spot_img
spot_img
Homeធុរកិច្ចអាថ៌កំបាំងទាំង៥ដែលធ្វើឲ្យអ្នកដឹកនាំមានជំនាញជួបដោយផ្ទាល់ជាមួយបុគ្គលិក

អាថ៌កំបាំងទាំង៥ដែលធ្វើឲ្យអ្នកដឹកនាំមានជំនាញជួបដោយផ្ទាល់ជាមួយបុគ្គលិក

-

បច្ចុប្បន្ន​អ្នក​តែងតែ​ឮពាក្យ​ការជួប​ផ្ទាល់​រវាង​បុគ្គលិក​និង​អ្នកដឹកនាំ​អាច​មួយ​សប្តាហ៍​ម្តង​ឬ​ក៏​ជួប​ពិភាក្សា​នៅពេល​បុគ្គលិក​មាន​បញ្ហា​ជាដើម​ក្នុង​រូបភាព​ជា​ការប្រជុំ​បូកសរុប​លទ្ធផល​ឬការ​រិះរក​គំនិត​ថ្មី​ទាក់ទិន​នឹង​បញ្ហា​ណាមួយ។ ការជួបផ្ទាល់​រវា​ង​បុគ្គលិក​​និង​អ្នកដឹកនាំ​បែបនេះគឺ​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ចំពោះអាជីវកម្មរបស់អ្នក។

ទី១ អ្នកដឹកនាំ​គួរ​មានចម្ងល់​ចំពោះ​​កិច្ចការ​ផ្សេងៗនិង​​​មិន​​ចោទ​ប្រកាន់​ផ្តេសផ្តាស

អ្នក​ដឹកនាំ​ល្អ​មិន​ចេះ​តែចោទប្រកាន់​ផ្តេសផ្តាស​ពី​មូលហេតុ​ដែល​ធ្វើឲ្យការ​បំពេញ​ការងារ​នៃ​បុគ្គលិក​​របស់ខ្លួន​​​អន់ថយ​នោះទេ តែ​គាត់បែរ​ជា​មាន​ចម្ងល់​ទៅលើ​រឿងរ៉ាវ​​ផ្សេងៗ​ដែល​ទាក់ទង​នឹងបញ្ហា​​ដែល​​បុគ្គលិក​​របស់​គាត់​ប្រឈម​។ កត្តា​មួយ​ចំនួនអាច​​ធ្វើឲ្យ​បុគ្គលិក​សម្រេច​ចិត្ត​ធ្វើអ្វី​មួយ​មិនបាន​ត្រឹមត្រូវ ​បញ្ហា​​ដែល​ធ្វើឲ្យ​ពួកគាត់​ខកខាន​​បំពេញ​ការងារ ឬ​ក៏​គាត់​មិនមាន​អារម្មណ៍​ក្នុង​ការធ្វើការ​ជាដើម​។ នៅពេល​ដែល​អ្នក​ដឹកនាំ​មាន​ចម្ងល់​ដូចនេះ​​គាត់​តែង​​តែ​ប្រើ​ឱកាស​នៃ​ការ​ជួប​ផ្ទាល់​​ដើម្បីសាកសួរ​ពី​បញ្ហា​ទាំងនោះដែល​នេះ​អាច​ធ្វើឲ្យ​ទំនាក់​ទំនង​របស់​អ្នក​គ្រប់គ្រង​និង​បុគ្គលិក​កាន់​តែ​ប្រសើរ​ឡើង។

ទី២ អ្នកដឹកនាំ​ត្រូវស្តាប់​ដោយ​យកចិត្ត​ទុកដាក់

នៅពេល​អ្នក​ដឹកនាំ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​​ គាត់​យល់​កាន់តែ​ច្បាស់​ពី​បុគ្គលិក​របស់គាត់​​ព្រោះ​គាត់​បាន​ស្តាប់​ពី​បញ្ហា​របស់​បុគ្គលិក​ឬ​ចំណុច​ផ្សេងៗ​ដែល​បុគ្គលិក​ទាមទារ​ពី​ក្រុមហ៊ុន​។ នៅពេល​ដែល​ជួបផ្ទាល់​បែបនេះ អ្នកដឹកនាំ​មាន​ឱកាស​​ស្តាប់​ច្រើន​ពី​​បុគ្គលិក​ជាជាង​ការ​និយាយ​ទៅកាន់​ពួកគេ​តែ​ម្យ៉ាង​។ មួយវិញទៀត ប្រសិនបើបុគ្គលិក​ស្តាប់​ដោយ​យកចិត្ត​​ទុកដាក់​​ពី​សម្តី​ឬពាក្យ​ណែនាំ​របស់​យើង​ដូចគ្នា​នោះ​យើង​អាច​វាយ​តម្លៃ​បានច្បាស់​ពី​អត្តចរិក​របស់​ពួកគេ។ កាលៈទេសៈ​នៃ​ការ​ជួប​ផ្ទាល់​ជា​ពេល​វេលាអាច​ឲ្យ​ម្នាក់ៗ​អាច​បង្ហាញ​ពី​ទឹកចិត្ត​រៀង​ៗខ្លួន​ចំពោះ​ស្ថាប័ន​និង​ការ​បំពេញ​ការងារ​កន្លងមក។

ទី៣ អ្នកដឹកនាំគួរតែ​ប្រើប្រាស់​ភាពស្ងៀមស្ងាត់

ពេល​ដែល​អ្នក​សួរ​សំណួរ​ទៅកាន់​បុគ្គលិក​ហើយ​ពួកគាត់​ឆ្លើយ​មិនបាន​​អ្នក​គួរ​ប្រើភាព​ស្ងប់ស្ងាត់​មួយ​សន្ទុះ​សិនដើម្បី​​ទុកពេល​ឲ្យ​ពួកគាត់​បាន​​​គិតមុន​នឹង​ឆ្លើយជាជាង​សួរសំណួរ​បន្តទៅ​ទៀត​​ឬ​ក៏យើង​អាច​និយាយ​​ថា “មិនអីទេ អ្នក​អាច​គិត​តាម​សម្រួល​បាន​”។ ទង្វើ​ដូចនេះ​​យើង​កំពុងតែ​បង្ហាញ​ពី​យកចិត្ត​ទុកដាក់​និង​ឲ្យ​តម្លៃ​ចំពោះ​ការគិត អារម្មណ៍ និង​គំនិត​របស់គាត់​។ ការទុក​ពេល​​សម្រាប់​បុគ្គលិ​ក​​ឲ្យ​គាត់​គិត​ពិចារណា​ដូច​ជា​ការ​ផ្តល់​​ពេលវេលា​ឲ្យ​​​គាត់​ក្នុង​ការ​រៀន​ស្វែងយល់​ពី​ខ្លួនឯង​។

ទី៤ ការ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​ប្រៀប​ដូចការ​ហ្វឹកហាត់​ដើម្បី​ភាព​រីក​ចម្រើន

ឧទាហរណ៍​​ដូចជា​អ្នក​រត់​កីឡា ​បើសិនជា​គាត់​ចង់ឲ្យ​សមត្ថភាព​របស់​គាត់​កាន់តែ​រឹងមាំ គាត់​ត្រូវ​ហ្វឹកហាត់​ឲ្យ​កាន់តែ​ប្រសើរ​។ បើ​ធៀប​នឹង​អ្នកដឹកនាំ​វិញ​​​ គាត់ក៏​ត្រូវ​ប្តេជ្ញា​​ធ្វើ​យ៉ាងណា​​ឲ្យ​ការ​ជួបដោយ​ផ្ទាល់​​ជាមួយ​បុគ្គលិក​​កាន់តែច្រើន​គឺមាន​គោល​បំណង​ធ្វើ​ឲ្យ​ការបំពេញ​ការងារ​របស់​បុគ្គលិក​កាន់តែ​​ប្រសើរ​​ឡើង​ដូចគ្នា​​​។ ការប្តេជ្ញា​ចិត្ត​ត្រូវ​មាន​៣​ដំណាក់កាល​៖ ទី១ អ្នក​ដឹកនាំ​ត្រូវ​ត្រៀម​សំណួរ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​សួរ​ទៅកាន់​បុគ្គលិក​ធ្វើយ៉ាង​ណា​ឲ្យ​ចាក់ចំ​ចំណុច​ខ្វះ​ខាត​នៃ​លទ្ធផល​ការងារ​ឬបញ្ហា​ដែល​ពាក់ព័ន្ធ​។ ទី២​ គាត់ត្រូវ​​ត្រិះរិះ​ពី​វិធី​សន្ទនា​​​។ ទី៣ គាត់​ត្រូវ​រក​មធ្យោបាយ​ផ្សេងៗ​ដែលនាំ​​​ឲ្យ​ការ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​កាន់តែ​ផ្តល់​ផលប្រយោជន៍​ច្រើន។

ទី៥ អ្នកដឹកនាំ​ត្រូវ​ពង្រឹង​អាកប្បកិរិយា​ល្អ​​ជាង​អាក្រក់

ក្នុងនាម​ជា​អ្នកដឹកនាំ​ល្អ​អ្នក​ត្រូវតែ​មាន​អាកប្បកិរិយា​ល្អ​​​វិជ្ជមាន​ដូចជា​លើកទឹកចិត្ត​បុគ្គលិក​​ រិះគន់​ដើម្បី​ស្ថាបនា​ការ​បំពេញការងារ​របស់​បុគ្គលិក វាយ​តម្លៃ​ដោយ​យោង​តាម​ទិដ្ឋភាព​ជាក់ស្ដែង និងផ្តល់​ដំបូន្មាន​ល្អៗ​ទៅកាន់​ពួកគេ​ជាដើម។ ក្នុង​ពេល​​ដែល​បុគ្គលិក​ជួប​ទល់មុខ​គ្នា​ជាមួយ​អ្នក​គ្រប់គ្រង​របស់​ខ្លួន​គឺងាយ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់ ហេតុនេះ​អ្នក​ដឹកនាំគួរតែ​​ចៀសវាង​ការ​បញ្ចេញ​ឥរិយាបថ​មិនល្អ​ដូចជា​ស្តីបន្ទោស ខឹងសម្បារ មិនពេញចិត្ត​ មាន​ទឹកមុខ​មិនល្អ ជេរប្រទេចផ្តាសា ឬ​ប្រើប្រាស់​អំពើហិង្សា​​តាម​រូបភាព​ផ្សេងៗ។ ផ្ទុយមក​វិញ​ អ្នក​ដឹកនាំ​គួរ​បង្កើតវប្បធម៌នៃ​​សិទ្ធិ​បញ្ចេញ​មតិ​ស្មើៗគ្នា​និង​បើក​ទូលាយ​ចំពោះ​ការ​​រិះ​គន់​គ្រប់បែបយ៉ាង។ ជាពិសេស​អ្នក​ដឹកនាំ​គួរ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្និទ្ធស្នាល​និងមិន​ខ្លាច​រអារ​ដូចជា​ការ​ជជែកលេង​មុនពេល​ប្រជុំ​ជាដើម។

bunneath Heng
bunneath Heng
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ