ដើម្បីសម្រេចបំណងប្រាថ្នាគឺត្រូវការការខិតខំប្រឹងប្រែងដើម្បីឈានទៅរកភាពជោគជ័យ។ ចំពោះអាជីវកម្មដែលទើបនឹងចាប់ផ្តើមក៏អាចមានឱកាសជោគជ័យបានដូចគ្នា។ ទាំងនេះជាគន្លឹះ៧យ៉ាងដែលអាចជួយឲ្យអ្នកអាចសម្រេចជោគជ័យរបស់អ្នកបាន៖
ជំហានទី១ គោលដៅនិងទស្សនវិស័យ
មិនថាជាផលិតផលឬសេវាកម្មនោះទេ អ្នកគួរតែមានទស្សនវិស័យនិងគោលដៅជាក់លាក់ទៅលើវាព្រោះការបង្កើតគំនិតគ្រោងទុកទៅអនាគតមុនជាគន្លឹះធ្វើឲ្យគម្រោងអាជីវកម្មអ្នកមានដំណើរការល្អតាមអ្វីដែលអ្នកបានដៅទុក។ ម្យ៉ាងវិញទៀត អ្នកគួរពិចារណាទៅលើកាតព្វកិច្ចផ្លូវច្បាប់ឲ្យបានច្បាស់ថាតើអ្នកត្រូវធ្វើអ្វីទើបអាចបើកដំណើរការអាជីវកម្មមួយទៅរលូន។
ជំហានទី២ ផែនការអាជីវកម្ម
ការមានគម្រោងអាជីវកម្មពិតជាប្រសើរណាស់។ បើសិនជាអាជីវកម្មរបស់អ្នកទទួលបានកម្រៃមួយលានរៀលក្នុងការលក់ប៉ុន្តែថ្លៃចំណាយទៅលើប្រតិបត្តិការបែរជាអស់ពីរលានរៀលវិញ អាជីវកម្មរបស់អ្នលនឹងត្រូវដួលរលំ។ នេះសបញ្ជាក់ឲ្យឃើញថាគម្រោងអាជីវកម្មអាចឲ្យអ្នកដឹងពីភាពជោគជ័យទៅថ្ងៃអនាគត។
ជំហានទី៣ ក្រុម
ការបង្កើតអាជីវកម្មក្នុងក្តីស្រមៃគឺជាការអនុវត្តន៍តាមទស្សនវិស័យនិងការប្រើប្រាស់គំនិត។ ប៉ុន្តែកិច្ចការទាំងអស់មិនអាចដំណើរការទៅមុខបានដោយការរ៉ាប់រងតែម្នាក់ឯងបានទេ អ្នកត្រូវការក្រុមសហការដែលមានជំនាញនិងដើមទុន។ នេះជារឿងដែលអ្នកគួរតែគិតដោយខានមិនបាន។ ជាការពិតណាស់ ការមានក្រុមដែលខ្លាំងនិងអាចធ្វើការចុះសម្រុងជាមួយគ្នាបានគឺស្មើនឹងអ្នកទទួលបានភាពជោគជ័យពាក់កណ្តាលទៅហើយទាំងមិនទាន់បានធ្វើអ្វីសោះ។ ជាពិសេសអ្នកត្រូវប្រាកដថាសមាជិកក្រុមមានជំនឿចិត្តទៅលើអ្នកនិងអាជីវកម្មរបស់អ្នកពិតប្រាកដមែន។
ជំហានទី៤ ទុននិងពេលវេលា
គន្លឹះក្នុងភាពជោគជ័យគឺការធ្វើឲ្យប្រាកដថាផលិតផលរបស់អ្នកត្រូវបានបង្កើតចេញមកដោយចំណាយទុននិងពេលវេលាតិចហើយវាអាស្រ័យទៅលើប្រភេទផលិតផលដែលអ្នកផលិតផងដែរ។ អ្នកអាចរកដៃគូសហការដើម្បីចូលហ៊ុនគ្នាបង្កើតអាជីវកម្មឡើងព្រោះវាអាចជួយកាត់បន្ថយការចំណាយនិងហានិភ័យផ្សេងៗ។ លើសពីនេះ អ្នកមិនត្រូវវិភាគពីការផលិតឲ្យបានជាក់លាក់ចៀសវាងការផលិតហួសប្រមាណព្រោះវាអាចទាញតម្លៃផលិតផលចុះថោកនិងខាតចំណូល។
ជំហានទី៥ ធ្វើទីផ្សារ
ការធ្វើទីផ្សារជាកត្តាមិនអាចរំលងបាននោះទេហើយអ្វីដែលសំខាន់គឺការដឹងពីអតិថិជនគោលដៅដើម្បីអាចប្រកួតប្រជែងទីផ្សារជាមួយដៃគូប្រកួតប្រជែងបាន។ អ្នកគួរតែពិចារណាពីយុទ្ធសាស្រ្តទីផ្សារ ជាពិសេសការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារសម័យទំនើប។
ជំហានទី៦ ទំនុកចិត្ត
ការកសាងទំនុកចិត្តសម្រាប់អតិថិជនក៏ជាវិធីសាស្រ្តល្អមួយដែរ។ បើគេមិនទុកចិត្តលើផលិតផលរបស់អ្នកទេ គេនឹងគ្មានថ្ងៃជ្រើសរើសយកសេវាកម្មរបស់អ្នកឡើយ។ អ្នកអាចធ្វើឲ្យអតិថិជនមានអារម្មណ៍ថាមានតម្លៃនិងទំនាក់ទំនងជាមួយពួកគាត់ឲ្យបានញឹកញាប់។
ជំហានទី៧ ការលូតលាស់ទៅថ្ងៃអនាគត
ការយកចិត្តទុកដាក់ទៅលើការលូតលាស់នៅថ្ងៃអនាគតគឺសំខាន់ណាស់ព្រោះវាអាចកាត់បន្ថយការប្រឈមមុខនឹងគ្រោះថ្នាក់ឬហានិភ័យបាន។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ទៅលើវាទេ អ្នកនឹងងាយដួលនៅពេលដែលអ្នកជួបប្រទះនូវបញ្ហា។