spot_img
spot_img
Homeធុរកិច្ចតើទិញ​ Franchise ហាង​កាហ្វេងាយ​ស្រួល​កើបលុយ​ដែរឬទេ?

តើទិញ​ Franchise ហាង​កាហ្វេងាយ​ស្រួល​កើបលុយ​ដែរឬទេ?

-

[bws_promobar]

អាជីវកម្ម​លក្ខណៈ Franchise មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សជា​ពិសេស​គឺ​ក្នុង​វិស័យ​អាហារ និងភេសជ្ជៈ។ យើង​ឃើញ​មាន​ហាង​កាហ្វេ​ជាច្រើន​បាន​បើក​ព្រោងព្រាត​នៅតាម​វិថី​នានា ហើយ​ម៉ាកសញ្ញា​ហាង​កាហ្វេ​ខ្លះ គឺរំលង​ពីគ្នា​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ក៏មាន។ តើ​ការទិញ​Franchise បើក​ភ្លោកទឹក​ភ្លោកដីគឺជា​មុខរបរ​ដែលងាយ​ស្រួល​ចំណេញ​ និង​កើប​លុយ​មែនដែរឬទេ?

សំណួរ​ខាងលើ​គឺមិន​អាច​មាន​ចម្លើយ​តែមួយ​បាន​ឡើយ។ យើង​មិន​អាច​និយាយ​ថា​ រាល់ការទិញ​Franchise ទាំងអស់គឺសុទ្ធ​តែ​ងាយ​ស្រួល​កើបលុយ ឬ​ក៏ជា​ការវិនិយោគ​ដែលមាន​ហានិភ័យខ្ពស់(មិនចំណេញ)។​ សម្រាប់ក្នុង​អត្ថបទ​មួយនេះ ខ្ញុំ​គ្រាន់តែចង់​ចែករំលែក ការយល់ឃើញដោយ​យោងតាម​ព័ត៌មាន​ដែលខ្ញុំមាន ការសង្កេត និង​ការវិភាគខ្លះ​ៗ​តែប៉ុណ្ណោះ ដើម្បីទុកជូន​បង​ប្អូន​ដែលជា​សហគ្រិន ឬអ្នក​ចង់​បើក​អាជីវកម្ម​ដោយ​ការទិញ Franchise របស់ម៉ាកសញ្ញា​ណាមួយរបស់ហាងកាហ្វេ។

សម្រាប់ខ្ញុំ អ្នកដែលបាន​ទិញ​ Franchise អាជីវកម្ម​បាន​មុន​ដំបូង​គេ គឺជាអ្នកដែល​មាន​ឱកាស​ខ្ពស់ក្នុង​ការ​ប្រមូល​ទុនមកវិញ​បាន​លឿន និង​មាន​ឱកាស​បានចំណេញ​ច្រើន។ ប៉ុន្តែ​សម្រាប់អ្នកដែល​ចូលតាមក្រោយបន្ទាប់​ពីមាន​ភាព​ពុះកញ្ច្រោលខ្លាំង​ គឺជាអ្នកដែលមាន​ហានិភ័យ​ក្នុង​ការវិនិយោគ។ ហេតុអ្វី? ព្រោះថា វា​អាស្រ័យ​ខ្លាំង​ទៅលើ​តម្រូវការ ការ​ផ្គត់ផ្គង់ និង​ការទីតាំង​អាជីវកម្ម។

ខ្ញុំ​ចាំបាន​ថា មាន​ម៉ាក​សញ្ញា​កាហ្វេ​ដ៏ល្បីមួយ​ នៅពេលដែល​ទើប​តែ​បើក​បាន​២ ឬ៣​សាខា ចំនួនអតិថិជន​គឺ​មាន​ច្រើនមែនទែន ដែលតម្រូវ​ឱ្យ​ពួកគាត់​ត្រូវរង់ចាំរហូត​ដល់១ម៉ោង​ដើម្បី​ទទួលបាន​កាហ្វា​មួយកែវ។ ប្រាដក​ណាស់​ហាងទាំងនោះ​ប្រាកដជា​បាន​កើប​លុយ​មិនស្ទើរ​ឡើយ​ពី​អាជីវកម្ម​ Franchise​ កាហ្វេ​នេះ ដោយសារ​តែ​តម្រូវការខ្ពស់ ហើយ​ការផ្តត់ផ្គត់​មាន​តិច ដែលហាង​ខ្លះ​អាច​លក់បាន​ពី១,០០០ ទៅ​២,០០០ពាន់កែវក្នុង១ថ្ងៃ បើគិតជា​អត្រាចំណេញ​វិញ គឺ​មិន​តិចជាង១,០០០ ទៅ​ ២,០០០ដុល្លា​ឡើង​ក្នុង​ថ្ងៃនីមួយៗ។ ប៉ុន្តែ​បន្ទាប់​ពីមាន​ការីកចេញជា​សាខា​ជាច្រើន យើងសង្កេត​ឃើញ​ថា លំហូរ​នៃ​អតិថិជននៃ​ហាង​នីមួយ​មាន​ការថមថយយ៉ាងខ្លាំង​ ដោយសារ​តែ​ការផ្គត់ផ្គង់មានច្រើន និង​តម្រូវ​មិន​រីកមាឌ​ធំ​ឱ្យ​ដូច​ការផ្គត់ផ្គង់។ ទីតាំងខ្លះ​នៅមាន​អតិថិជន​ច្រើននៅឡើយ ឯទីតាំងខ្លះទៀត គឺមាន​សភាពស្ងាត់ ដែលជា​សញ្ញាមួយ​មិនសូវជា​វិជ្ជមានប៉ុន្មានឡើយ​សម្រាប់អ្នកទិញ​ម៉ាកសញ្ញា​ដើម្បី​បើ​កអាជីវកម្មនោះ។

[ad id=”5037″]

តើធ្វើយ៉ាង​ណា​ដើម្បី​អាច​ដឹង​ថា​យើងគួរទិញFranchise ដើម្បីបើក​ហាង​កាហ្វេដើម្បី​ឱ្យប្រាកដ​ថា​អាចចំណេញ?

បើនិយាយ​ទៅ នៅក្នុងពិភព​អាជីវកម្មគឺគ្មាន​ពាក្យ​ថា​ប្រាកដជា​នោះទេ។ អ្នកខ្លះ​រកស៊ី​មុខរបរ​មួយ​ជោគជ័យ ហើយ​អាច​នឹង​បោសគូថ នៅពេលដែលរកស៊ី​អាជីវកម្ម​មួយ​ទៀត​ដែលខ្លួន​មិន​មាន​ចំណង់ចំណូលចិត្ត ឬបទពិសោធន៍។ ប៉ុន្តែ សម្រាប់សហគ្រិន​វ័យឆ្លាត គាត់​អាច​កាត់បន្ថយ​ភាគរយ​នៃ​ការ​បរាជ័យ​បានឱ្យ​មាន​កម្រិត​ទាប​ ដោយ​ផ្អែកលើ​កត្តា​ និង​ព័ត៌មាន​មួយ​ចំនួន។

បើ​និយាយ​ពី​ហាង​កាហ្វេម៉ាក​វិញ សម្រាប់ទីតាំង​ធំល្មម​ គឺ​ត្រូវ​ចំណាយ​មិនតិចជាង១០ម៉ឺន ទៅ​១៥​ម៉ឺន​ដុល្លារ​នោះទេ ហើយ​ហាងខ្លះអាច​មាន​ការវិនិយោគរហូត​ដល់​៣០-៤០ម៉ឺន​ក៏មាន។ ការទិញ​ម៉ាក​សញ្ញា​ជា​លក្ខណៈFranchise គឺ​មាន​រយៈពេលកំណត់មួយ​ដោយ​តម្រូវ​ឱ្យអ្នកទិញ​បើក​អាជីវកម្ម​ធ្វើការចចារ​បើក​បន្ត​ក្នុងអំឡុងពេល៥-១០ឆ្នាំ​ម្តង។ សម្រាប់ការជួល​ទីតាំងទៀតសោត ក៏មាន​រយៈពេលកំណត់មួយ​ដែរ ដោយ​បច្ចុប្បន្ន​យ៉ាងយូរ​បំផុត​បាន​១០ឆ្នាំ​ហើយភាគច្រើនគឺ​ធ្វើកិច្ច​សន្យា​ជួល​បាន​ត្រឹម៥ឆ្នាំប៉ុណ្ណោះ។

ឧទាហរណ៍​ថា​យើង​ទិញ​អាជីវកម្ម​Franchise មួយ​​មាន​តម្លៃ​ ១.៥ ម៉ឺនដុល្លា​រ ហើយ​អាច​ធ្វើ​អាជីវកម្ម​បាន​៥ឆ្នាំ ព្រមទាំងជួលទីតាំងអាជីវកម្មមួយ​មាន​តម្លៃ​៤,០០០ ដុល្លារ​/ខែ និង​ធ្វើការ​ជួសជុល​កែលម្អរ​ទីតាំងអស់​១០ម៉ឺនដុល្លារ។ មិនទាន់​បើកដំណើរ​ការ​អាជីវកម្ម​ផង យើង​ត្រូវ​ចំណាយ​ទុន​អស់ ១.៥​ ម៉ឺន (ថ្លៃ Franchise) + 10ម៉ឺន (ថ្លៃ​កែលម្អរ + សម្ភារៈ) + ២ម៉ឺន (ថ្លៃកក់​លើឈ្នួលទីតាំង) ដែលសរុប​ប្រហែលជិត​១៥ម៉ឺនទៅហើយ ដោយក្នុងនោះ​ថ្លៃ​ Franchise  គឺជាការចំណាយ​មិនអាច​យក​ត្រឡប់មកវិញ ហើយ​ការចាយ​ទៅលើ​សម្ភារៈ និងកែលម្អរគឺជាការចំណាយ​អាចយកត្រឡប់​មកវិញ​បានតិចតួច​បន្ទាប់ពី៥ឆ្នាំ។ សម្រាប់​ការ​ប្រតិបត្តិ​ប្រចាំខែ​សម្រាប់ហាងកាហ្វេ​មួយ​ខាងលើ​គឺមិនក្រោម៧,០០០-១០,០០០ដុល្លារ ឡើយ (ឈ្នួលទីតាំង+បុគ្គលិក+ទឹកភ្លើង+ចំណាយ​ផ្សេងៗ) និង​រួមបញ្ចូល​លើ​ចំណាយ​ Franchise ប្រចាំខែ​ផងដែរ។ បើ​យើង​ចាត់​ទុកថា ការចំណាយ​១១.៥ ម៉ឺន​ខាង​លើ​ជាការចំណាយលើការវិនិយោគ​មិនអាច​យក​វិញបានក្នុង​រយៈពេល៥ឆ្នាំ យើង​អាចធ្វើការ​រំលស់ថេរ ហើយ​ដាក់ចូលជាចំណាយប្រចាំខែ ដែល​ប្រហែលនឹង២,០០០ ដុល្លារ​បន្ថែម​ទៀតក្នុង​១ខែ ឬ​ការចំណាយ​សរុបប្រចាំ​ប្រហែល ១០,០០០ ដុល្លារ/ខែ។

ជាទូទៅ​កាហ្វេ​១កែវ អាចចំណេញ​បាន​១ដុល្លារ ដូចនេះ​ យើង​ត្រូវ​ការ​លក់​កាហ្វេ​ឱ្យបានយ៉ាងតិច​១០,០០០​ម៉ឺន​កែវ​ដើម្បី​អាច​រួចខ្លួន ឬស្មើរ​នឹង ៣៣០កែវ/១ថ្ងៃ។ ទាំង​នេះ​គ្រាន់តែជា​តួរលេខ​ត្រួសៗ​ដើម្បី​ឱ្យ​សហគ្រិន​ ឬម្ចាស់អាជីវកម្ម​អាច​មាន​គំនិត​ខ្លះ​ៗ​ទៅ​លើ​អាជីវកម្ម​ Franchise កាហ្វេ​ប៉ុណ្ណោះ។

ដូចនេះ​ មុន​នឹង​សម្រេច​ចិត្ត​​បើកហាងកាហ្វេជាលក្ខណៈ Franchise នៅទីតាំងណាមួយ យើង​ត្រូវ​យ៉ាង​ហោច​ណាស់​ធ្វើការ​សិក្សា​ពីទីតាំងនោះ ឬទីតាំង​ជិតៗ​នោះ ថាតើគេអាចលក់​កាហ្វេ​បាន​ចំនួន​ប្រហាក់ប្រហែល​ខាងលើ​ដែរ​ឬទេ​ក្នុង​១ថ្ងៃ? ពេលខ្លះ​យើង​ជិះ​កាត់ឃើញមាន​មនុស្ស​ច្រើន​នៅក្នុង​ហាង តែវាអាចជាតួរលេខ​ដែលមិនអាច​ទុកចិត្ត​បានដោយសារ​តែ​អ្នក​ចូលនៅក្នុងហាង​គឺជាអ្នកដែល​ទិញ និង​អង្គុយ​ញ៉ាំ​យូរ​ៗ​ ទាមទារឱ្យ​យើង​ចំណាយ​ពេលខ្លះ​អង្គុយ​សង្កេត។ ដូចខ្ញុំធ្លាប់មាន​បទពិសោធចូល​ហាង​កាហ្វេ​មួយដែលមាន​មនុស្ស​អង្គុយច្រើន ហើយ​ពេលដែលខ្ញុំ​ចូល​ទៅ​អង្គុយ​ប្រហែល១ម៉ោង ខ្ញុំ​ឃើញ​មាន​លំហូរ​អតិថិជន​ប្រហែល៤-៥នាក់ប៉ុណ្ណោះ ដែល​សរុបជា​ចំនួន​កែវកាហ្វេ​មិនដល់​១០កែវ/ម៉ោង។ ប្រសិន​បើ​ហាង​កាហ្វេទំហំមធ្យម​មួយ​បើក​នៅទីតាំង​ដែលមាន​តម្លៃ​ជួល​ដូចដែលបាន​លើកឡើង​ខាងលើមិនអាច​លក់​បានជាមធ្យម​ច្រើនជាង​៣៥០កែវ/ថ្ងៃ អាជីវកម្ម​នោះ​គឺប្រឈម​មុខ​នឹងការ​ខាត ឬមិន​ចំណេញ។ តួរលេខខាងលើ​គឺមិនទាន់ធ្វើការ​គិត​ទៅលើ​អត្រា​ការប្រាក់​ដែលខ្ចីគេ (ប្រសិន​បើមិនមានទុនខ្លួនឯង) ឬប្រៀបធៀប​នឹងការ​ដាក់​លុយ​ផ្ញើរ​នៅក្នុង​ធនាគារ (ប្រសិនបើមាន​ដើមទុនក្នុងដៃខ្លួនឯង)ផង។

តែ​ទោះជាយ៉ាង ទីតាំងខ្លះ​នៅតែអាច​ទទួលបាន​ផលច្រើនពីអាជីវកម្ម​ដោយសារកត្តា​ទីតាំង និងតម្រូវការខ្ពស់នៅតំបន់នោះ។ ដូចនេះ​ មុននឹង​សម្រេចចិត្ត​ទិញ​Franchise បើកអាជីវកម្ម អ្នកគួរតែ​ធ្វើការ​គិត និង​វិភាគជាមុន​សិន​ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ការខាតបង់ ព្រោះថា អាជីវកម្ម​មួយ​ចំនួន​មើលពីខាងក្រៅគឺ​សម្បើម ចំណេញច្រើន តែធាតុពិត​គឺមិនដូចការគិត​របស់យើងនោះទេ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ