​របស់​​ក្រុមហ៊ុនយើង។ ជាក់ស្តែង​នៅក្នុង​ប្រទេសយើងមានក្រុមហ៊ុនខ្លះបានយក​វិធី​នេះទៅប្រើហើយ។

៥. កសាងទំនុកចិត្ត

ដូចដែលយើងដឹងស្រាប់ហើយថា​ទំនុកចិត្តគឺ​ពិបាក​សាងនិងងាយបែកបាក់​បំផុត។​ ទំនុកចិត្តរបស់អតិថិជន​​ដូចគ្នាវាមិនមែនជារឿងងាយស្រួល​ឡើយទម្រាំតែទទួលបាន​អតិថិជនម្នាក់ៗដូចនេះ​អ្នកមិនត្រូវ​កុហក បោកប្រាស់ ឬមានអ្វីលាក់បាំងនឹងគេនោះទេ។​ ម្យ៉ាងទៀត​អ្នកមិនត្រូវ​ខ្លាចការផ្តល់​មតិកែតម្រូវ​របស់អតិថិជនឡើយព្រោះថាវានឹងក្លាយជា​ការនាំផ្លូវ​​ឲ្យ​អាជីវកម្ម​របស់អ្នកមានការរីកចម្រើននិងផ្លាស់ប្តូរភាពមិនល្អ​ចោល។ មួយវិញទៀត​អ្នកត្រូវ​ផ្តល់​បរិយាកាសមួយ​ដែលបើកឱកាស​ឲ្យអតិថិជនអាចនិយាយពីបញ្ហារបស់​គេបានដោយសេរី។

៦. ស្ទាបស្ទង់មតិ (Survey)

អ្នកអាចប្រើវិធីដូចជាធ្វើជាកម្រងសំណួរ ជួបដោយផ្ទាល់ សំណួរសរសេរដោយដៃ និងប្រើប្រព័ន្ធអ៊ីនធឺណិត​​ជាដើមដើម្បីឲ្យអតិថិជនបានបញ្ចេញមតិថាពួកគេមានសំណូមពរអ្វីខ្លះនិងមានអ្វីចង់បន្ថែម​ដើម្បីឲ្យ​ការបម្រើ​សេវាកម្មបានកាន់តែប្រសើរ។ ឧទាហរណ៍ដូចជាភ្ញៀវដែលមក​ស្នាក់នៅ​សណ្ឋាគារ​ គេអាច​ដាក់ក្រដាស​វាយតម្លៃមួយនៅក្នុង​បន្ទប់ដើម្បី​ឲ្យគេជួយ​បំពេញ​មុនពេលដែលគេ​ចាកចេញទៅ។

៧. ធ្វើតាមការសន្យា

ពាក្យសន្យាដែលមិនបាន​គោរពតាម​​របស់អ្នកពិតណាស់ថាវានឹងធ្វើឲ្យ​អតិថិជន​បាត់បង់ទំនុកចិត្ត។ អ្នក​​ត្រូវ​យកចិត្តទុកដាក់គ្រប់គ្រង​ការរំពឹងទុក​របស់អតិថិជន​ឲ្យបានម៉ត់ចត់ដោយមានការកត់ចំណាំទុក​ជាដើម។ ជាពិសេសបើអ្នកបានសន្យា​ថា​កែ​តម្រូវ​កំហុសណាមួយ​ហើយអ្នកត្រូវតែកែបើមិនដូច្នោះទេគេនឹងមិនមកប្រើផលិតផលឬសេវាកម្មរបស់អ្នកទៀតឡើយ។

៨. តែងតែនិយាយថាអរគុណនិងសុំទោស

អ្នក​មិនត្រូវ​ភ្លេចនិ​យាយ​ពាក្យថាអរគុណ​ទេពេលនៅជាមួយ​​អតិថិជនមិនថា​ពេលគេ​ចូល​ឬចាកចេញឡើយ។ មួយវិញទៀត​ត្រូវចេះសុំទោសបើកាលណាភ្ញៀវមានបញ្ហាណាមួយទាក់ទងនឹង​ក្រុមហ៊ុន​របស់យើង។​ ជាពិសេសការសម្តែងការសោកស្តាយដោយពាក្យ​​សុំទោសនិង​ភាពរីករាយដោយ​ពាក្យអរគុណ​ត្រូវតែធ្វើ​ដោយចេញពី​ចិត្តពិត​ប្រាកដ។ យ៉ាងណាមិញ​ពាក្យសម្តីនិង​កាយវិការ​ដែលបាន​ស្តែងចេញ​ទៅត្រូវតែស្របគ្នានិង​បញ្ជាក់ពី​ភាពស្មោះត្រង់។

ចំពោះ​អ្នកដែលទទួលខុសត្រូវផ្នែកបម្រើសេវាអតិថិជន​ចាំបាច់​បំផុតគឺភាពអត់ធ្មត់ ស្នាមញញឹម និងភាពរួសរាយ​រាក់ទាក់

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ